សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 17, 2013

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ចាប់ខ្លួនអ្នក​ផ្សព្វផ្សាយ​ថា​CNRP​នឹង​ឈ្នះ​CPP

រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៧​ ខែកក្កដា​នេះ បញ្ជា​ឲ្យ​ចាប់ខ្លួន​ជន​ទាំងឡាយ​ណា ជា​អ្នក​ធ្វើ​ឯកសារ​ក្លែងបន្លំ និងអ្នក​ប្រើ​ឯកសារ​ក្លែង​បន្លំ ទាក់ទង​នឹង​ការចេញផ្សាយ​លទ្ធផល​ព្យាករណ៍​បោះ​ឆ្នោត ដោយ​​ប្រើ​​ឈ្មោះ IRI ដែល​​ទស្ស​ទាយ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​​​នឹង​​ឈ្នះ​​គណបក្ស​ប្រជាជន​​កម្ពុជា ក្នុង​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥​នេះ​។
​​សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា បាន​លើកឡើង​ថា ក្នុង​រយៈពេល​ថ្មីៗ​នេះ មាន​ជន​ទុច្ចរិក ជា​សកម្មជន និង​ឃោសនិក​​របស់​គណ​បក្ស​មួយ បាន​ផលិត​ក្លែងបន្លំ​​ឯកសារ​​ស្ទង់​​មតិ របស់​វិទ្យាស្ថាន​សាធារណរដ្ឋ​​អន្តរជាតិ​IRI ហើយ​​កំពុង​ផ្សព្វ​ផ្សាយ​​ឯកសារ​ក្លែងក្លាយ ស្តីពី​​លទ្ធផល​នៃការស្ទង់មតិ អំពី​ការ​ទទួល​បាន​អាស​នៈ​តាម​រាជធានី​-​ខេត្ត​នីមួយៗ​ ។
អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ឯកសារ​ពិត​របស់​​IRI បានបង្ហាញ​ថា គណបក្ស​ប្រឆាំង​នឹង​ទទួល​​បាន​អាស​នៈ​តែ​ជាង​​៤០​​ប៉ុណ្ណោះ​។ លោក​ចាត់​ទុក​ការផ្សព្វផ្សាយ​លិខិត​​ដែល​​ថា គណបក្ស​​សង្គ្រោះ​​ជាតិ នឹង​​ទទួល​បាន​សំឡេង​​​គាំទ្រ​ចំនួន​៥៤​ភាគរយ​នោះ គឺ​ខុសច្បាប់​ ៖ "រក​គុក​ដាក់​គ្មាន​ទេ ប៉ុន្តែ​អានេះគេថា​​​សុទ្ធ​តែ​ខុស​ហើយ បក្សប្រឆាំង​បាន​តែ​ជាង​៤០​ហ្នឹង នេះ​រៀបចំអនុវ​ត្ត​តាម​សេចក្តី​សម្រេច​របស់​​រដ្ឋាភិបាល​"។
ឯកសារ​ដែល​ត្រូវបាន​គេ​បង្ហោះ​តាម​ហ្វេ​សប៊ុក បង្ហាញថាគណបក្ស​សង្គ្រោះ​ជាតិ ​នឹង​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៥៤​ភាគរយ ស្មើ​នឹង​៦៤​អាសនៈ​។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​តែ​៤៦​ភាគរយ​ស្មើនឹង​៥៩​អាសនៈ​។​
​លោក ខៀវ សុភ័គ បញ្ជាក់ថា អ្នក​ចែកចាយ​ឯកសារ​តាមហ្វេ​ស​ប៊ុក​​នោះ ពិ​ត​ជា​ខុស​ច្បាប់ តែ​លោក​ថា បើ​ចាប់​កាត់ទោស​អ្នក​ទាំង​នោះ នឹង​មិន​មាន​គុក​ដាក់​នោះទេ​។​
​សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល អះអាងថា IRI បាន​ផ្ញើ​សារ​ទៅ​កាន់​ទីស្តីការគណៈរដ្ឋមន្ត្រី ពី​ថ្ងៃ​ទី​១៥​ ខែកក្កដា បញ្ជាក់ថា ឯកសារ​​ស្ទង់​មតិ​នោះ​មិនមែន​ជា​របស់​ខ្លួន​ទេ​។​
​ជនបរទេស​ម្នាក់​ជា​មន្ត្រី IRI ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បានឲ្យ​VOD​ដឹងថា អ្នកនាង​មិន​ទាន់​ដឹង​ពី​វិធានការ​របស់​រដ្ឋាភិបាល​ទេ​។ ចំណែក​លទ្ធផល​ពិត​នៃ​ការស្ទង់មតិ​នោះ លោក​នឹង​ប្រាប់​តាម​ក្រោយ​។​
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការបញ្ជា​របស់​រដ្ឋាភិបាល​​ជា​រឿង​នយោបាយ ៖ "កុំធ្វើឲ្យ​កករ​ល្អក់​ទៅ​ដល់​​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត ឥឡូវ​យើ​ងកំពុង​ដំណើរការ​នៃ​ការ​បោះឆ្នោត យល់​ល្អ​ជៀស​វាង​ទៅ"។
​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​​កម្ពុជា លោក អ៊ូ វីរៈ យល់ថា ការប៉ុនប៉ង​ចាប់ខ្លួន​អ្នក​ផ្សព្វផ្សាយ​ឯកសារ​ស្ទង់​មតិ​នេះ គឺជា​រឿង​នយោបាយ ដើម្បី​បន្ថយ​ប្រជា​ប្រិយភាព​គណបក្សប្រឆាំង​។ លោក​ចាត់​ទុកដូចនេះ ដោយ​លើកយក​ចំណុច​មួយ ក្នុង​សេចក្តី​ថ្លែង​ការណ៍​​របស់​រដ្ឋាភិបាល​ដែល​ថា នឹង​ផ្តល់​រង្វាន់​ដល់​អ្នក​ដែល​ឡើង​សារភាព ចំពោះ​ការ​រួមគំនិត ផលិត​​ឯកសារ​ក្លែងក្លាយ​នោះ​៕​

No comments:

Post a Comment

yes