សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 3, 2013

បទ​វិភាគ៖ហេតុ​អ្វី​រដ្ឋាភិបាល​ចល័ត​ទ័ព​ចូល​ទីក្រុង​ភ្នំពេញ?

ប៉ូលិស បាតុកម្ម ៦១០
នគរបាល​ហាត់​ពង្រាយ​បន្លាលួស​ដើម្បី​ការពារ​សន្តិសុខ នៅ​តំបន់​កោះពេជ្រ
 កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៣

រដ្ឋាភិបាល​បាន​កែន​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​មក​រាជធានី​ភ្នំពេញ ជា​បន្តបន្ទាប់ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា កន្លង​មក។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន​ឈ្នះ​ឆ្នោត ហើយ​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថា​មិន​ឯករាជ្យ និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​ក្នុង​ពេល​បោះ​ឆ្នោត។

ដោយសារ​តែ​ហេតុផល​នយោបាយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ជា​ញឹកញាប់​នោះ រដ្ឋាភិបាល​បាន​ប្រមែប្រមូល​កង​កម្លាំង​កាន់​តែ​ច្រើន ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​សង្គម។
តើ​កង​កម្លាំង​គ្រប់​ប្រភេទ​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ការ​ចល័ត​ទ័ព​នោះ ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ឬ​យ៉ាង​ណា?
ការ​ចល័ត​កងទ័ព​នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​នេះ បាន​កើត​មាន​ជា​ហូរហែ ដែល​មើល​ពី​រូបភាព​ពី​ខាង​ក្រៅ​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ហាក់​បី​ដូច​ជា​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​នេះ​ធ្វើ​មហា​បាតុកម្ម​ធំ​មែន​នោះ។

នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ភ្លាម គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម ក៏ប៉ុន្តែ​ការ​ប្រកាស​នេះ ហាក់​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។ ការ​ធ្វើ​មហា​បាតុកម្ម​នេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង កាល​ពី​ថ្ងៃ​ទី២៦ សីហា ទាំង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​នៅ​ទីលាន​ប្រជាធិបតេយ្យ បាន​ប្រកាស​កាន់​តែ​ច្បាស់​ថា គណបក្ស​នេះ​នឹង​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​មុន គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី៧ កញ្ញា ប្រសិន​បើ​រដ្ឋាភិបាល គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​អនុញ្ញាត​បង្កើត​គណៈកម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត​ទេ​នោះ។
ក៏ប៉ុន្តែ ដោយសារ​ឃើញ​ថា រដ្ឋាភិបាល​បាន​បញ្ចេញ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មាន​យន្តហោះ យោធា​ហោះ​ក្រឡឹង​នៅ​រាជធានី​ភ្នំពេញ និង​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ការ​ហ្វឹកហាត់​នៅ​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី១ កញ្ញា ដើម្បី​ត្រៀម​រក្សា​សន្តិសុខ និង​សុវត្ថិភាព​នោះ នៅ​ព្រឹក​ថ្ងៃ​ទី២ កញ្ញា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​កាសែត ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា និង​បន្ថែម​នូវ​ការ​ស្មិងស្មាធិ៍ ដើម្បី​សន្តិភាព ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ​ទៀត ធ្វើ​នៅ​ទូទាំង​ប្រទេស​នៅ​តាម​តំបន់​នីមួយៗ។
ក្រៅ​ពី​រដ្ឋាភិបាល​ប្រមូល​កង​កម្លាំង​ប្រដាប់​អាវុធ មាន នគរបាល ទាហាន និង​កង​រាជ​អាវុធហត្ថ​នោះ រដ្ឋាភិបាល​ក៏​បាន​ប្រមូល​រថក្រោះ រថពាសដែក យក​មក​រក្សា​ទុក​ក្នុង​រាជធានី​ភ្នំពេញ ដែរ។ ការ​បង្ហាញ​កង​កម្លាំង​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​អំពី​បញ្ហា​អស្ថិរភាព​នយោបាយ​កើត​ឡើង។ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​មាន​ការ​តក់ស្លុត​ចំពោះ​ការ​បញ្ចេញ​សកម្មភាព​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​ទេ។
ក៏ប៉ុន្តែ បញ្ហា​ជាក់ស្ដែង​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​កង​កម្លាំង​នៅ​ពេល​នេះ មើល​ទៅ​ហាក់​មិន​មែន​ជា​ការ​ត្រៀម​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុកម្ម​នោះ​ទេ ករណី​នេះ​ទាក់ទង​នឹង​ហេតុផល​នយោបាយ​ដ៏​ធំ​នៅ​ពី​ក្រោយ​ឆាក​ទៅ​វិញ​ទេ។
ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​ឆាក​នោះ គឺ​កង​កម្លាំង​ទាំង​នោះ​អាច​មិន​ប្រើ​អាវុធ ដើម្បី​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ទេ ពីព្រោះ​ថា ក្រុម​បាតុករ​ទាំង​នោះ​អាច​ជា​បងប្អូន​សាច់​ញាតិ​របស់​ពួក​គាត់ ឬ​អាច​ថា ពួក​គាត់​មួយ​ចំនួន​គាំទ្រ​គោល​នយោបាយ​ទាំង ៧​ចំណុច​របស់​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ថា​បាន ពីព្រោះ​ថា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រកាស​ថា មេ​ទាហាន​ធំៗ​មួយ​ចំនួន បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ដើម។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ គ្មាន​អាវុធ​ដើម្បី​ត​ទល់​ទេ។
នៅ​លើ​សកលលោក​គ្មាន​ប្រទេស​ណា​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដោយ​គ្មាន​អាវុធ​ត​ដៃ​ឡើយ។ ម្យ៉ាង​ទៀត យុទ្ធសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ តាម​មើល​ទៅ​ជា​យុទ្ធសាស្ត្រ "វាយ​ស្មៅ​បង្អើល​ពស់" ពោល គឺ​រដ្ឋាភិបាល​បញ្ចេញ​កង​កម្លាំង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​បាតុកម្ម និង​គណបក្ស​ប្រឆាំង​មាន​ការ​ស្ទាក់ស្ទើរ​ចិត្ត​ក្នុង​ការ​ចូល​រួម និង​ភ័យ​ខ្លាច។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​បញ្ចេញ​កង​កម្លាំង​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​ចង់​ឲ្យ​ជាប់​ឈ្មោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​មេ​ដឹក​នាំ​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​នោះ​ទេ ហើយ លោក ហ៊ុន សែន ក៏​មិន​ចង់​ជាប់​ឈ្មោះ​ថា ជា​មេ​ដឹក​នាំ​អាក្រក់​លើ​ពិភពលោក​ដែរ។ ម្យ៉ាង​ទៀត បើ​សិន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​បំផ្ទុះ​អាវុធ​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុករ​នោះ ជៀស​មិន​ផុត​ពី​ការ​ចោទ​ប្រកាន់​នានា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា រដ្ឋាភិបាល​ជា​អ្នក​បញ្ជា​នោះ​ឡើយ។
