សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ឲ្យ​មន្ត្រី​​បក្ស​​ប្រឆាំង​​ចូល​ប្រជុំ​សភា

ព្រះ​មហាក្សត្រ​៣០៥
៩-វិច្ឆិកា-០៩: ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី យាង​ចូល​រួម​ជា​
អធិបតីភាព​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​ទី​៥៦ នៅ​វិមាន​ឯករាជ្យ នា​រាជធានី​ភ្នំពេញ

ព្រះមហាក្សត្រ​បាន​ផ្ញើ​ព្រះរាជសារ​ជូន​សមាជិក សមាជិកា រដ្ឋ​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​រូប នៅ​ថ្ងៃ​ទី​១៨ កញ្ញា បញ្ជាក់​ថា យោង​តាម​មាត្រា ៨២​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ព្រះអង្គ​នឹង​យាង​ជា​ព្រះ​រាជាធិបតី​នៅ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា។

ព្រះមហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​បញ្ជាក់​នៅ​ក្នុង​ព្រះរាជសារ​ថា ព្រះអង្គ​សូម​ឯកឧត្ដម និង​លោក​ជំទាវ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ មេត្តា​អញ្ជើញ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​ដំបូង ដើម្បី​បង្ហាញ​នូវ​ការ​រួបរួម​ជាតិ​និង​ឯកភាព​ជាតិ។
នៅ​ក្នុង​ព្រះរាជសារ​ព្រះមហាក្សត្រ​បាន​ឲ្យ​ដឹង​ថា ព្រះអង្គ​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​របស់​ឯកឧត្ដម និង​លោក​ជំទាវ​ទាំង ៥៥​រូប ចុះ​ថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ​២០១៣ ដែល​បាន​ទូល​ថ្វាយ​ព្រះអង្គ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បើក​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​នីតិកាល​ទី​៥។
កាល​ពី​ថ្ងៃ​ទី​១៧ កញ្ញា លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ ថា​បើ​សិន​ជា​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាក់ទង​ជាមួយ​ការ​ផ្ដល់​យុត្តិធម៌​ដល់​អ្នក​បោះ​ឆ្នោត​មិន​បាន​ជោគជ័យ​ទេ សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូល​រួម​សម័យ​ប្រជុំ​សភា​ដំបូង​ឡើយ។
ចាប់​តាំង​ពី​មាន​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចំពោះ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​បាតុកម្ម​អហិង្សា​តវ៉ា​ចំនួន ២​លើក​ហើយ​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ។
នៅ​ក្នុង​បាតុកម្ម​តវ៉ា​លើក​ទី​២ ថ្ងៃ​ទី​១៥ កញ្ញា អាជ្ញាធរ​បាន​បិទ​ផ្លូវ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​អ្នក​ដំណើរ​នៅ​ស្ពាន​អាកាស​ក្បាលថ្នល់ បណ្ដាល​ឲ្យ​មាន​ការ​បង្ក្រាប​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ របួស​មួយ​ចំនួន និង​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​កាត់​ទោស ៦​នាក់។
ទាក់ទង​នឹង​​ការ​បើក​កិច្ច​ប្រជុំ​សភា​នេះ​ដែរ អ្នក​វិភាគ​លើក​ឡើង​ថា កម្ពុជា​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​នៅ​ពេល​ខាង​មុខ ប្រសិន​គណបក្ស​ប្រជាជន​កម្ពុជា បើក​កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២៣ កញ្ញា ដោយ​ឯក​បក្ស​មែន​នោះ ហើយ​កម្ពុជា​នឹង​ដើរ​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​រដ្ឋ​ធម្មនុញ្ញ។
អ្នក​វិភាគ​ពន្យល់​ថា ដើម្បី​ឲ្យ​គ្រប់​ភាគី​ទទួល​យក​បាន​ទាំង​អស់​គ្នា និង​ដើម្បី​ឈាន​ទៅ​បង្កើត​រដ្ឋាភិបាល​ស្រប​ច្បាប់​នោះ គឺ​ព្រះមហាក្សត្រ​ត្រូវ​ពន្យារ​ពេល​បើក​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​សិន ទុក​ឱកាស​ឲ្យ​គណបក្ស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នយោបាយ​ឲ្យ​បាន​ជា​មុន​សិន បើ​មិន​ដូច្នោះ​ទេ កម្ពុជា​នឹង​ជួប​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ និង​ជា​ការ​ជៀសវាង​បង្កើត​ប្រវត្តិសាស្ត្រ​អាក្រក់​មួយ​របស់​ខ្លួន។
សូម​ស្ដាប់​បទសម្ភាសន៍​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក កែម ឡី អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​បញ្ហា​នេះ៖

No comments:

Post a Comment

yes