សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 5, 2013

គណបក្ស​សង្គ្រោះ​ជាតិត្រៀម​ខ្លួន​សម្រាប់​ធ្វើ​មហា​បាតុកម្ម​អហិង្សា

គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ម្សិលមិញ បាន​ធ្វើ​ការ​ត្រៀម​រៀបចំ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ចុង​ក្រោយ សម្រាប់​គម្រោង​ធ្វើ​មហា​បាតុកម្ម​បែប​អហិង្សា នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ ដោយ​មេ​ដឹកនាំ​គណបក្ស​បាន​គូស​បញ្ជាក់​សារ​ចុង​ក្រោយ​អំពី​ភាព​អហិង្សា​ក្នុង​ចំណោម​អ្នក​ស្មោះស្ម័គ្រ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ​តាម​ព្រះ​រាជ​តម្រិះ​របស់​ព្រះ​មហាក្សត្រ។
ការ​ហាត់​សម​នេះ​រួម​មាន​ការ​សមាធិ និង​ការ​បួង​សួង​ពី​អ្នក​គាំទ្រ​រាប់​រយ​នាក់​ដែល​លុត​ជង្គង់​កាន់​ទង​ផ្កា។ នៅ​លើ​ឆាក មាន​ការ​សម្តែង​ដែល​បែង​ចែក​ជា​ក្រុម​នគរបាល និង​បាតុករ ដែល​យក​មក​ធ្វើ​ជា​ឧទាហរណ៍​អំពី​ថា​តើ​ត្រូវ​ធ្វើ​បាតុកម្ម​ដោយ​របៀប​ណា?
ទោះ​ជា​យ៉ាង​ណា ខុស​ពី​ការ​ហាត់​សម​លើក​ទី ១ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​លើក​នេះ​បាតុករ​គ្រាន់​តែ​អង្គុយ​នៅ​ចំពោះ​មុខ​តួអង្គ​នគរបាល កាល​ពី​ម្សិលមិញ ដោយ​មិន​មាន​ប្រតិកម្ម​អ្វី​ចំពោះ​អំពើ​ហិង្សា​តាម​នីតិវិធី​ដែល​គណបក្ស​សង្ឃឹម​ថា អ្នក​គាំទ្រ​នឹង​ធ្វើ​នៅ​ថ្ងៃ​សៅរ៍។

ការ​ហាត់​សម​នេះ ដែល​មាន​ការ​ចូល​រួម​ពី​មនុស្ស​រាប់​ពាន់​នាក់ បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល ២ ថ្ងៃ​បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ដើម្បី​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ក្នុង​ភាព​ជាប់​គាំង​ដែល​កំពុង​បន្ត​ទាក់​ទង​នឹង​ការ​បោះឆ្នោត។
ព្រះ​រាជសារ ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ទី៣ ខែ សីហា ឲ្យ​ដឹង​ថា «ខ្ញុំ​សូម​អរគុណ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ឯកឧត្តម​ដែល​បាន​សម្តែង​នូវ​ការ​គោរព​និង​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះ​ដែល​មាន​ចែង​ក្នុង​ព្រះ​រាជសារ​របស់​ខ្ញុំ​ចុះ​ថ្ងៃ​ទី៣០ ខែ សីហា ឆ្នាំ ២០១៣»។
លោក សម រង្ស៊ី បាន​សរសេរ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ២ ខែ កញ្ញា ថា៖ «ទូល​ព្រះ​បង្គំ​សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​ជួយ​ធ្វើ​ព្រះ​រាជ​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត ប្រកប​ដោយ​តម្លាភាព និង​យុតិ្តធម៌​ដែល​ជា​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ឆ្នោត»។
ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា លោក​បាន​ទទួល​ព្រះ​រាជ​ឆ្លើយ​តប​របស់​ព្រះ​មហាក្សត្រ​ដែល «អរគុណ» គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រៀបចំ​បាតុកម្ម​អហិង្សា និង​សន្តិវិធី ដើម្បី​រក្សា​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ជាតិ។
ខណៈ​ដែល​ការ​ជាប់​គាំង នយោបាយ​កំពុង​បន្ត មាន​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ព្រះ​មហាក្សត្រ​ជា​តួអង្គ​តែ​មួយ​គត់ ដែល​អាច​ផ្សះផ្សា​ដំណោះស្រាយ។
គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀត​ថា បាតុកម្ម​របស់​ខ្លួន​អំពាវនាវ​ឲ្យ​បង្កើត​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត បើ​ទោះ​បី​ជា​ពន្លឺ​នៃ​ការ​បងើ្កត​គណៈកម្មការ​នេះ​ហាក់​ដូច​ជា​ងងឹត​ទៅៗ​ក៏​ដោយ។
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស បាន​សង្កត់​លើ​ចំណុច​នោះ​ជា​ថ្មី​កាល​ពី​ម្សិលមិញ​ដោយ​ថ្លែង​ផ្តោត​លើ​ផ្លូវ​អារម្មណ៍​ក្នុង​ការ​ធ្វើ​បាតុកម្ម បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា បាតុកម្ម​នឹង​ជា​ការ​បួង​សួង និង​ការ​សមាធិ។ លោក​បាន​ប្រាប់​ក្រុម​មនុស្ស​ថា៖ «អហិង្សា​នាំ​មក​នូវ​ជោគជ័យ​ខ្លាំង។ យើង​មិន​មាន​គោល​បំណង​ធ្វើ​បដិវត្តន៍ សង្គ្រាម រដ្ឋ​ប្រហារ ឬ​ភេរវកម្ម [នយោបាយ] ឡើយ ប៉ុន្តែ​យើង​ស្វែង​រក​យុតិ្តធម៌»។
លោក​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​កំពុង​បង្ហាញ​គោលការណ៍​បាតុកម្ម​អហិង្សា​លើ​ឆាក​ថ្ងៃ​នេះ ដើម្បី​បង្រៀន​អ្នក​គាំទ្រ​អំពី​របៀប​ធ្វើ​ឲ្យ​ចិត្ត​ស្ងប់»។ លោក កឹម សុខា បាន​ឲ្យ​ដឹង​ថា បាតុកម្ម​នឹង​បន្ត​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​សម​ស្រប។
ថ្លែង​មក កាន់ ភ្នំពេញ ប៉ុស្តិ៍ ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​កាល​ពី​ម្សិលមិញ អ្នក​ជំនាញ​សន្តិភាព​បរទេស ដែល​បាន​អញ្ជើញ​ដោយ​គណបក្ស​ឲ្យ​មក​ដឹក​នាំ​ការ​ហាត់​សម កាល​ពី ១ សប្តាហ៍​មុន​នោះ បាន​ឲ្យ​ដឹង​ថា មាន​ការ​យល់​ខុស​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា ដែល​ថា​បាតុកម្ម​អហិង្សា​មិន​មែន​ជា​បាតុកម្ម​នោះ​ទេ៕

No comments:

Post a Comment

yes