សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

លោកកឹមសុខា​៖ច្បាប់​អន្តោប្រវេសន៍​កម្ពុជាមិន​គ្រប់គ្រង​លើ​ជនជាតិ​វៀតណាម​ឡើយ​

kim-sokha-ratanak
លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្សសង្គ្រោះជាតិ
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ពុធ​នេះ អះ​អាង​ថា ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា បច្ចុប្បន្ន​មិន​​បាន​រឹត​បណ្តឹង និង​​អនុវត្ត​​​​ទៅ​លើ​​ជន​អន្តោ​ប្រវេសន៍​ ដែល​ជា​ជនជាតិ​វៀតណាម​ឡើយ​។​
ការអះអាង​នេះ ធ្វើឡើង​​នៅ​ព្រឹក​​ថ្ងៃ​​ពុធ​​នេះ ក្នុង​កិច្ចពិភាក្សា​បេក្ខជន​​តំណាង​រាស្ត្រ ឆ្នាំ​២០១៣ ក្រោម​ការរៀបចំ​របស់​​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​សម្រាប់​កិច្ចការ​អន្តរជាតិ(NDI) ដោយ​មាន​ការចូលរួម​​ពី​គណបក្ស​នយោបាយ​ចំនួន​បី គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​​ជាតិ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​
​លោក កឹម សុខា មានប្រសាសន៍ថា លំហូរ​​ចូល​​នៃ​​ជន​អន្តោប្រវេសន៍​​វៀត​​ណាម ស្របច្បាប់ និង​ខុស​ច្បាប់​មក​កម្ពុជា ជិត​៣០​ឆ្នាំ​មក​នេះ នៅតែ​បន្ត​កើនឡើង ដោយ​មិនមាន​ច្បាប់​គ្រប់គ្រង​ឡើយ ហើយ​កម្ពុជាអនុវត្ត​ច្បាប់​នេះ តែ​ចំពោះ​ប្រទេស​ផ្សេង​ប៉ុណ្ណោះ​ ​៖ "មិន​ដែលឃើញ​រដ្ឋាភិបាល​យក​ច្បាប់​អន្តោ​ប្រ​វេសន៍​​យកទៅ​​​អនុ​វត្ត ដើម្បី​បញ្ជូន​ជនជាតិ​​​វៀត​ណាម​ណា​ម្នាក់​ ទៅស្រុក​វិញ ឬ​ក៏​យក​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​ណា​ឡើយ ហើយ​យើង​ដឹង​ច្បាស់​ហើយ​ថា បច្ចុប្បន្ន​នេះ ការ​ដែល​ហូរ​ចូលមក​នេះ គឺ​​ដោយ​សារ​អី ដោយ​សារ​រដ្ឋាភិបាល​អត់​អនុ​វត្ត​​ច្បាប់ បើ​សិន​ជា​អនុវ​ត្ត​ច្បាប់ គឺ​​ច្បាស់​ជាហូរ​ចូល​មិន​បាន​​ទេ"។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុន​អេង បដិសេធ​ឆ្លើយតប​នឹង​ការអះអាង​នេះ ដោយ​មិន​ចង់ឲ្យ​មាន​ការចោទប្រកាន់​ទៅ​វិញ​​ទៅ​មក ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សាធារណជន មុន​ពេល​បោះឆ្នោត ​៖ "ខ្ញុំ​អត់ចង់​ឆ្លើយ ទុក​ឲ្យ​គាត់​និយាយ​ឲ្យ​អស់​ចិត្ត​ទៅ ព្រោះជិត​ដល់​ពេល​បោះឆ្នោត​ហើយ បើ​មិន​​អញ្ចឹង​ទេ មិនមែន​គាត់​ចង្អុលខ្មែរ​ក្នុង​ស្រុកផង ដូរ​គណបក្ស​មួយ​ថា​ជា​យួន​ទាំង​អស់​ទេ អញ្ចឹងស្រេច​តែគាត់​ថា​ទេ វា​ពិបាក​និយាយ​គ្នា​ណាស់"។
