សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 27, 2013

អង្គការ​លីកាដូ​អំពាវនាវ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ

ពុង ឈីវកេក ៣០៥
ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក​ស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) អំពាវនាវ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិចារណា​បោះឆ្នោត​ឡើង​វិញ​នៅ​ការិយាល័យ​បោះ​ឆ្នោត​ណា​ដែល​គណបក្ស​នយោបាយ​តវ៉ា​ថា​មាន​ភាព​មិន​ប្រក្រតី​ច្រើន។

ប្រធាន​អង្គការ​លីកាដូ​ អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ថ្លែង​នៅ​រសៀល ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" ដែល គ.ជ.ប អះអាង​ថា មាន​សុវត្ថិភាព​ នៅ​ឃុំ​ស្វាយជ្រះ ក្នុង​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា បែរ​ជា​មាន​កញ្ចប់​ចំនួន ១០ បាន​បើក​ចំហ ក្នុង​ចំណោម ១៣​កញ្ចប់។ អ្នកស្រី​បន្ត​ថា ភាព​មិន​ប្រក្រតី​នេះ​អាច​មាន​ការ​សង្ស័យ​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នៅ​ខេត្ត​ផ្សេង​ទៀត។
បញ្ហា​នេះ ​អង្គការ​លីកាដូ យល់​ថា ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​គួរ​តែ​ពិចារណា​បោះឆ្នោត​ឡើង​វិញ​នៅ​កន្លែង​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​ម្ចាស់​ឆ្នោត និង​គណបក្ស​នយោបាយ​ផង។

កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​សីហា គ.ជ.ប បាន​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នូល ខេត្ត​ក្រចេះ តាម​បណ្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ។ ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នោះ​មាន​ភាព​មិន​ប្រក្រតី​ច្រើន ដូច​ជា​កញ្ចប់​សុវត្ថិភាព​ចំនួន ១០ ក្នុង​ចំណោម ១៣ ជា​កញ្ចប់​ដែល​ចំហ​មាត់​ស្រាប់​មិន​មាន​សុវត្ថិភាព​ឡើយ។ បន្ទាប់​ពី​ការ​ត្រួត​ពិនិត្យ​កញ្ចប់​សុវត្ថិភាព "ក" ទាំង ១៣ នោះ គេ​រក​ឃើញ​ថា ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ត្រូវ​បាន​បាត់ ហើយ​ប្ដូរ​សំឡេង​ឆ្នោត​ទៅ​គណបក្ស​មិន​សូវ​សំបូរ​អ្នក​គាំទ្រ​ដែល​ខុស​ពី​លទ្ធផល​បឋម​ដែល​ការិយាល័យ​បោះ​ឆ្នោត​ទាំង ១៣ ប្រកាស​កាល​ពី​ថ្ងៃ​បោះ​ឆ្នោត។ ក្រៅពី​នេះ ក៏​មាន​ករណី​បំពេញ​សំណុំ​ឯកសារ​មិន​គ្រប់​ទម្រង់​មាន​ការ​ខុស​គ្នា​រវាង​ទិន្នន័យ​លើ​តារាង​រាប់​សន្លឹក​ឆ្នោត ខុស​គ្នា​ទិន្នន័យ​សន្លឹក​ឆ្នោត​បាន​ការ និង​មិន​បាន​ការ ភាព​ខុស​គ្នា​នូវ​ការ​ប្រើ​ប្រាស់​ប៊ិច ពីរ​ពណ៌​សរសេរ​លើ​តារាង​កត់​លទ្ធផល​រាប់​សន្លឹក​ឆ្នោត និង​បញ្ហា​ច្រើន​ទៀត។
នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​បញ្ជា​ឲ្យ គ.ជ.ប. បើក​កញ្ចប់​សុវត្ថិភាព "ក" មួយ​ចំនួន​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ពុធ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៣ ដើម្បី​ផ្ទៀង​ផ្ទាត់​សំឡេង​ឆ្នោត​ ក្នុង​ទម្រង់ ១១០២ ១១០៨​ និង​ក្រដាស​កត់ត្រា​សំឡេង​ឆ្នោត។
បញ្ហា​នេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ទេព ​នីថា ថ្លែង​ថា មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​តាម​ការិយាល័យ​នានា​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​តែ​មួយ​ព្រឹក ដោយសារ​តែ​ខ្វះ​ថវិកា។ ប៉ុន្តែ គ.ជ.ប បាន​ចែក​ជូន​សៀវភៅ​ណែនាំ​ច្រើន​អំពី​វិធី​រៀបចំ​ការ​បោះឆ្នោត។ លោក​បាន​ពន្យល់​ថា ទម្រង់ ១១០២ និង​ទម្រង់ ១១០៨ ជា​ទម្រង់​ដែល​ត្រឹម​ត្រូវ​ដូច​ក្រដាស​កត់ត្រា​គូស​លើ​ក្ដារខៀន​ក្រោយ​រាប់​សន្លឹក​ឆ្នោត។​ ឯ​ទម្រង់ ១១០៤​ ជា​ក្រដាស​ដែល​ចម្លង​ចែក​ជូន​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​ជម្រាប​គណបក្ស​នយោបាយ។
បញ្ហា​ភាព​មិន​ប្រក្រតី​នេះ​ត្រូវ​គណបក្ស​ចូល​រួម​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ខ្លះ សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កម្ពុជា ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ទាំង​នោះ។
អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក​ ស៊ិន វណ្ណារិទ្ធ ថ្លែង​ថា អង្គការ​សហប្រជាជាតិ​គួរ​តែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​សង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ដោយសារ​តែ​មន្ត្រី​ធ្វើ​ការងារ​បោះ​ឆ្នោត​មិន​អនុវត្ត​ច្បាប់​បោះ​ឆ្នោត​បាន​ត្រឹម​ត្រូវ​នាំ​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​ច្រើន កើត​មាន​ការ​សង្ស័យ​ទៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" ដទៃ​ទៀត ទូទាំង​ប្រទេស​កម្ពុជា។
ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ ខឹម វាសនា ថ្លែង​ថា កំហុស​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​កញ្ចប់​សុវត្ថិភាព "ក" នៃ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល មិន​មែន​ជា​កំហុស​បច្ចេកទេស​ ដូច​អគ្គលេខាធិការ គ.ជ.ប បំភ្លឺ​នោះ​ទេ។ លោក​បន្ត​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នោះ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​រាប់​សន្លឹក​ឆ្នោត​រួច​ទៅ​ហើយ។
អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថ្លែង​ថា ការ​បើក​កញ្ចប់​សុវត្ថិភាព "ក" នៅ​ឃុំ​ស្វាយជ្រះ បាន​ធ្វើ​ឲ្យ​សន្លឹក​ឆ្នោត​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​​ឈ្នះ​គណបក្ស ៣​ផ្សេង​ទៀត ដូចជា​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សញ្ជាតិ​កម្ពុជា។ លោក​សុំ​ឲ្យ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពង្រឹង​សុចរិត​ភាព​ក្នុង​ការ​អនុវត្ត​ច្បាប់​បោះ​ឆ្នោត។
អតីត​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ជា​មគ្គុទ្ទេសក៍​គណបក្ស​នោះ លោក កែវ ពុទ្ធរស្មី ថ្លែង​ថា គណបក្ស​នេះ​រង់ចាំ​មើល​ចំណាត់​ការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ​លើ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង ក្រោយ​ពី គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" នោះ។
ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា លោក សេង ​សុខេង ថ្លែង​ថា​ គណបក្ស​នេះ​មិន​ជំទាស់​នឹង​លទ្ធផល​ដែល គ.ជ.ប ប្រកាស​សន្លឹក​ឆ្នោត​បណ្ដោះ​អាសន្ន​នោះ​ទេ ហើយ​ក៏​មិន​ទាមទារ​អ្វី​បន្ថែម​ដែរ។
ចំណែក​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ក គីមហាន មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣ ជុំវិញ​កញ្ចប់​សុវត្ថិភាព "ក" ក្នុង​ឃុំ​ស្វាយជ្រះ បើក​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី។
ក្រោយ​ពី​កើត​ភាព​មិន​ប្រក្រតី គណបក្ស​នយោបាយ​ខ្លះ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អំពាវនាវ​ឲ្យ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចរចា​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ ដោយ​មិន​មាន​វត្ត​មាន គ.ជ.ប តែ​មាន​វត្តមាន​អង្គការ​សហប្រជាជាតិ​ជា​អ្នក​សង្កេតការណ៍៕

No comments:

Post a Comment

yes