សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 15, 2013

កឹមសុខាថា​បក្ស​ប្រជាជន​បំផ្លាញ​សមិទ្ធិផល​សម្តេចសីហនុ

លោក កឹម សុខា ថ្លែងក្នុងពិធីឧទ្ទិសកុសល ថ្វាយអតីតព្រះមហាវិរៈក្សត្រ។
 (រូបថត គណបក្ស)

ជាថ្មីម្តងទៀតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានធ្វើការ ចោទប្រកាន់ចំៗ ចំពោះ​គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន ដែលទទួលបាន អំណាច គ្រប់គ្រងប្រទេស រហូតមកដល់ពេលនេះ មាន​រយៈពេលប្រហែជា ជាង៣០ឆ្នាំទៅ ហើយនោះ ថាបានបំផ្លិចបំផ្លាញ សមិទ្ធិផលដ៏មានតម្លៃ របស់អតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ។ តែការ ចោទប្រកាន់នេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជា បដិ សេធចោល និង​ថា​ជា ការនិយាយបំភ្លើស។

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ក្នុងពិធីសាសនា ដើម្បីឧទ្ទិសកុសល ថ្វាយ ដល់អតីតព្រះមហាវិរៈក្សត្រ នៅទីស្នាក់ការរបស់គណបក្ស ក្នុងខណ្ឌទួលគោក ថ្ងៃទី១៤ ខែតុលាឆ្នាំ ២០១៣ បានថ្លែងថា គណបក្សកាន់អំណាចបច្ចុប្បន្ន បានអះអាងថា ពួកគេការពារ រាជានិយម គាំ ទ្រអតីតព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ ហើយពួកគេថែមទាំងបាន​មួល​បង្កាច់ថាក្រុមនេះ ឬក្រុមនោះ ថាប្រឆាំងព្រះមហាក្សត្រ។

អនុប្រធានគណបក្សជំទាស់រូបនេះបន្តថា បើយោងលើ​ប្រវត្តិសាស្រ្ត បានបង្ហាញថាការពិត ពួកគេ នោះហើយ ដែលជាអតីតក្រុមកុំមុយនីស្ត បានប្រមាថព្រះមហាក្សត្រ​យ៉ាង​ធ្ងន់ធ្ងរ។
លោក កឹម សុខា បញ្ជាក់ថា៖ «ព្រះគុណូបការៈ ជាភស្តុតាងមួយចំនួន ដែលព្រះអង្គបាន កសាង​នៅសម័យសង្គម​រាស្រ្ត​និយម មានជាសំណង់ មានជារចនាសម្ព័ន្ធ មានទស្សនៈនយោ បាយ បានត្រូវគណៈបក្សកាន់អំណាចបច្ចុប្បន្ន បំផ្លាញចោល​អស់ហើយ។ ហើយជាការពិត»


តែការចោទប្រកាន់របស់ លោក កឹម សុខា ចំពោះករណីនេះ ត្រូវបានលោក ជាម យៀប មន្រ្តី ជាន់ខ្ពស់របស់គណបក្ស​ប្រជាជនកម្ពុជា ធ្វើការបដិសេធចោលទាំងស្រុង និងអះអាង ថាមិន អាចទទួលយកបាន ព្រោះសមិទ្ធិផល​របស់អតីត​ព្រះមហាវិរៈក្សត្រ ត្រូវបានបំផ្លិចបំផ្លាញតាំង ពីរបបខ្មែរក្រហមអស់ហើយ។

លោក ជាម យៀប បញ្ជាក់ថា៖ «រដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន បានផ្តេចជ្ញា ការ ពាររបបរាជានិយម ការពារ​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងការពារព្រះមហាក្សត្រ ទាំងបាវចនា របស់ជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ ហើយកន្លែង​ណាមួយដែលថា គណបក្សប្រជា ជនកម្ពុជាបានបំផ្លាញនោះ? វាជាការបំភ្លើសការពិតទាំងស្រុងរបស់ កឹម សុខា ដែល​ជាអនុ
ប្រធានគណបក្សសង្រ្គោះជាតិ។»សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទតែមួយនេះ
ឡើងវិញ ដោយចុចលើទីនេះ

គួរម្លឹកថា រហូតមកដល់ពេលនេះអ្នកនយោបាយកម្ពុជា នៅតែយកកេរតំណែល របស់អតីត ព្រះមហាវិរៈក្សត្រ នរោត្តម សីហនុ មកប្រើប្រាស់ក្នុងហេតុផលនយោបាយនៅឡើយ បើទោះ ជាព្រះអង្គបានយាងចូលទីវង្គតទៅហើយក្តី ព្រោះ​ប្រជា​ប្រិយភាពរបស់ព្រះអង្គ នៅតែស្ថិតក្នុង ផ្នត់គំនិត របស់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ស្រទាប់វណ្ណៈ។

ហើយអ្នកដែលហានយកសមិទ្ធិផលទាំងនោះ មកឃោសនា ក្នុងការកេងចំណេញនយោបាយ គ្នានអ្នកណាក្រៅពី​ឥស្សរជន​នយោបាយ របស់គណបក្សសង្រ្គោះជាតិ និងគណបក្សប្រជា ជនកម្ពុជានោះទេ ដែលអ្នកវិភាគឯករាជ្យ លើកឡើងថា អ្នកទាំងនោះច្រើនតែនិយាយ ក្នុង ចេតនា កេងចំណេញនយោបាយ ជាជាងការពាំនាំប្រវត្តិសាស្រ្តពិត និងសច្ចៈធម៌នយោបាយ ជូនប្រជាពលរដ្ឋ។

អ្នកវិភាគឯករាជ្យពីស្ថានការណ៍នយោបាយនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ បាន ពន្យល់ថា ករណីនេះ គណបក្ស​ទាំងពីរគឺដូចគ្នា ព្រោះពួកគេជាអ្នកនយោបាយ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្តថារដ្ឋាភិបាល​បានបំផ្លាញសមិទ្ធិផល​មួយ​ចំនួនពិតប្រាកដមែន តែក៏ ជំនួសមកវិញ តាមរយៈការកសាងនូវសមិទ្ធិផលថ្មីៗ មួយចំនួនផងដែរ៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes