យុវជនម្នាក់រងរបួស ពេលជាប់ក្នុងរនាំងបន្លាលួស
កាំភ្លើងចាញ់គ្រាប់បែកផ្សែង
ក្រុមប៉ូលីសបានបាញ់គ្រាប់បែកផ្សែងទៅលើហ្វូងបាតុករដែលបានប្រមូលផ្តុំគ្នានៅម្តុំមាត់ទន្លេ នៅពេលល្ងាចថ្ងៃអាទិត្យនេះ ខណៈពេល ក្រុមបាតុករមួយក្រុមតូចនេះ បានចោលដំថ្ម ស្បែកជើង និងចង្រឹងដែកខ្លីៗត្រលប់ទៅខាងប៉ូលីសវិញ។
ហិង្សាប៉ះទង្គិចនេះបានផ្ទុះឡើង បន្ទាប់ពីក្រុមបាតុករបាននាំគ្នាទាញ រនាំងដែក បន្លាលួសខ្លះយកទៅក្រវាត់ចោល ទៅក្នុងទន្លេសាប ហើយក្រោយមកខាងប៉ូលីសក៏បានតបតវិញដោយ បាញ់ទឹកដាក់ពួកគេ។
យុវជនម្នាក់ត្រូវជាប់នៅក្នុងរនាំងបន្លាលួស ខណៈពេលក្រុមប៉ូលីសបន្តបាញ់ទឹកដាក់ពួកគេទៀត ដោយយុវជននេះប្រញាប់ប្រញាល់រត់ពីកន្លែងដែលគេបាញ់ទឹកហ្នឹង ប៉ុន្តែយុវជនម្នាក់នោះត្រូវបាន ក្រុមជួយសង្គ្រោះបន្ទាន់បាននាំទៅព្យាបាល។ ក៏មានយុវជនម្នាក់ទៀតរងរបួសដែរក្នុងពេលនោះ។
ប៉ូលីសម្នាក់ក្នុងចំណោមប៉ូលីសជាច្រើនរយនាក់ ប្រដាប់ដោយអាវុធ ខែល កាំភ្លើងនិងដំបងនោះ ក៏ត្រូវបានរាយការណ៍ថា រងរបួសផងដែរក្នុងពេលប៉ះទង្គិចនោះ។
ស្ថានភាពហាក់បានស្ងប់ស្ងាត់បន្តិច ខណៈពេលដែលមន្ត្រីនៃឧត្តមស្នងការទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានជិះឡានមកដល់កន្លែងកើតហេតុ មុខរនាំងដែក និងបន្លាលួស។
មន្ត្រីអង្គការសិទ្ធិមនុស្ស បានជួបចរចារជាមួយនឹងលោកជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ពីការកើតមានអំពើហិង្សានោះ ដោយហាមមិនឲ្យអ្នកសារព័ត៌មានចូលស្តាប់ឡើយ។
បន្ទាប់ពីបានចរចារ លោក ជួន សុវណ្ណ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្តិចថា ពួកគេឃើញផ្ទាល់ភ្នែកហើយ ថា ក្រុមបាតុករជាអ្នកប្រើអំពើហឹង្សា អូសរនាំងបន្លាលួស ដែលដាក់ការពារតំបន់ព្រះបរមរាជវាំង ដែលទុកការពារសុវត្ថិភាព ព្រះបាទនរោត្តម សីហមុនី។
លោកបានចោទសួរថា ហេតុអ្វីបានជាក្រុមបាតុករដើរមកតវ៉ាដល់វត្ត ឧណ្ណាឡោមនេះ នៅពេលដែលបានព្រមព្រៀងគ្នាច្បាស់លាស់ហើយថា គណបក្សសង្គ្រោះជាតិត្រូវបានអនុញ្ញាតឲ្យធ្វើ បាតុកម្មអហិង្សា នៅតែទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ។
បន្តិចក្រោយមក លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានមកដល់កន្លែងកើតការប៉ះទង្គិច និងបានអំពាវនាវឲ្យ បាតុករទាំងអស់ បញ្ឈប់អំពើហិង្សា ដោយនាំគ្នាទៅត្រលប់ទៅផ្ទះ ឬអាចត្រលប់ទៅទីលានប្រជាធិបតេយ្យវិញដើម្បីស្តាប់ភ្លៀងនៅទីនោះ។
លោកបានថ្លែងទៅកាន់ហ្វូងមនុស្សនោះថា «ខ្ញុំសុំអំពាវនាវឲ្យក្រុមយុវជន និងអ្នកទាំងអស់គ្នាពីក្រុមណាទេ សូមបញ្ឈប់អំពើហិង្សាភ្លាម។ យើងមិនត្រូវការ ការប្រើអំពើហិង្សាទេ, ដូច្នេះ ខ្ញុំសូមថ្កោលទោស អ្នកណាដែលបានប្រើអំពើហិង្សា ប្រើដំថ្ម ឬក៏ការជេប្រមាថ»។
ស្ថានការណ៍ទាំងមូលបានវិលត្រលប់ទៅកាន់សភាពស្ងប់ស្ងាត់វិញ ក្រោយពេលដែល មេដឹកនាំបក្សប្រឆាំងរូបនេះ បានត្រលប់ទៅទីលានប្រជាធិបតេយ្យវិញ ដែលជាកន្លែងដែលរូបលោក និងអ្នកគាំទ្រ កំពុងធ្វើបាតុកម្មអហិង្សាជាលើកទី ពីរចំនួន បីថ្ងៃ ដើម្បីទាមទារឲ្យមានការបង្កើតគណៈកម្មាការចម្រុះស៊ើបអង្កេតទៅលើភាពមិនប្រក្រតីនៃការបោះឆ្នោត។ ចំណែកឯ ក្រុមបាតុករខ្លះក៏បានវិលទៅតាមលោក សម រង្ស៊ី វិញដែរ។
ដោយឡែក តាំងពីព្រលឹមថ្ងៃអាទិត្យទី ១៥ នេះ ផ្លូវសំខាន់ៗមួយចំនួនត្រូវបានបិទ ដែលបណ្តាលឲ្យការកកស្ទះផ្លូវស្ទើរគ្រប់ទីកន្លែង ខណៈពេលប្រជាពលរដ្ឋ និងអ្នកដូរក្នុងរាជធានីភ្នំពេញ បានបិទទ្វារខ្លះ ក្នុងស្ថានភាពនៃទីក្រុងមួយនេះដែលជាបេះដូងប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់ខុសធម្មតា។
No comments:
Post a Comment
yes