សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 3, 2013

អង្គការ​ការពារ​ព្រៃ​ឈើ​រក​ឃើញ​គ្រញូង​ជាង៣តោនរបស់​មន្ត្រី​ប៉េអឹម

130903_10
ឈើ​ប្រណីត​ដែលខាងអង្គការ​ការ​ពារ​ព្រៃ​ឈើ​មួយ​ប្រទះ​ឃើញ​
ដឹកចេញ​ទៅវៀត​ណាម​​​
ឈើ​គ្រញូង​ប្រមាណ​ជា​៣​តោន ដែល​គេ​អះអាង​ថា​ជា​របស់​មន្រ្តី​អាវុធ​ហត្ថ​ខេត្ត​កំពង់ស្ពឺ​ម្នាក់​ ត្រូវ​​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ស្រាវ​ជ្រាវ​រក​ឃើញ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ឱរ៉ាល់ ​ពេល​កំពុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។
លោក ​ជា ហ៊ាន ​ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ​និង​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ខេត្ត​កំពង់ស្ពឺ ​និង​បុគ្គលិក​២​នាក់​បាន​និង​កំពុង​តែ​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​ ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំឱរ៉ាល់ ក្នុង​ស្រុក​ឱរ៉ាល់ ចាប់​តាំង​ពី​ថ្ងៃ​ទី២១​ខែសីហា​កន្លង​មក ​ហើយ​កាល​ពី​ថ្ងៃ​ទី១ ​ខែ​កញ្ញា​នេះ​​ បាន​រក​ឃើញ​ឈើ​គ្រញូង​ប្រមាណ​ជា​៣​តោន​ដឹក​តាម​គោ​យន្ត។
លោក​បញ្ជាក់ ​ថា៖«វាជា​ឈើ​គ្រញូង​ដឹក​តាម​គោ​យន្ត​ទៅ​ដាក់​ឡាន​ស៊េរី​ទំនើបៗ បន្ត​ដឹក​ទៅ​ប្រទេស​វៀតណាម​។ អ្នក​ដឹក​ប្រាប់​ថា ឈើ​នេះ​ជា​របស់​មន្រ្តី​ប៉េអឹម​ខេត្ត​ម្នាក់»។