អ្នកចូលរួម​ស្តាប់​កម្មវិធី​ឃោសនា​នយោបាយ​ម្នាក់ យុវជន មឿន គុណ ឲ្យដឹងថា លោក​ខកចិត្ត​ចំពោះ​ការលើកឡើង​របស់​រដ្ឋាភិបាល ពាក់​ព័ន្ធ​នឹង​លំហូរ​ចូល​​នៃ​​ជនអន្តោប្រវេសន៍​វៀត​ណាម ដែល​ថា​មិន​មាន​សិទ្ធិ​ក្នុង​ការឃាត់​គេ ​៖ "ហើយ​ជាក់​ស្តែងនោះ​ទៀត ខ្ញុំ​ឃើញ​ប្រ​សាសន៍ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ គាត់​ថា គេចូល​មក​ គាត់​មិនអាច​ហាម​ឃាត់​គេ​បាន​ទេ អញ្ចឹង​មាន​ន័យ​ថា គាត់​ដឹក​នាំ​​​ទៅ​តាម​គេ​មក​ចូល គាត់គ្មាន​សិទ្ធិ​អនុវត្ត​មែន​ឬ? អញ្ចឹង​ហេតុ​អី ក្នុង​នាម​​យើង​ជា​ថ្នាក់​ដឹក​នាំ​ យើង​ត្រូវ​តែ​យក​ច្បាប់​មក​អនុវ​ត្ត គឺ​ច្បាប់​អន្តោ​ប្រ​វេស​ន៍"។
​និស្សិត​​សកល​វិទ្យាល័យ​​ម្នាក់ កញ្ញា ស្រី​នាង អះ​អាង​​តាម​ការសង្កេត​​​ឃើញ​កន្លង​មក​​ឃើញ​ថា ជន​ជាតិ​​វៀត​ណាម ដែល​​មក​​កម្ពុជា​​មួយ​ចំនួន មាន​សិទ្ធិ​លើស​ពី​ពលរដ្ឋ​កម្ពុជា​ទៅ​ទៀត ដោយ​ខ្លះអាច​មាន​អត្តសញ្ញាណប័ណ្ណ​ដល់​ទៅ​បី​ ​៖ "ភាគច្រើនគឺ សូម​និយាយ​តាម​ត្រង់​ទៅ​គឺ​ភាគ​ច្រើនគឺ​​​យួន​តែ​ម្តង ដោយ​សារ​តែ​ខ្ញុំ​បាន​ឃើញ​ជាក់​ស្តែង សម្រាប់​ជន​ជាតិ​យួន​ដែល​ចូល​មក​ស្រុក​ខ្មែរ គឺ​គាត់​អាច​ដូច​ថា ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​រហូត​ដល់​បីបួន​នៅ​ក្នុង​ការ​បោះឆ្នោត ហើយ​មាន​ចំណុច​ផ្សេងៗ​ទៀត ដែល​ខ្ញុំ​មិន​អាច​និយាយ​បាន"។
កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ប្រធាន​ចលនា​យុវជន​គណបក្ស​​សង្គ្រោះ​​ជាតិ លោក សួង សុភ័ណ្ឌ បាន​​ដាក់​​ពាក្យ​បណ្តឹង​​ទៅ​ សាលា​ដំបូង​​រាជធានី​ភ្នំពេញ ដោយ​​ប្តឹង​​លោក​នាយក​​រដ្ឋ​មន្ត្រី ពី​បទ​​ក្លែង​បន្លំ​​ឯកសារ​​សាធារណៈ និង​ជា​អ្នកផ្តើមគំនិត​រួម​ដៃ ​ជាមួយ​បក្ខពួក​របស់​​ខ្លួន បណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម ចូលមក​កម្ពុជា​ដោយ​ខុសច្បាប់​។​
គួរបញ្ជាក់​ថា កន្លងទៅ លោក​នាយក​រដ្ឋមន្ត្រី បាន​​ច្រាន​ចោល​​របាយ​ការណ៍ និង​ការលើកឡើង​មួយចំនួន​​របស់​​គណបក្ស​​ប្រឆាំង និង​​សង្គម​ស៊ីវិល ដែល​អះអាង​ថា ជនជាតិ​វៀតណាម​នៅ​កម្ពុជា មាន​ចំនួន​ជាង​៤​លាន​នាក់​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់​ថា ជន​ជាតិ​​វៀត​ណាម​​នៅ​កម្ពុជា មាន​ចំនួន​​តែ​ជាង​​១០​ម៉ឺន​​នាក់​​តែ​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes