សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 18, 2013

បទ​វិភាគ៖ហេតុ​អ្វី​បក្ស​ប្រជាជន​បដិសេធ​បង្កើត​គណៈកម្មការ​ចម្រុះ?

ហ៊ុន សែន ៦១០
ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន (កណ្ដាល)
 ក្នុង​កិច្ច​ប្រជុំ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ 
នា​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​២០១៣

រហូត​មក​ទល់​ពេល​នេះ ក្រុម​មន្ត្រី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ថា បក្ស​កាន់​អំណាច​មួយ​នេះ​នៅ​តែ​មិន​អាច​ចូល​រួម​ក្នុង​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ ស៊ើប​អង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​បាន​ទេ ដោយសារ​តែ​កម្ពុជា មិន​មាន​ច្បាប់​ណា​មួយ​តម្រូវ​អោយ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ ក្រុម​អ្នក​វិភាគ​និយាយ​ថា គណៈកម្មការ​ចម្រុះ​នោះ​អាច​បង្កើត​ទៅ​បាន​យ៉ាង​ងាយ​ស្រប​តាម​យន្តការ​ដែល​មាន​ស្រាប់ ដូច​អ្វី​ដែល​កម្ពុជា ធ្លាប់​ធ្វើ​កន្លង​មក។

ការ​ចរចា​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មាន​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។ គោលដៅ​ទី១​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ចរចា​នោះ គឺ​ការ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដែល​ចំណុច​សំខាន់​នេះ​ប្រៀប​ដូច​ជា​ឆ្អឹង​ទទឹង​ក​របស់​បក្ស​ប្រជាជន​កម្ពុជា។
ក្រុម​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ទាំង​ពីរ គឺ លោក សម រង្ស៊ី និង លោក កឹម សុខា បាន​សច្ចា​កាល​ពី​ថ្ងៃ​ទី១៧ ថា ដរាប​ណា​គ្មាន​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​រក​យុត្តិធម៌​ដល់​ការ​បោះ​ឆ្នោត​ទេ​នោះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​មិន​អាច​ចូល​រួម​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី២៣ ខែ​កញ្ញា បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​ថា គណៈកម្មការ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​គ្មាន​ច្បាប់​ចែង​អំពី​ការ​បង្កើត​យន្តការ​នេះ​ឡើង។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ជម្លោះ​ជាមួយ​បក្ស​សង្គ្រោះ​ជាតិ ទេ តែ​បក្ស​សង្គ្រោះ​ជាតិ ខ្លួន​ឯង​ទេ ដែល​កំពុង​មាន​បញ្ហា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ចេះ​ចប់។
ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រូប​នេះ​ខិតខំ​បកស្រាយ​អោយ​គណបក្ស​ប្រជាជន យ៉ាង​ណា​ក៏ដោយ ជាក់​ស្ដែង​គេ​ឃើញ​ថា ទាំង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ សុទ្ធតែ​គ្រប់គ្រង​ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ស្ថាប័ន​កំពូល​ទាំង​ពីរ​នេះ​បាន​រង​ការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ ថា​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​ពី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា។
ឧទាហរណ៍ ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាច្រើន​ទាំង​មុន ក្នុង​ពេល និង​ក្រោយ​ពេល​បោះ​ឆ្នោត។ អង្គការ​ធំ​ចំនួន​ពីរ​រួម​មាន​អង្គការ ខុមហ្រ្វែល (Comfrel) និង​អង្គការ អិន.ឌី.អាយ (NDI) បាន​រក​ឃើញ​ថា នៅ​មុន​ពេល​បោះ​ឆ្នោត អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ជាង ១​លាន​នាក់ បាន​បាត់​ឈ្មោះ​របស់​ខ្លួន​ពី​បញ្ជី​បោះ​ឆ្នោត។ ភាព​មិន​ប្រក្រតី​ទាំង​នោះ​ក៏​ត្រូវ​បាន​លាត​ត្រដាង​ផង​ដែរ នៅ​ពេល គ.ជ.ប បើក​កញ្ចប់​សុវត្ថិភាព "ក" នៃ​មណ្ឌល​បោះ​ឆ្នោត​មួយ​ចំនួន។
