លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពេលផ្តល់បទពិសោធន៍ដល់អ្នក
សារព័ត៌មាន កាលពីពេលកន្លងទៅ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានថ្លែងកោតសរសើរកងកម្លាំងសមត្ថកិច្ចដែលបានការពារសុវត្ថិភាពបានល្អចំពោះមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៧កញ្ញា។ លោកក៏បានថ្លែងអំណរគុណចំពោះអ្នកចូលរួមបាតុកម្មដែលបានគោរពច្បាប់បានល្អ និងអំពាវនាវឲ្យពួកគេស្ងប់ស្ងាត់ ហើយចូលរួមតែសកម្មភាពណាដែលគោរពច្បាប់។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងខណៈដែលគណបក្សសង្គ្រោះជាតិគ្រោងធ្វើមហាបាតុកម្មជាងថ្មីនៅថ្ងៃទី ១៥ដល់ ១៧ កញ្ញាខាងមុខ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្នុងនាមអគ្គបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតបានហៅមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ៧កញ្ញាថាជាជោគជ័យ។ ជោគជ័យដោយសារតែសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់បានល្អ និងក៏ដោយសារតែអ្នកចូលរួមបាតុកម្មទាំងអស់គោរពច្បាប់ និងធ្វើដោយអហិង្សា។
សេចក្តីអំពាវនាវរបស់លោក ស ខេង បានធ្វើឡើងចំពេលដែលគណបក្សសង្គ្រោះជាតិត្រៀមធ្វើមហាបាតុកម្មជាថ្មីទៀត។ ប៉ុន្តែ មហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតជាលើកទី២នេះមានរយៈពេល៣ថ្ងៃជាប់ៗដោយគ្មានឈប់សម្រាកឡើយ។ មហាបាតុកម្មលើកនេះត្រូវបានលោក សម រង្ស៊ី ប្រកាសថា នឹងធ្វើនៅទូទាំងរាជធានីភ្នំពេញតែម្តង។ គណបក្សប្រឆាំងប្រកាសថា នឹងទាមទារឲ្យបង្កើតគណៈកម្មការឯករាជដើម្បីស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតរហូតទាល់តែបានសម្រេច។
ប្រសិនបើដូច្នោះមែន មហាបាតុកម្មលើកនេះត្រូវគេរំពឹងថានឹងមានបញ្ហាប្រឈមមុខដាក់គ្នាខ្លាំងជាងមុន។ យ៉ាងណាក៏ដោយ លោក ស ខេង សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចទាំងអស់នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាជនប្រកបដោយការទទួលខុសត្រូវ និងជាពិសេសត្រូវបញ្ចៀសឲ្យបានជាដាច់ខាតនូវការប៉ះទង្គិចគ្នា៕
No comments:
Post a Comment
yes