លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្នុងសន្និសីទកាសែតនាពេលកន្លងមក
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យគ្រប់សមត្ថកិច្ចរាជធានីខេត្ត បង្កើតទីលានប្រជាធិបតេយ្យ ដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ធ្វើការតវ៉ាដោយអហិង្សារបស់ពលរដ្ឋតាមខេត្តនីមួយៗ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណបញ្ជាការសនិ្តសុខអចិន្រៃ្តយ៍សម្រាប់ការបោះឆ្នោត បានចុះហត្ថលេខានៅថ្ងៃទី១ កញ្ញា ដោយសរសេរក្នុងសេចក្តីណែនាំដល់អាជ្ញាធរថា ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ទីតាំងនៃការធ្វើបាតុកម្មអហិង្សា គួរកំណត់ឲ្យមាន «ទីលានប្រជាធិបតេយ្យ» តាមរាជធានីខេត្តនីមួយៗ។
លោកក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាពរាជធានីខេត្ត ពិនិត្យមើលនូវការស្នើសុំច្បាប់ធ្វើបាតុកម្មដោយសន្តិវិធី ដោយកោះអញ្ជើញអ្នកស្នើបាតុកម្ម ដើម្បីពិភាក្សាជាមួយគ្នា កំណត់នូវពេលវេលា ទីកន្លែង និងរយៈពេលនៃការធ្វើបាតុកម្ម ដោយផ្អែកលើបញ្ញតិ្តនៃការធ្វើបាតុកម្មដោយសន្តិវិធី។ លោកសរសេរបន្ថែមថា ៖ «ត្រូវបង្កើនវិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋាននីមួយៗ និងបង្កើនការប្រមែប្រមូលព័ត៌មានពីគ្រប់ប្រភព ដើម្បីម្ចាស់ការមានវិធានការទប់ស្កាត់និងបង្ក្រាបដោយប្រសិទ្ធភាព»។
នៅក្នុងលិខិតដដែលបានតម្រូវឲ្យអាជ្ញាធរនិងកងកម្លាំងបំពេញភារកិច្ចរក្សាការពារសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ នៃការធ្វើបាតុកម្មដោយសន្តិវិធី ត្រូវលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការគោរពវិន័យ សីលធម៌ វិជ្ជាជីវៈ ខិតខំរក្សាភាពអត់ធ្មត់ខ្ពស់បំផុតសំដៅ«បញ្ជៀសឲ្យបាននូវការប៉ះទង្គិចណាមួយ ហើយត្រូវណែនាំប្រជាពលរដ្ឋចូលរួមតែក្នុងសកម្មភាពណាដែលស្របតាមច្បាប់។
លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា តបតាមការណែនាំពីថ្នាក់ដឹកនាំក្រសួង សាលាខេត្តកណ្តាលកំពុងពិភាក្សាគ្នារកនូវទីតាំងណាមួយសមស្របសម្រាប់បង្កើតនូវទីលានប្រជាធិបតេយ្យនេះ។ លោកថ្លែងថា ៖ «យើងបានប្រជុំគ្នាកំណត់រកទីតាំងសមរម្យឲ្យបងប្អូនធ្វើបាតុកម្មបញ្ចេញមតិ តែយើងមិនទាន់កំណត់ពេលណាអាចចេញជារូបរាងឬស្ថិតនៅតំបន់ណាឡើយ»។
គួររំឭកថា ទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ ស្ថិតនៅលើសួនច្បារក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ បានបើកឲ្យប្រើប្រាស់កាលពីដើមខែវិច្ឆិកាឆ្នាំ២០១០ សម្រាប់ឲ្យអ្នកធ្វើបាតុកម្ម ឬតវ៉ាអហិង្សាធ្វើដោយសន្តិវិធីនៅទីនោះ ហើយអាជ្ញាធរបានកំណត់ចំនួនយ៉ាងច្រើនត្រឹម២០០នាក់ប៉ុណ្ណោះ។
ប៉ុន្តែកាលពីសប្តាហ៍មុន អាជ្ញាធរសាលារាជធានីភ្នំពេញ បានបន្ទោសដល់គណបក្សសង្គ្រោះជាតិដែលថា បានរៀបចំការជួបគ្នារវាងថ្នាក់ដឹកនាំ និងអ្នកគាំទ្រនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញកាលពីថ្ងៃទី២៦សីហាថាគ្មានសមត្ថភាពគ្រប់គ្រងកម្រិតចំនួនអ្នកគាំទ្រ ដែលមានច្រើនដល់២ម៉ឺននាក់។
លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំង បានអបអរសាទរចំពោះគោលការណ៍ថ្មីនេះ ហើយជាជំហានវិជ្ជមានមួយរបស់រដ្ឋាភិបាល យើងស្វាគមន៍»។
លោកបានថ្លែងថា៖«ការតវ៉ាជាបាតុកម្មអហិង្សា ឬការជួបជុំគ្នាដែលធ្វើដោយគណបក្សប្រឆាំង គឺគណបក្សមិនអាចឃាត់ឃាំងអ្នកចូលរួមពីតាមខេត្តបានទេ ព្រោះនេះជាសិទ្ធិរបស់គាត់»៕
No comments:
Post a Comment
yes