សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 17, 2013

តួនាទី​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ក្នុង​សង្គម​កម្ពុជា

ទាហាន​ខ្មែរ ព្រះវិហារ ៣០៥
ទាហាន​កម្ពុជា ​ដើរ​ក្បួន​នៅ​តំបន់​៥​មករា នៃ​ភ្នំ​ព្រះវិហារ ក្នុង​ពេល​ធ្វើ​ពិធី​ដក​កងទ័ព
​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​ក្បែរ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ​២០១២

ប្រទេស​កម្ពុជា ជា​ប្រទេស​មាន​អធិបតេយ្យភាព ដែល​មាន​ព្រះមហាក្សត្រ​ជា​ព្រះ​ប្រមុខ​រដ្ឋ និង​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ។ នៅ​ស្រុក​ខ្មែរ មាន​កម្លាំង​ប្រដាប់​អាវុធ ៣​ប្រភេទ​សម្រាប់​ការពារ​បូរណភាព​ដែន​ដី​កុំ​ឲ្យ​សត្រូវ​ឈ្លាន​ពាន​ពី​ខាង​ក្រៅ និង​ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ផ្ទៃ​ក្នុង។

បច្ចុប្បន្ន​នេះ មាន​ទំនាស់​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ទាក់ទង​នឹង​លទ្ធផល​បោះ​ឆ្នោត ហើយ​គេ​ឃើញ​មាន​ការ​ចល័ត​កម្លាំង​ប្រដាប់​អាវុធ​ចូល​មក​ទីក្រុង និង​ទី​ប្រជុំ​ជន​នានា ក្រោម​មូលហេតុ​ថា រក្សា​សន្តិសុខ​សង្គម និង​សណ្ដាប់​ធ្នាប់​សាធារណៈ។
តើ​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​មាន​តួនាទី​ធ្វើ​អ្វី​ខ្លះ​ក្នុង​សង្គម​កម្ពុជា?
កម្ពុជា មាន​កង​កម្លាំង​កាន់​អាវុធ ៣​ស្ថាប័ន​ធំៗ គឺ​កង​យោធពល​ខេមរភូមិន្ទ ឬ​កងទ័ព កង​រាជ​អាវុធហត្ថ ឬ​ប៉េអិម និង​កង​កម្លាំង​នគរបាល​ជាតិ។ កង​យោធពល​ខេមរភូមិន្ទ និង​កង​រាជ​អាវុធហត្ថ ស្ថិត​នៅ​ក្រោម​ចង្កោម​របស់​ក្រសួង​ការពារ​ជាតិ។ រីឯ​ស្ថាប័ន​អគ្គស្នងការ​នគរបាល​ជាតិ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ។

រដ្ឋធម្មនុញ្ញ​កម្ពុជា បង្ហាញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​មាន​តួនាទី​ផ្សេងៗ​គ្នា និង​ស្ថិត​ក្រោម​ក្រសួង​ខុស​គ្នា​ក៏​ពិត​មែន ប៉ុន្តែ កង​កម្លាំង​ទាំងអស់​មាន​មេ​បញ្ជាការ​កំពូល​តែ​ម្នាក់​គត់ គឺ​ព្រះមហាក្សត្រ។
មន្ត្រី​ប្រធាន​ផ្នែក​បច្ចេកទេស​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា តាម​ច្បាប់ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ មាន​តួនាទី​អព្យាក្រឹត្យ មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ។ លោក​បន្ត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ចាយ​ប្រាក់​ខែ​ដែល​បាន​មក​ពី​ការ​បង់​ពន្ធ​របស់​ពលរដ្ឋ ហើយ​ច្បាប់​បាន​ហាម​ឃាត់​ដាច់​ខាត​មិន​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ណា​មួយ ប្រើប្រាស់​អាវុធ​ប្រឆាំង​នឹង​ពលរដ្ឋ​ខ្លួន​ឯង ដែល​តវ៉ា ឬ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ​ទេ។
លោក​បញ្ជាក់​ថា កង​កម្លាំង​ប្រដាប់​អាវុធ ត្រូវ​ស្តាប់​បញ្ជា​មេ​បញ្ជាការ​របស់​ខ្លួន​ជា​ការ​ចាំបាច់​បំផុត ប៉ុន្តែ​បញ្ជា​នោះ​ត្រូវ​ប្រាកដ​ថា ជា​បញ្ជា​ដែល​បម្រើ​ផល​ប្រយោជន៍​ទូទៅ​ចំពោះ​ប្រជាពលរដ្ឋ និង​បូរណភាព​ទឹក​ដី។
លោក​បន្ត​ថា ច្បាប់​ហាម​មិន​ឲ្យ​កង​កម្លាំង​ផ្ទុះ​អាវុធ​ជា​ដាច់​ខាត នៅ​ពេល​ដែល​មិន​មាន​បញ្ជា​របស់​មេ​បញ្ជាការ​ខ្លួន ហើយ​មេ​បញ្ជាការ​អាច​បញ្ជា​ឲ្យ​កូន​ចៅ​បាញ់​កាំភ្លើង​បាន លុះត្រា​តែ​ការ​បាញ់​នោះ​ដើម្បី​ការពារ​ជាតិ ឬ​ដើម្បី​បង្ក្រាប​ចោរ​ដែល​បង្ក​អសន្តិសុខ​សង្គម​ប៉ុណ្ណោះ។
ទាក់ទិន​នឹង​អារម្មណ៍​របស់​ពលរដ្ឋ ជុំវិញ​តួនាទី​របស់​កម្លាំង​ប្រដាប់​អាវុធ​វិញ ស្ត្រី​ម្នាក់​នៅ​ក្នុង​ភ្នំពេញ សុំ​មិន​ប្រាប់​ឈ្មោះ មាន​ប្រសាសន៍​ថា គាត់​មិន​បាន​ដឹង​ថា សមត្ថកិច្ច​ប្រដាប់​អាវុធ​បាន​ប្រាក់​ខែ​ពី​ណា​ទេ គ្រាន់​តែ​ដឹង​ថា កម្លាំង​ទាំងអស់ ភាគ​ច្រើន​ជា​កូន​ចៅ​ប្រជាពលរដ្ឋ។ លោកស្រី​បន្ត​ថា គ្រួសារ​គាត់​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​សមត្ថកិច្ច ប៉េអិម បង្កើន​ការ​ពង្រាយ​តាម​ភ្លើង​ស្តុប​នានា នៅ​ភ្នំពេញ។
លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ទូទៅ​មិន​ចង់​ឃើញ​កម្លាំង​ប្រដាប់​អាវុធ​វាយ​បង្ក្រាប ឬ​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ទេ ទោះ​បី​ជា​ពលរដ្ឋ​តវ៉ា ឬ​ធ្វើ​បាតុកម្ម​ណា​មួយ​ក៏ដោយ។ ពួក​គាត់​គ្រាន់​តែ​ចង់​ឃើញ​អ្នក​កាន់​កាំភ្លើង រក្សា​សន្តិសុខ​សង្គម​ដោយ​អហិង្សា។
តាម​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ មាត្រា​១ ចែង​ថា កង​យោធពល​ខេមរភូមិន្ទ​មាន​ភារកិច្ច​បម្រើ​ប្រទេស​ជាតិ។ បេសកកម្ម​របស់​កង​យោធពល​ខេមរភូមិន្ទ គឺ​ត្រូវ​រៀប​ចំ​កម្លាំង​ដើម្បី​ការពារ កសាង​មាតុភូមិ និង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រទេស​ជាតិ។