បញ្ហា​ទាំង​នេះ បើ​ពិនិត្យ​ទៅ​កង​កម្លាំង​របស់​ជាតិ​ស៊ី​ប្រាក់​ខែ​ពី​ប្រជាពលរដ្ឋ​នោះ អាច​មិន​បង្ក្រាប​ដោយ​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​ដៃ​ទទេ​ទេ ដោយ​ហេតុ​ថា នេះ​មិន​មែន​ជា​សង្គ្រាម​ការពារ​បូរណភាព​ទឹក​ដី​ទេ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ជាប់​ចំណង​ដ៏​ធំ​មួយ​ទៀត ដែល​មិន​អាច​ឲ្យ​កង​កម្លាំង​របស់​ខ្លួន​បំផ្ទុះ​អាវុធ​ទៅ​លើ​ក្រុម​បាតុករ​បាន​នោះ គឺ​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) កាល​ពី​ឆ្នាំ​២០០២ មក។ ហើយ​កាល​ណា​កង​កម្លាំង​ទាហាន​ណា​ម្នាក់​បាន​បំផ្ទុះ​អាវុធ​ទៅ​លើ​ក្រុម​បាតុករ ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ទៀត​ផង។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ស្ថាប័ន​អចិន្ត្រៃយ៍ ហើយ​ត្រូវ​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន លើ​ជន​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។
មាត្រា​៨ នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចែង​ថា ការ​ប្រើប្រាស់​អាវុធ​កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​ដែល​មាន​លក្ខណៈ​បណ្ដាល​ឲ្យ​រងគ្រោះ​ដ៏​លើសលប់ ឬ​គ្រោះថ្នាក់​ដែល​មិន​ចាំបាច់ ឬ​ដែល​មិន​រើស​មុខ​ជាប់​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ស្ដីពី​ជម្លោះ​ប្រដាប់​អាវុធ ដោយ​លក្ខខណ្ឌ​ថា អាវុធ កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​នោះ គឺ​ជា​កម្មវត្ថុ​នៃ​ការ​ហាមឃាត់​ដ៏​ទូលំទូលាយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ឧបសម្ពន្ធ​នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។
ការ​គ្រោង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ខុស​ពី​នៅ​ប្រទេស​មជ្ឈិមបូព៌ា ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន ដូច​ជា​នៅ​ប្រទេស​ស៊ីរី (Syria) ជាដើម។ នៅ​ប្រទេស​ស៊ីរី កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ទៅ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​នោះ ដោយសារ​តែ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​មាន​អាវុធ​ដូច​គ្នា។ តែ​ទោះ​ជា​យ៉ាង​ណា ការ​បាញ់​ប្រហារ​នឹង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​រាប់​ពាន់​នាក់​នោះ ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ។
ដោយ​ឡែក​នៅ​កម្ពុជា វិញ ការ​ធ្វើ​មហា​បាតុកម្ម​នេះ មិន​មែន​ជា​រូបភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ ហើយ​ក្រុម​បាតុករ​ក៏​មិន​មាន​អាវុធ​សម្រាប់​ត​ទល់ ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ។ ការ​ធ្វើ​បាតុកម្ម​នេះ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា ការ​ធ្វើ​មហា​បាតុកម្ម​នេះ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត ដែល​ជា​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​តែ​ប៉ុណ្ណោះ។
ជាង​នេះ​ទៅ​ទៀត ការ​បង្ហាញ​សាច់​ដុំ​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ថ្មីៗ​មក​នេះ អាច​ថា ជា​ការ​គំរាម​ទៅ​ដៃគូ​ក៏​ថា​បាន ពោល​គឺ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​បង្ហាញ​កម្លាំង​សាកល្បង​កន្លង​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​សន្ទុះ​អ្នក​គាំទ្រ​នៅ​តែ​ពុះ​កញ្ជ្រោល​ចង់​ធ្វើ​មហា​បាតុកម្ម​នោះ ដើម្បី​ឲ្យ​គណបក្ស​នេះ​បន្ទន់​ឥរិយាបថ​ខ្លះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចរចា​ឲ្យ​ត្រូវរ៉ូវ​គ្នា​នៅ​ដំណាក់​កាល​ចុង​ក្រោយ​ក៏​ថា​បាន ពីព្រោះ​ថា តាម​មើល​ទៅ គណបក្ស​ទាំង​ពីរ​ក៏​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា ឬ​ការ​បែក​បាក់​រវាង​ខ្មែរ និង​ខ្មែរ​ទេ ដោយ​ប្រទេស​កម្ពុជា មាន​មេ​រៀន​ប្រវត្តិសាស្ត្រ​អាក្រក់​ជា​ច្រើន អំពី​មេ​ដឹក​នាំ​ខ្មែរ​បែក​បាក់​គ្នា តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​នេះ៕

No comments:

Post a Comment

yes