ជុំវិញ​ការ​ប្រកាន់​ជំហរ​របស់​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បដិសេធ​អំពី​ការ​បង្កើត​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត ដោយ​សម្អាង​ថា គ្មាន​ច្បាប់​បង្កើត​នោះ អ្នក​វិភាគ​ជាច្រើន​បាន​ចាត់​ទុក​ការ​អះអាង​នេះ​ថា ជា​នយោបាយ​មួយ​ដើម្បី​បំភ័ន្ត​មហាជន​តែ​ប៉ុណ្ណោះ។ បើ​និយាយ​ពី​ទម្លាប់​បង្កើត​គណៈកម្មការ ឬ​ក្រុម​ការងារ​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​នោះ គេ​ឃើញ​ថា កម្ពុជា បាន​ធ្វើ​តែ​របៀប​នេះ​ជាច្រើន​សន្ធឹកសន្ធាប់​មក​ហើយ ដូច​ជា​គណៈកម្មការ​អន្តរ​ក្រសួង គណៈកម្មការ​សម្រប​សម្រួល​មូលនិធិ​សកល​របស់​ក្រសួង​សុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​ក្រុម​ការងារ​សម្រប​សម្រួល​រវាង​ម្ចាស់​ជំនួយ និង​រដ្ឋាភិបាល ហើយ​និង​គណៈកម្មការ​ចុះ​វាស់វែង​ដីធ្លី ដែល លោក ហ៊ុន សែន បង្កើត​ជា​អត្តនោម័តិ​ថែម​ទៀត​នោះ។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ស្រាវជ្រាវ​សង្គម ថ្លែង​ថា ការ​ខិតខំ​គេចវេស​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ ដោយសារ​បក្ស​ប្រជាជន​កម្ពុជា អាច​ភ័យ​ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ កើន​អាសនៈ​ជាង​មុន​ទៀត ក្រោយ​ពី​រក​ឃើញ​ការ​ពិត។
កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ក្នុង​ជំនួប​ត​ទល់​គ្នា​រយៈពេល​ប្រមាណ ៥​ម៉ោង នៅ​វិមាន​រដ្ឋសភា រវាង​ក្រុម​មេ​ដឹក​នាំ​កំពូលៗ​របស់​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​តែ​មិន​អាច​ស្វែង​រក​ចំណុច​ស្រប​ណា​មួយ ក្នុង​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ។ ការ​ខ្វែង​គំនិត​គ្នា​ត្រង់​ចំណុច​នេះ ដោយសារ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​ពិត​ប្រាកដ ហើយ​មិន​អាច​សើរើ​ចំនួន​អាសនៈ​ដែល​ប្រកាស​ដោយ គ.ជ.ប បាន​ឡើយ ជា​ពិសេស​បន្ទាប់​ពី​ព្រះមហាក្សត្រ​ខ្មែរ​បាន​ចេញ​លិខិត​អញ្ជើញ​តំណាង​រាស្ត្រ​ថ្មី​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ៦៨ និង​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥៥​អាសនៈ​ដូច​ការ​ប្រកាស​របស់ គ.ជ.ប អោយ​ចូល​រួម​ប្រជុំ​រដ្ឋសភា​ដំបូង​នៅ​ថ្ងៃ​ទី២៣ កញ្ញា ខាង​មុខ​នេះ។
រហូត​មក​ទល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ត្រឹម​តែ​យល់​ស្រប​តាម​គណបក្ស​សង្គ្រោះ​ជាតិ លើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​មើល​ទៅ​ទំនង​គ្រាន់​តែ​ជា​ការ​សន្យា​អោយ​ល្អ​មើល ឬ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ទន់​ចិត្ត ដើម្បី​ឆាប់​យល់​ព្រម​ចូល​ប្រជុំ​បង្កើត​រដ្ឋសភា​ថ្មី​តែ​ប៉ុណ្ណោះ ពីព្រោះ​កន្លង​មក​នេះ ក្នុង​អំឡុង​ពេល​ឃោសនា និង​ក្រោយ​ការ​ជាប់​ឆ្នោត​ម្តងៗ រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ជាមួយ​ប្រជារាស្ត្រ​ថា​នឹង​ដោះស្រាយ​បញ្ហា​សង្គម​ធំៗ​ច្រើន​ជូន​សង្គម​ជាតិ ប៉ុន្តែ​ភាគ​ច្រើន​នៃ​បញ្ហា​ទាំង​នោះ មិន​ត្រូវ​បាន​ដោះស្រាយ​ឡើយ។  ដូច្នេះ បើ​ពាក្យ​សន្យា​របស់​ខ្លួន​មិន​បាន​គោរព​ផង តើ​គេ​គួរ​ជឿ​ដែរ​ទេ​ថា គណបក្ស​មួយ​នេះ​នឹង​គោរព​សម្ដី​របស់​ខ្លួន​លើក​នេះ?
លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ថា បើ​ទោះ​បី​ការ​ជួប​ចរចា​ជាមួយ លោក ហ៊ុន សែន កន្លង​មក​មិន​អាច​ដំណោះស្រាយ​អំពី​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​ក៏ដោយ ក៏​ក្រុម​បក្ស​ប្រឆាំង​បាន​ទាមទារ​ឲ្យ​មាន​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ស្រប​តាម​អនុសាសន៍​របស់​បេសកជន​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយៗ​ទៀត។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​រយៈពេល ២​អាណត្តិ ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ ដោយ​តម្រូវ​ឲ្យ​ចៅក្រម និង​ព្រះរាជ​អាជ្ញា​មិន​មែន​ជា​សមាជិក​របស់​គណបក្ស​នយោបាយ។ ហើយ​ជាង​នេះ​ទៅ​ទៀត ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រជាមតិ ជ្រើស​រើស​ថ្នាក់​ដឹក​នាំ​នៃ​អគ្គ​បញ្ជាការដ្ឋាន​នគរបាល​ជាតិ ឬ​អគ្គ​មេបញ្ជាការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ជាដើម។
ចំណែក​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ បាន​ផ្តល់​អនុសាសន៍​ថា ការ​បង្កើត​គណៈកម្មការ​ពិសេស​ដោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត អាច​ជា​ការ​ផ្តល់​ផល​ប្រយោជន៍​ទៅ​ឲ្យ​គណបក្ស​ធំៗ​ទាំង​ពីរ​ទៅ​វិញ​ទេ។ លោក​បណ្ឌិត​បន្ត​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​បើក​ចំហ​ផ្លូវ​ចិត្ត​ក្នុង​ការ​កែ​ទម្រង់​គោល​នយោបាយ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​តវ៉ា​ទេ​នោះ គណបក្ស​មួយ​នេះ​នឹង​ធ្លាក់​សំឡេង​ឆ្នោត​ត​ទៅ​ទៀត៕

No comments:

Post a Comment

yes