កាំង ហ្គេចអ៊ាវ ហៅ ឌុច នៅក្នុងសវនាការតុលាការខ្មែរក្រហមកាល
ពីថ្ងៃច័ន្ទទី១៩ខែមីនាឆ្នាំ២០១២នេះ
អតីតប្រធានគុកទួលស្លែងកាំង
ហ្កេកអ៊ាវ ហៅឌុច
ត្រូវបញ្ជូនចេញពីពន្ធគាររបស់សាលាក្តីខ្មែរក្រហមទៅកាន់គុកខេត្តកណ្តាលហើយនៅថ្ងៃព្រហស្បតិ៍នេះ
ស្របពេលដែលសហមេធាវីរបស់ជនជាប់សង្ស័យក្នុងសំណុំរឿង០០៤ទាមទារសិទ្ធិពិនិត្យឯកសារកូនក្តីរបស់ខ្លួន។
លោកនេត្រ ភក្ត្រា
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងថាឌុច
ត្រូវបានដឹកចេញពីពន្ធនាគារក្នុងសាលាក្តីខ្មែរក្រហមចាប់តាំងពីព្រឹកម៉ិញម្ល៉េះ។
លោកនិយាយថា៖ «វេលាម៉ោង៧និង៥នាទី កាំង
ហ្កេកអ៊ាវ ហៅឌុច ដែលជាទណ្ឌិតនៅក្នុងសំណុំរឿង០០១
ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាលដើម្បីអនុវត្តទោសដែលនៅសេសសល់របស់គាត់ចាប់ពីថ្ងៃនេះ»។
ឌុច
បានឡើងធ្វើជាប្រធានគុកទួលស្លែង ឬមន្ទីរស ២១ នៅឆ្នាំ១៩៧៦។
គាត់ត្រូវផ្តន្ទាទោសដោយអង្គជំនុំជម្រះតុលាការកំពូលឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែកុម្ភៈ
ឆ្នាំ២០១២ក្រោមការចោទអំពីឧក្រិដ្ឋកម្មសង្គ្រាម
ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មនៃការធ្វើទារុណកម្ម
និងឧក្រិដ្ឋកម្មនៃការធ្វើមនុស្សឃាត។
មានអ្នកទោសយ៉ាងតិច១២.៣៨០
ត្រូវបានសម្លាប់នៅក្នុងគុកទួលស្លែងបន្ទាប់ពីត្រូវបានធ្វើទារុណកម្មជំរិតសួរចម្លើយយ៉ាងធ្ងន់ធ្ងរ។
ឌុចត្រូវចាប់ខ្លួនដោយរដ្ឋាភិបាលនៅឆ្នាំ១៩៩៩បន្ទាប់មកត្រូវបញ្ជូនឲ្យស្ថិតក្រោមការឃុំឃាំងក្រោមអំណាចរបស់សាលាក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៧មក
ពោលគឺអស់រយៈពេលប្រាំមួយឆ្នាំហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យសហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមការផ្ទេរការឃុំឃាំងឌុច
ទៅកាន់គុកខេត្តកណ្តាលបន្ទាប់ពីមានការពិនិត្យលើស្តង់ដារពន្ធនាគាររួចរាល់។
លោកនេត្រ
ភក្ត្រាបញ្ជាក់ថាឌុច នឹងត្រូវទទួលរបបអាហារនិងការប្រព្រឹត្តិទៅលើគាត់ដូចអ្នកទោសដទៃទៀតដែរ។
ប៉ុន្តែឌុច នឹងត្រូវដាក់ឲ្យស្ថិតក្នុងបន្ទប់មួយដាច់ដោយឡែក។ លោកថ្លែងថា៖
«លោកកាំង ហ្កេកអ៊ាវ
ហៅឌុច អាចនឹងត្រូវគេកោះហៅមកកាន់សាលាក្តីខ្មែរក្រហមដើម្បីផ្តល់សក្ខីកម្មចំពោះការជំនុំជម្រះក្តីលើអង្គហេតុផ្សេងទៀត
បើសិនបើមានការសម្រេចពីចៅក្រមនៃអង្គជំនុំជម្រះ»។
លោកឡុង បញ្ញាវុធ
មន្ត្រីគម្រោងនៃអង្គការគម្រោងយុត្តិធម៌សង្គមសេរីនៅកម្ពុជាដែលជាអង្គការមួយរបស់អង្គការ
OSJI អាមេរិក
យល់ស្របចំពោះការផ្ទេរការឃុំឃាំងឌុចនេះ។
លោកនិយាយថា៖ «ខ្ញុំគិតថាពន្ធនាគារខេត្តកណ្តាលក៏ជាពន្ធនាគារដែលមានស្តង់ដារមួយដែរ
ដូច្នេះជាការសមស្របហើយដែលឌុច
ត្រូវបានផ្ទេរពីការឃុំខ្លួននៅសាលាក្តីខ្មែរក្រហមទៅពន្ធនាគារខេត្តកណ្តាល»។
នៅថ្ងៃដំណាលគ្នានៃការផ្ទេរការឃុំឃាំងឌុច
នេះ សហមេធាវីរបស់ជនជាប់សង្ស័យក្នុងសំណុំរឿងបន្ថែម០០៤ លោកមុំ លុជ្ស
លោក Richard Rogers និងGöran
Sluiter បានទទូចឲ្យសហចៅក្រមស៊ើបអង្កេតចាត់វិធានការជាបន្ទាន់ដើម្បីឲ្យពួកខ្លួនមានលទ្ធភាពពិនិត្យនូវឯកសារកូនក្តីរបស់ផងខ្លួន។
ជនសង្ស័យក្នុងសំណុំរឿងទី៤នេះត្រូវគេដឹងក្រៅផ្លូវការថាមានអ្នកស្រី
អ៊ឹម ចែម លោក យឹម ទិត ហៅតាទិតនិងលោក អោម អាន ហៅ តា អាន។
សហមេធាវីទាំងបីរូបលើកឡើងថារយៈពេលមួយឆ្នាំហើយដែលសហមេធាវីត្រូវតែងតាំងឲ្យការពារជនសង្ស័យ
ក៏ប៉ុន្តែពួកខ្លួនមិនមានសិទ្ធិមើលឯកសារសំណុំរឿងប្រឆាំងកូនក្តីរបស់ពួកខ្លួននោះទេ៕
No comments:
Post a Comment
yes