គណៈប្រតិភូគណបក្សសង្គ្រោះជាតិ ដែលមានគ្នាប្រមាណជា ២០នាក់ ដឹកនាំដោយលោក សម រង្ស៊ី និងលោកកឹម សុខា នឹងទៅទទួលព្រះមហាក្សត្រ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃពុធស្អែកនេះ ពេលព្រះអង្គយាងត្រឡប់ពីប្រទេសចិនវិញ នៅរសៀលថ្ងៃទី ១១កញ្ញា។ ព្រះអង្គក៏នឹងកោះអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតនីតិកាលទី៥នេះ ឲ្យចូលប្រជុំសភាដំបូង នៅថ្ងៃទី២៣កញ្ញា។ គណបក្សប្រឆាំងបដិសេធ មិនប្រាប់ពីប្រធានបទដែលត្រូវទូលថ្វាយព្រះមហាក្សត្រនៅឡើយទេ។
លោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងគណៈប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលមានសមាជិកប្រមាណជា ២០នាក់ នឹងបង្ហាញមុខនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃពុធទី១១កញ្ញា។ ពួកគេត្រូវទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពីទីក្រុងប៉េកាំងប្រទេសចិន។
លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅរសៀលថ្ងៃអង្គារនេះថា គណបក្សរបស់លោកបានជូនដំណឹងទៅព្រះបរមរាជវាំងរួចហើយ អំពីវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក្នុងការទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រ។ ប៉ុន្តែ លោកបានបដិសេធមិនព្រមប្រាប់អំពីប្រធានបទអ្វីខ្លះដែលត្រូវទូលថ្វាយព្រះមហាក្សត្រនៅពេលនោះទេ។
យ៉ាងណាក៏ដោយ វាមិនមែនជារឿងចៃដន្យទេ ដែលមេដឹកនាំបក្សប្រឆាំងស្កាត់ទៅជួបព្រះមហាក្សត្រនៅឯព្រលានយន្តហោះនោះ។ ការយាងត្រឡប់មកវិញរបស់ព្រះមហាក្សត្រនៅពេលនេះបានធ្វើឡើងស្របពេលដែលព្រះអង្គត្រូវកោះអញ្ជើញអ្នកតំណាងរាស្ត្រជាប់ឆ្នោតទាំងអស់ ឲ្យចូលប្រជុំសភាដំបូង។
ក្នុងព្រះរាជសារទៅកាន់ លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៩កញ្ញា ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រះអង្គនឹងកោះប្រជុំសភាដំបូងនៅថ្ងៃទី ២៣កញ្ញា។ កិច្ចប្រជុំសភាដំបូង ដែលគណបក្សសង្គ្រោះជាតិប្រកាសធ្វើពហិការ។
នេះគឺជាប្រធានបទដែលគេមើលឃើញថា គណបក្សប្រឆាំងត្រូវរូតរះ ដើម្បីបានគាល់ព្រះមហាក្សត្រ ដើម្បីទូលថ្វាយព្រះអង្គអំពីគោលបំណងពហិការរបស់ខ្លួន។ កាលពីដំបូងឡើយមានព័ត៌មានលេចលឺថា គណបក្សសង្គ្រោះជាតិគ្រោងចូលគាល់ព្រះមហាក្សត្រនៅក្នុងព្រះបរមរាជវាំងនៅថ្ងៃទី ១១កញ្ញាដដែលនោះ។ ប៉ុន្តែ ក្រោយមក គណបក្សប្រឆាំងក៏បានបង្វែរទៅជាការទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រវិញ។
លោក យឹម សុវណ្ណ បានបញ្ជាក់ថា ព័ត៌មានស្តីពីការចូលគាល់ព្រះមហាក្សត្រក្នុងព្រះបរមរាជវាំងនោះ គឺជាការផ្តល់ព័ត៌មានភាន់ច្រឡំរបស់មន្ត្រីខុទ្ទកាល័យគណបក្សរបស់លោកតែប៉ុណ្ណោះ។
គេរំពឹងថា គណបក្សសង្គ្រោះជាតិនឹងឆ្លៀតយកឱកាសទទួលព្រះរាជដំណើរយាងនិវត្តន៍នោះ ដើម្បីទូលថ្វាយព្រះអង្គអំពីបញ្ហានយោបាយជាមិនខាន៕
No comments:
Post a Comment
yes