លោក​បន្ត​ថា ក្រៅ​ពី​នោះ​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​បាន​និង​កំពុង​ចូល​ក្នុង​ដែន​ជម្រក​ សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ​ដែល​ការពារ​ដោយ​ព្រះរាជ​ក្រឹត្យ​នោះ ​ដើម្បី​ទៅ​រក​ឈើ​គ្រញូង​ខ្លះ​ទៀត​បាន​កាប់​រាន​ដី​ព្រៃ​ការពារ​នោះ​យក​ទៅ​ លក់​ឲ្យ​ពួក​ឈ្មួញ ដោយ​អនាធិបតេយ្យ​គ្មាន​ការ​ទប់​ស្កាត់​ពី​អាជ្ញាធរ​នោះ​ទេ។​
លោក ជា ហ៊ាន ប្រាប់​ដែរ​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​ឈើ​ប្រណីត​ទាំង​នោះ ​លោក​បាន​រាយការណ៍​ជូន​អភិបាល​ស្រុក​ និង​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​សុំ​អន្តរាគមន៍។ ​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចាប់​យក​តែ​មួយ​ភាគ​តូច​តែ​ប៉ុណ្ណោះ។
លោក​បាន​អះអាង​ថា ៖ «ខ្ញុំ​រាយការណ៍ ទៅ​ទើប​គេ​ចាប់​តែ​គ្រញូង​បន្តិច​ប៉ុណ្ណោះ​ គឺ​គ្រាន់​ជា​លេស​ ព្រោះ​មាន​ការ​ឃុបឃិត​គ្នារក​ស៊ី​រវាង​ឈ្មួញ​និង​មន្រ្តី​ពាក់​ព័ន្ធ​នៅ​ទី​នោះ បើ​មិន​អ៊ីចឹង​មិន​មែន​បទល្មើស​កើត​ឡើង​បែប​នេះ​ហើយ​គ្មាន​ការ​បង្រ្កាប​ នោះ​ទេ»។ លោក​បញ្ជាក់​ថា មន្ត្រី​ពាក់​ព័ន្ធ​ គ្មាន​ឆន្ទៈ​ពិត​ប្រាកដ ​ដើម្បី​ការពារ​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ តែ​ថែម​ទាំង​បាន​ស្តី​បន្ទោស​លោក​ទៀត ​នៅ​ពេល​ដែល​លោក​ធ្វើ​សេចក្តី​រាយ​ការណ៍​សុំ​កិច្ច​អន្តរាគមន៍។
ទាក់​ទង​ ទៅ​នឹង​បញ្ហា​នេះ​ លោក​នៅ ​ណាក់ ​អនុ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​​បាន​ឲ្យ​ដឹង​ថា ​លោក​បាន​ទទួល​ព័ត៌មាន​ពី​បទ​ល្មើស​នោះ​ហើយ ហើយ​លោក​ក៏​បាន​អន្តរាគមន៍​រាយការណ៍​ទៅ​ប្រធាន​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់​រួច​ហើយ​ដែរ។
លោក នៅ ណាក់​ បាន​បញ្ជាក់​ថា៖«ខ្ញុំ​បាន​ធ្វើ​អន្តរាគមន៍​ ហើយ​មន្ត្រី​ដែន​ជម្រក​បាន​ចាប់​ឈើ​បាន​ប្រហែល​បី​តោន»។
ជុំវិញ បទ​ល្មើស​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​នេះ ​លោក​នួន បូរិន ប្រធាន​គម្រោង​អង្គការ​ជីវិត ​ថ្លៃ​ថ្នូរ​ដែល​ជួយ​សហគមន៍​ក្នុង​ការ​បង្កើត ​និង​ការពារ​ព្រៃ​ឈើ​បាន​មាន​ប្រសាសន៍​ថា ការ​កាប់​និង​ដឹក​ជញ្ជូន​អនុផល​ព្រៃឈើ វាក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​តំបន់​នេះ។
លោក ​នួន បូរិន បាន​បញ្ជាក់​ដែរ​ថា៖​«ការ កាប់​ឈើ​កើត​មាន​ជាយូរ​មក​ហើយ ​ប៉ុន្តែ​ការ​ទប់​ស្កាត់​មាន​តិច​តួច​ណាស់»។
ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​មន្រ្តី​ដែន​ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ។
ទោះ ​យ៉ាង​ណា​លោក ចែម សារីម អភិបាល​ស្រុក​ឪរ៉ាល់​បាន​ប្រាប់​ថា​ អនុផល​ព្រៃ​ឈើ​ទាំង​នោះ ភាគ​ច្រើន​គឺ​មក​ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន។
លោក ជា​ ហ៊ាន​ និង​ក្រុម​ការងារ​លោក​បាន​អះអាង នឹង​បញ្ចប់​ការ​ស៊ីប​អង្កេត​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ថ្ងៃ​ពុធ​នេះ ​ហើយ​នឹង​ធ្វើ​របាយ​ការណ៍​អំពី​លទ្ធផល​​អង្កេត ​ដាក់​ជូន​ទៅ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​នៅ​ពេល​ឆាប់ៗ នេះ​ផង​ដែរ។
លោក ជា ហ៊ាន​ ជាសកម្មជន​ការពារ​ធនធាន​ធម្មជាតិ​ម្នាក់​ដែល​ធ្លាប់​ជាប់​ឃុំ​ជា​ច្រើន​ ឆ្នាំ ​ដោយ​សារ​តែ​លោក​ប្តឹង​មន្រ្តី​ដែន​ជម្រក​សត្វ​ព្រៃ​និង​មន្ត្រី​អាជ្ញាធរ​ ជាង​២០០​នាក់​ពី​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ស្រុកឱ​រ៉ាល់​៕

No comments:

Post a Comment

yes