សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 17, 2013

ពលរដ្ឋ​មួយ​ចំនួន​ប្រតិកម្ម​នឹង​អាជ្ញាធរ​បង្ខំ​ឲ្យ​ផ្ដិត​មេដៃ​គាំទ្រ​លទ្ធផល​ឆ្នោត

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត
 កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣

អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​គ្រប់គ្រង​ផ្សារ​មួយ​ចំនួន ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច បាន​បង្ខំ​ឲ្យ​ពលរដ្ឋ និង​អាជីវករ​ផ្ដិត​មេដៃ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន និង​បដិសេធ​កុំ​ចូល​រួម​ធ្វើ​បាតុកម្ម។ បញ្ហា​នេះ ត្រូវ​បាន​មន្ត្រី​ច្បាប់​យល់​ថា ជា​ការ​រំលោភ​សិទ្ធិ និង​បំភិត​បំភ័យ​ពលរដ្ឋ​កាន់​តែ​ខ្លាំង ក្នុង​គ្រា​ដែល​ស្ថានការណ៍​នយោបាយ​មិន​ទាន់​អាច​រក​ច្រក​ចេញ​នៅ​ឡើយ​នោះ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខណ្ឌ​មួយ​ចំនួន និង​អាជីវករ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន និង​អ្នក​គ្រប់គ្រង​ផ្សារ​ថា បាន​តម្រូវ​ឲ្យ​ពួក​គេ​ផ្ដិត​មេដៃ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន និង​កុំ​ចូល​រួម​ធ្វើ​បាតុកម្ម ដែល​បញ្ហា​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ឆន្ទៈ​ពលរដ្ឋ និង​នាំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។
ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ស្រះចក គឺ​អ្នកស្រី ភារី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ សីហា ថា អាជ្ញាធរ​ភូមិ​បាន​ចុះ​មក​ដល់​ផ្ទះ​អ្នកស្រី ហើយ​ប្រាប់​ពី​គោល​បំណង​ដែល​សុំ​ឲ្យ​អ្នកស្រី​ផ្ដិត​មេដៃ​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​ដែល​ចេញ​ដោយ គ.ជ.ប។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​បាន​ទាមទារ​ឲ្យ​គាត់​ផ្ដិត​ជំនួស​សមាជិក​គ្រប់​អាយុ​បោះ​ឆ្នោត​របស់​គាត់​ទៀត​ផង។ ប្រសិន​ជា​មិន​ផ្ដិត​ទេ​នោះ គាត់​បារម្ភ​ខ្លាច​មាន​ការ​លំបាក​នៅ​ពេល​ក្រោយ គឺ​ពេល​ដែល​ត្រូវ​ការ​ពឹង​ពាក់​អាជ្ញាធរ នៅ​ពេល​ណា​មួយ​ឲ្យ​បញ្ជាក់​សំបុត្រ​ស្នាម​ផ្សេងៗ។

