ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសនៅថ្ងៃសៅរ៍នេះថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្ស នឹងជួបជុំគ្នានៅថ្ងៃអាទិត្យ ដើម្បីសច្ចាជាមួយគ្នាថា មិនចូលរួមសម័យប្រជុំសភាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា និងសន្យាថាធ្វើការជាមួយគ្នា ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
លោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករបស់លោកថា បេក្ខជនតំណាងរាស្ត្រ ៦៣ នាក់ (បេក្ខជន ៥៥នាក់ជាប់ឆ្នោតផ្លូវការ+បេក្ខជន ៨នាក់ ដែលរងគ្រោះ ដោយសារភាពមិនប្រក្រតីចុងក្រោយបំផុតនៃការបោះឆ្នោត) កំពុងធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តសៀមរាបនៅថ្ងៃសៅរ៍នេះ។ លោកបន្តថា តំណាងរាស្ត្រទាំងនោះ នឹងជួបជុំគ្នា នៅមុខប្រាសាទអង្គរវត្ត នៅថ្ងៃស្អែក ហើយនឹងទៅកាន់បិណ្ឌនៅតាមវត្តមួយចំនួន នៅខេត្តសៀមរាប។
ក្នុងពេលសួរសុខទុក្ខព្រះអង្គម្ចាស់ធម្មិកោ កាលពីយប់ថ្ងៃសុក្រ នៅរមណីយដ្ឋានវត្តភ្នំ លោក កឹម សុខា និងលោក សម រង្ស៊ី ប្រកាសនៅមុខពលរដ្ឋថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភាទេ ហើយតំណាងរាស្ត្រទាំងអស់ នឹងស្មោះស្ម័គ្រជាមួយគ្នា តស៊ូ ដើម្បីស្វែងរកយុត្តិធម៌ជូនពលរដ្ឋជាម្ចាស់ឆ្នោត។
ថ្នាក់ដឹកនាំទាំងពីរ លើកឡើងបែបនេះ ជាការសន្យាជាមួយពលរដ្ឋ ដែលបារម្ភថា លោក សម រង្ស៊ី និងលោកកឹម សុខា នឹងចូលរួមជាមួយរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអាចជាការចាញ់បោកទៅថ្ងៃអនាគត។
អ្វីដែលពលរដ្ឋជាម្ចាស់ឆ្នោត អង្គការសង្គមស៊ីវិល និងអ្នកតាមដានសង្គម កំពុងតែយកចិត្តទុកដាក់នេះ គឺការឆ្លើយតបរបស់ព្រះមហាក្សត្រក្នុងការពន្យារពេលសម័យប្រជុំសភាលើកដំបូង។
នៅថ្ងៃសៅរ៍នេះ តំណាងប្រជាពលរដ្ឋម្ចាស់ញត្តិ បានប្រគល់ញត្តិភ្ជាប់ជាមួយស្នាមមេដៃប្រជាពលរដ្ឋ ចំនួន២៦,៣៥៦១មេដៃ ដល់មន្ត្រីព្រះបរមរាជវាំង ដើម្បីស្នើសុំព្រះមហាក្សត្រ មេត្តាកុំយាងជាព្រះរាជាធិបតី ក្នុងសម័យប្រជុំសភាលើកដំបូង នៅថ្ងៃទី ២៣ ខែកញ្ញា ខាងមុខនេះ។
កាលពីថ្ងៃសុក្រ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ពីបទពិសោធន៍នៃការដោះស្រាយបញ្ហាជាតិរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តមសីហនុ កាលពីឆ្នាំ២០០៣។សេចក្តីថ្លែងការណ៍ឲ្យដឹងថាទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាត ទូលថ្វាយព្រះករុណាជាអម្ចាស់ទ្រង់ព្រះមេត្តាជ្រាបថា កាលពីរដ្ឋសភានីតិកាលទី៣ ឆ្នាំ២០០៣ អតីតព្រះបាទនរោត្តមសីហនុ ទ្រង់មានព្រះរាជតម្រិះ និងសម្រេចព្រះទ័យ មិនយាងជាព្រះរាជាធិបតីក្នុងសម័យប្រជុំដំបូងនៃសភា ដោយហេតុថា ពេលនោះ មានតែបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន៧៣រូបតែប៉ុណ្ណោះ ដែលសម្រេចចូលប្រជុំ។
សេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី បានស្នើសុំព្រះមហាក្សត្រជាថ្មី ក្នុងការពន្យារពេលសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥នេះ រហូតដល់គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា រកដំណោះស្រាយ ដោយសន្តិវិធីចំពោះវិវាទ ឬបញ្ហាទាំងឡាយ ស្របតាមព្រះរាជតម្រិះរបស់ព្រះករុណា។
ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ខែកញ្ញា លោក សម រង្ស៊ី ថ្លែងថា គណបក្សសង្គ្រោះជាតិ មិនមែនមិនចង់ចរចាជាមួយគណបក្សប្រជាជនកម្ពុជាទេ គឺគោលជំហរចរចា ដើម្បីផលប្រយោជាតិ ដោយទាមទារតុល្យភាពនៃអំណាចក្នុងរដ្ឋសភា ដើម្បីត្រួតពិនិត្យការងារ និងកុំឲ្យមានការជិះសេះលែងដៃ ដូចអាណត្តិមុនៗ។ លោកបន្តថា គណបក្សសង្គ្រោះជាតិ ស្នើបន្តការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកការពិត ហើយវាត្រូវការពេលវេលាក្នុងការកែទម្រង់ដែលជាអនាគតប្រទេសជាតិ ដូច្នេះប្រសិនបើតក់ក្រហល់ប្រជុំសភា នាំឲ្យមិនមានពលជជែក ដែលនាំឲ្យខូចប្រយោជន៍ជាតិ៕
ប្រភពពី VOD

No comments:
Post a Comment
yes