វេទិកាស្ដីពីទស្សនៈគណបក្សនយោបាយ ដោយមានកិច្ចពិភាក្សាទៅលើបញ្ហាសំខាន់ៗ
មួយចំនួននៅកម្ពុជា ដូចជា ដីធ្លី សេដ្ឋកិច្ច បរិស្ថាន ការអភិវឌ្ឍសង្គម និងសិទ្ធិ
ទទួលបានព័ត៌មាននីតិរដ្ឋ ព្រមទាំងអភិបាលកិច្ចល្អជាដើម នាសណ្ឋាគារអ៊ីមភើរៀល
(Imperial) រាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣
អង្គការមិនមែនរដ្ឋាភិបាលចំនួន១៤ នៅកម្ពុជា បានរៀបចំវេទិកាស្ដីពីទស្សនៈនៃគណបក្សនយោបាយ ដោយមានកិច្ចពិភាក្សាទៅលើបញ្ហាសំខាន់ៗមួយចំនួននៅកម្ពុជា ដូចជា ដីធ្លី សេដ្ឋកិច្ច បរិស្ថាន ការអភិវឌ្ឍសង្គម និងសិទ្ធិទទួលបានព័ត៌មាននីតិរដ្ឋ ព្រមទាំងអភិបាលកិច្ចល្អជាដើម ដើម្បីឲ្យអ្នកបោះឆ្នោតចោទសួរទៅអ្នកតំណាងរាស្ត្រដែលមានអាសនៈក្នុងសភា។
តំណាងរាស្ត្រមកពីគណបក្សនយោបាយចំនួន២ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងទៅកាន់ម្ចាស់ឆ្នោតប្រមាណ ៣៥០នាក់ មកពីខេត្តក្រុងនានា ថានឹងជំរុញឲ្យមានច្បាប់គ្រប់គ្រងចៅក្រម ដើម្បីឲ្យពលរដ្ឋនៅប្រទេសកម្ពុជា អាចទទួលស្គាល់ថា មានយុត្តិធម៌ក្នុងជម្លោះដីធ្លី និងការអភិវឌ្ឍផ្សេងៗ។
អ្នកចូលរួមបានចោទសួរពីការអនុវត្តច្បាប់ទៅលើការកាប់បំផ្លាញព្រៃឈើ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយតុលាការមិនបានកាត់ក្តីត្រឹមត្រូវ ដោយអ្នកគ្មានលុយ និងជនក្រីក្រតែងតែចាញ់ក្តីអ្នកមានលុយមានអំណាចជាដើម៖ «ស្រី៖ ជាក់ស្តែងដូចករណីពួកខ្ញុំដែលជាស្ត្រី នៅតំបន់បឹងកក់ ដែលមានបញ្ហាជាមួយក្រុមហ៊ុនស៊ូកាគូអីន ហើយ និងមានបញ្ហាជាមួយនឹងមន្ត្រីក្នុងជួររាជរដ្ឋាភិបាលរាល់ថ្ងៃ គឺត្រូវរងគ្រោះដោយសារពួកគាត់ប្រើប្រាស់ប្រព័ន្ធតុលាការមកគាបសង្កត់សិទ្ធិសេរីភាពរបស់ពួកខ្ញុំ។ ប្រុស៖ បើសិនខាងគណបក្សទាំង២ គាត់ជាប់ឆ្នោត គាត់កែទម្រង់ប្រព័ន្ធតុលាការបាន មានយុត្តិធម៌នោះ វាជាការល្អប្រសើរណាស់សម្រាប់ប្រជាពលរដ្ឋ ព្រោះសព្វថ្ងៃ ប្រព័ន្ធតុលាការគ្មានយុត្តិធម៌។ គាត់ដូចជាមើលមុខមនុស្ស ដើម្បីកាត់ដាក់ទោស»។
ឆ្លើយតបទៅអ្នកចោទសួរ តំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិច លោក ទេព នន្នរី ថ្លែងថា នៅកម្ពុជា អំពើពុករលួយកើតឡើងជាប្រព័ន្ធ ដោយសារតុលាការមិនឯករាជ្យ ហើយគ្មានច្បាប់ដាក់ទោសដល់ចៅក្រម។ លោកថា ពលរដ្ឋមួយចំនួនតវ៉ាដីធ្លី ត្រូវបានចៅក្រមចោទដាក់ទោស៖«សព្វថ្ងៃនេះ គឺថា ទន្សោង គោព្រៃ តូចស៊ីដោយតូច ធំស៊ីដោយធំ។ ដូច្នេះហើយថា គណបក្សហ៊្វុនស៊ិនប៉ិច រៀបចំការអនុវត្តច្បាប់នេះ លុះត្រាតែថ្នាក់លើជាគំរូឲ្យថ្នាក់ក្រោមមើល»។
គាំទ្រនឹងការលើកឡើងនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា ថ្លែងថា ច្បាប់គ្រប់គ្រងតុលាការនឹងបង្កើតនៅពេលដែលគណបក្សសង្គ្រោះជាតិ ជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល។ លោកថា ដើម្បីឲ្យមន្ត្រីរាជការទទួលប្រាក់ខែចាយគ្រាន់ទៅលើទំនិញទីផ្សារ ហើយមនុស្សចាស់ទទួលបានប្រាក់សង្គមកិច្ច ហើយពលរដ្ឋទូទៅទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ គណបក្សជាប់ឆ្នោតត្រូវបង្កើតច្បាប់គ្រប់គ្រងតុលាការផង និងបង្កើតច្បាប់សិទ្ធិទទួលបានព័ត៌មានផង៖ «កុំឲ្យច្បាប់ស្រុកខ្មែរយើងទៅជាច្បាប់មួយដែលមានតែនិទ្ទណ្ឌភាព ហើយកាត់ទោសសម្រាប់តែប្រជាកសិករតូចតាច»។
នៅក្នុងវេទិកាទស្សនៈគណបក្សនយោបាយលើកំណែទម្រង់សេដ្ឋកិច្ច និងដីធ្លី បរិស្ថាន ការអភិវឌ្ឍសង្គម និងធនធានមនុស្ស សិទ្ធិទទួលបានព័ត៌មាន នីតិរដ្ឋ និងអភិបាលកិច្ចល្អ មិនមានវត្តមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ចូលរួមទេ។
ប្រធានគណៈកម្មាធិការគ្រប់គ្រងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ងិន សៅរ័ត្ន ថ្លែងថា សេដ្ឋកិច្ច កំណែទម្រង់ដីធ្លី បរិស្ថាន ព្រៃឈើ បម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍសង្គម និងមនុស្ស វិធាននៃច្បាប់អភិបាលកិច្ចល្អ និងការទទួលបានព័ត៌មាន ជាបញ្ហាធំៗដែលកំពុងតែកើតឡើងបច្ចុប្បន្ន។ ហេតុនេះ អង្គការក្រៅរដ្ឋាភិបាលចំនួន១៤ បានរៀបចំវេទិកាស្ដីពីទស្សនៈនៃគណបក្សនយោបាយ លើបញ្ហាសំខាន់ៗនៅកម្ពុជា នេះ ធ្វើឡើងដើម្បីឲ្យតំណាងរាស្ត្របំភ្លឺ និងដោះស្រាយបញ្ហាមុនការបោះឆ្នោត។
ទាក់ទងនឹងបញ្ហាអភិបាលកិច្ចល្អ ត្រូវបាននាយកប្រតិបត្តិអង្គការខុមហ្រ្វែល (Comfrel) លោក គល់ បញ្ញា ថ្លែងថា តំបន់ដែលមានគណបក្សច្រើនធ្វើការរួមគ្នា មានការរីកចម្រើនខ្លាំងជាងតំបន់ដែលមានតែគណបក្សមួយធ្វើការ។
ចំពោះការយកពន្ធប្រាក់ខែលើសពី ១លានរៀល ពីបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល និងបុគ្គលិកឯកជន ដែលរដ្ឋាភិបាលបានយកពន្ធ តែគ្មានច្បាប់សងវិញ ឬធានាចិញ្ចឹមប្រាក់សង្គមកិច្ចវិញនោះ ត្រូវតំណាងរាស្ត្រគណបក្សទាំងពីរ ដែលមានវត្តមានចំពោះមុខមហាជន បានបំភ្លឺថា នឹងជំរុញឲ្យមានការសងវិញជាប្រាក់ចូលនិវត្តន៍ប្រចាំខែ។
នៅក្នុងវេទិកានោះ អ្នកចោទសួរលើកឡើងនូវបញ្ហាសង្គមច្រើន និងរិះគន់ពីការអភិវឌ្ឍដោយការបណ្ដេញចេញពីលំនៅគ្មានសំណង ឬសំណងមិនសមរម្យ និងគ្មានពិភាក្សាលើផលប៉ះពាល់ ឬពីផលប្រយោជន៍ពាក់ព័ន្ធអ្នករស់នៅអចិន្ត្រៃយ៍ឡើយ។ មានការលើកឡើងពីការរើសអើង ឬលាបពណ៌ប្រជាពលរដ្ឋ ថាប្រកាន់គណបក្សនេះ គណបក្សនោះ ដែលនាំឲ្យមានអំពើហិង្សានៅក្នុងពេលរៀបចំការបោះឆ្នោតម្តងៗជាដើម។
វេទិកាអ្នកតំណាងរាស្ត្រជួបជាមួយម្ចាស់ឆ្នោតនេះ បានធ្វើឡើងបន្ទាប់ពីមានការពិភាក្សានៅខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុន ដើម្បីឲ្យគណបក្សនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភា បង្ហាញទស្សនៈគួរឲ្យចាប់អារម្មណ៍សំខាន់ៗលើបញ្ហាកំពុងកើតឡើងនៅកម្ពុជា ដើម្បីកែលំអក្រោយជាប់ឆ្នោត៕
No comments:
Post a Comment
yes