មិន​ខុស​គ្នា​នោះ​ទេ ពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ដង្កោ និង​សង្កាត់​អូរឫស្សី​២ បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ​ថា អាជ្ញាធរ​ភូមិ​បាន​ព្យាយាម​ចុះ​ទៅ​ដល់​ផ្ទះ​ពួក​គាត់ ដើម្បី​ពន្យល់ និង​តម្រូវ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​ក្រដាស​ដែល​សរសេរ​គាំទ្រ​ថា ការ​បោះ​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ និង​ថា ការ​បោះ​ឆ្នោត​នេះ​ពិត​ជា​មាន​ភាព​សេរី និង​ត្រឹមត្រូវ។
ចំណែក​ពលរដ្ឋ​នៅ​សង្កាត់​ចាក់អង្រែលើ និង​សង្កាត់​បឹងកក់​២ ថ្លែង​ថា ពួក​គាត់​ខ្លះ​មិន​ព្រម​ផ្ដិត​ទេ ព្រោះ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ពួក​គាត់ និង​ម្យ៉ាង ខ្លាច​អាជ្ញាធរ​យក​ស្នាម​មេដៃ​របស់​ពួក​គាត់​ប្រើប្រាស់​ខុស​គោលដៅ។
យ៉ាង​ក៏​ដោយ នៅ​ឯ​ផ្សារ​អូរឫស្សី និង​ផ្សារ​បឹងកេងកង វិញ ក៏​មាន​បញ្ហា​នេះ​កើត​ឡើង​ដូច​គ្នា​ដែរ។ អាជីវករ​ផ្សារ​បាន​សម្ដែង​ក្ដី​បារម្ភ​ថា នៅ​ឯ​ផ្សារ​អូរឫស្សី សន្តិសុខ​ផ្សារ​បាន​មក​ដល់​តូប​របស់​អាជីវករ ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​គាំទ្រ​លទ្ធផល​ឆ្នោត ដោយ​មាន​កត់​លេខ​តូប ឈ្មោះ និង​ភេទ​ទៀត​ផង។ ឯ​ផ្សារ​បឹងកេងកង វិញ ឲ្យ​អាជីវករ​ចូល​ស្នាក់​ការ​ផ្សារ​ម្ដង ៤ ទៅ ៥​នាក់ ផ្ដិត​មេដៃ​ដែរ។
ឆ្លើយ​តប​បញ្ហា​នេះ សមាជិក​សភា និង​ជា​មន្ត្រី​ជាន់​ខ្ពស់​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បដិសេធ​ចំពោះ​ដំណឹង​នេះ។ លោក​ថា ពី​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​ការ​ណែនាំ​ណា​មួយ​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ។ លោក​ថា ក្នុង​នាម​លោក​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស លោក​នឹង​លើក​បញ្ហា​នេះ​ដើម្បី​ពិនិត្យ​ពិចារណា និង​ដោះស្រាយ។
ទាក់ទង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ បាន​ចាត់​ទុក​ទង្វើ​នេះ​ថា ខុស​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស។ លោក​ថា បញ្ហា​នេះ​រឹត​តែ​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល​សង្គម​កាន់​តែ​ខ្លាំង​ឡើង។
ទម្លាប់​របស់​អ្នក​នយោបាយ​បែប​នេះ បាន​កើត​មាន​ស្ទើរ​រាល់​អាណត្តិ នៅ​ក្រោយ​ពេល​ប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះ​អាសន្ន​ម្ដងៗ។ មុន​ឈាន​រក​ដំណោះស្រាយ​នយោបាយ ភាគី​នីមួយៗ​តែង​តែ​ស្វែង​រក​សំឡេង​គាំទ្រ​ពី​មហាជន​រៀងៗ​ខ្លួន។ ក្នុង​នោះ មាន​ជា​របៀប​ផ្ដិត​មេ​ដៃ​លើ​ញត្តិ​គាំទ្រ​លទ្ធផល​ឆ្នោត និង​កៀងគរ​កម្លាំង​ធ្វើ​បាតុកម្ម​ប្រឆាំង ឬ​មិន​គាំទ្រ​លទ្ធផល​ឆ្នោត​ជាដើម។ ការ​បង្ខំ​ឲ្យ​ផ្ដិត​មេ​ដៃ​គាំទ្រ​នេះ បាន​កើត​ឡើង​ក្នុង​ពេល​មាន​វត្តមាន ទាហាន ប៉េអិម ប៉ូលិស ច្រើន​ខុស​ប្រក្រតី​នៅ​តាម​ដង​ផ្លូវ នៅ​រាជធានី​ភ្នំពេញ រួម​ជាមួយ​ដំណឹង​អំពី​ការ​ចល័ត​កងទ័ព និង​រថពាសដែក​ចូល​មក​ទីក្រុង​ទៀត​ផង៕

No comments:

Post a Comment

yes