ក្នុង​កាលៈទេសៈ​ចាំបាច់ កង​យោធពល​ខេមរភូមិន្ទ នឹង​អាច​ចូល​រួម​ក្នុង​ការ​ការពារ​សន្តិសុខ​សាធារណៈ និង​ជា​ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក ឬ​មាន​អាសន្ន​មហន្តរាយ។ យោធិន​ត្រូវ​គោរព​វិន័យ​យ៉ាង​ម៉ឺងម៉ាត់ ភក្តី​ភាព និង​ក្លាហាន ហ៊ាន​ធ្វើ​ពលិកម្ម​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់ ចំពោះ​ជាតិ​មាតុភូមិ។ យោធិន​ត្រូវ​បំពេញ​ករណី​កិច្ច​ជា​ចាំបាច់ ដើម្បី​សក្ដិសម​ទៅ​នឹង​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​ប្រជាពលរដ្ឋ។
គេហទំព័រ​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជាក់​ថា កង​រាជ​អាវុធហត្ថ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤ ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី។ ប៉ុន្តែ អង្គភាព​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​កងទ័ព​ដែរ គ្រាន់​តែ​វិសាលភាព​នៃ​ការ​អនុវត្ត​ការងារ​ច្រើន​លើស​ពី​កងទ័ព។ កង​រាជ​អាវុធហត្ថ ធ្វើ​ការងារ​ការពារ​បូរណភាព​ទឹក​ដី ជា​នគរបាល​យុត្តិធម៌ និង​ជា​កង​កម្លាំង​មនុស្ស​ធម៌ ព្រម​ទាំង​មាន​សិទ្ធិ​ពិសេស​ក្នុង​ការ​ចាប់​ខ្លួន​មន្ត្រី​កងទ័ព ឬ​នគរបាល​ដែល​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ និង​ច្បាប់​យោធា។
ទន្ទឹម​នឹង​នេះ ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន យល់​ថា កង​កម្លាំង​ប្រដាប់​អាវុធ ចាំបាច់​បំផុត​ត្រូវ​អនុវត្ត​ច្បាប់​ជា​ចម្បង។ លោក​បន្ត​ថា ដើម្បី​ឲ្យ​ការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព កង​កម្លាំង​ទាំងអស់​ត្រូវ​ចេះ​ច្បាប់ ដឹង​ពី​គោលការណ៍​សិទ្ធិ​មនុស្ស និង​ហ្វឹកហាត់​ជំនាញ​វិជ្ជាជីវៈ​ឲ្យ​ស្ទាត់​ជំនាញ និង​ពិសេស គឺ​ហ្វឹកហ្វឺន​ផ្នែក​ផ្លូវ​ចិត្ត។
ឆ្លើយ​នឹង​សំណួរ​ដែល​សួរ​ថា បើ​មាន​បាតុកម្ម​កើត​ឡើង តើ​កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ធ្វើ​ដូចម្តេច ទើប​មិន​ខុស​ច្បាប់? លោក សុក សំអឿន មាន​ប្រសាសន៍​ថា កង​កម្លាំង​ប្រដាប់​អាវុធ​អាច​បង្ក្រាប​បាតុកម្ម​ដែល​ពលរដ្ឋ​តវ៉ា​បាន តែ​ត្រូវ​ធ្វើ​ដោយ​សន្តិវិធី បើក​ការ​ចរចា ជៀសវាង​ដាច់​ខាត​ការ​បាញ់​កាំភ្លើង​សំដៅ​បាតុករ។
រយៈពេល​កន្លង​ទៅ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី និង​សង្គម​ស៊ីវិល ធ្លាប់​បាន​រិះគន់​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចូល​រួម​បង្ក្រាប​បាតុកម្ម ឬ​ការ​តវ៉ា មិន​មាន​ជំនាញ​ចរចា​ជាមួយ​អ្នក​តវ៉ា​ទេ ហើយ​កង​កម្លាំង​នោះ​ថែម​ទាំង​ប្រើ​ហិង្សា​វាយ​បង្ក្រាប​អ្នក​តវ៉ា​ទៀត​ផង។
ហេតុការណ៍​បង្ក្រាប​អ្នក​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ កាល​ពី​ឆ្នាំ​២០១២ ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​តំបន់​អបគមន៍​នោះ បាន​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់ ដោយសារ​គ្រាប់​កាំភ្លើង​សមត្ថកិច្ច។ សង្គម​ស៊ីវិល​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អង្កេត​ករណី​នេះ តែ​រាជ​រដ្ឋាភិបាល​គ្រាន់​តែ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ប៉ុណ្ណោះ។
ផ្ទុយ​ពី​នេះ កាល​ពី​ឆ្នាំ​២០០៨ ពេល​ដែល​កម្ពុជា មាន​សង្គ្រាម​ជាយ​ដែន​ជាមួយ​ប្រទេស​ថៃ ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​គាំទ្រ​យ៉ាង​ក្លៀវក្លា​ចំពោះ​កង​កម្លាំង​ប្រដាប់​អាវុធ។ ពលរដ្ឋ​រាប់​ទាំង​អ្នក​សុំ​ទាន កុមារា កុមារី ជន​ពិការ សុទ្ធតែ​បាន​អង្គាស​ប្រាក់​ឧបត្ថម្ភ​កងទ័ព​សមរភូមិ​មុខ។ មូលនិធិ​ជាច្រើន​ដែល​បង្កើត​ដើម្បី​បម្រើ​ឲ្យ​ផល​ប្រយោជន៍​កម្លាំង​ការពារ​ជាតិ ត្រូវ​បាន​គេ​បង្កើត​ឡើង ដោយ​ប្រមូល​បាន​ប្រាក់​រាប់​លាន​ដុល្លារ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា កម្ពុជា មាន​បរមាណូ ១​គ្រាប់ ដែល​សៀម មិន​អាច​មើល​ស្រាល​បាន គឺ​កម្លាំង​ពលរដ្ឋ​ទាំង​នគរ ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១៤​លាន​នាក់។
ទោះ​យ៉ាង​ណា​ក្តី ការ​បញ្ជូន​កងទ័ព និង​អាវុធ​មក​កាន់​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​អារម្មណ៍​ភ័យ​ខ្លាច និង​មិន​ស្វាគមន៍​ដូច​កាល​ដែល​បញ្ជូន​ទាហាន​ទៅ​កាន់​តំបន់​ព្រះវិហារ នោះ​ឡើយ។
តាម​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ មាត្រា​៩ ចែង​ថា យោធិន​មាន​សិទ្ធិ​សេរីភាព​ដូច​ពលរដ្ឋ​ដទៃ​ទៀត ក៏ប៉ុន្តែ​ការ​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ខ្លះ ត្រូវ​បាន​កម្រិត​តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​នេះ។ យោធិន​ត្រូវ​មាន​អព្យាក្រឹត្យ​ភាព​ក្នុង​មុខ​នាទី ក្នុង​សកម្មភាព​ការងារ និង​ហាម​ឃាត់​ចំពោះ​ការ​ប្រើប្រាស់​មុខ​ងារ និង​ប្រើប្រាស់​សម្ភារៈ​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ។
ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ មាត្រា​១៧ ចែង​ថា យោធិន​ត្រូវ​គោរព និង​អនុវត្ត​រាល់​បញ្ជា​ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ។ បញ្ជា​ណា​ដែល​មាន​ភាព​ច្បាស់​ក្រឡែត ផ្ទុយ​ពី​ច្បាប់ ឬ​ផ្ទុយ​ពី​អនុសញ្ញា​អន្តរជាតិ ត្រូវ​ហាម​ឃាត់។ ក្នុង​ករណី​នេះ អ្នក​បញ្ជា​ក្តី អ្នក​អនុវត្តន៍​ក្តី ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕

No comments:

Post a Comment

yes