សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

កសិកររងគ្រោះទឹកជំនន់សុំឲ្យរដ្ឋាភិបាលស្នើ​​ទៅធនាគារពន្យារពេលយកការប្រាក់​

ប្រជាកសិករ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​អន្តរាគមន៍​ទៅ​ម្ចាស់​ធនាគារ​ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ សុំ​ពន្យា​ពេល​យក​ការ​ប្រាក់​ពី​ប្រជាកសិករ កំពុង​រស់​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ទឹកជំនន់ នៅ​ឆ្នាំ​២០១៣​នេះ​។​
​មេភូមិ​ម្នា​ស់កាល ឃុំ​អូ​ដា ស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក ជួន ស៊ីវ​ជៀន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា កសិករ​ភាគច្រើន ខ្ចី​លុយ​ពី​ធនាគារ​អេស៊ី​លីដា  ស្ថាបនា​អ​ម្រិត និង​ប្រា​សាក់ ចាប់ពី ៥០០​ដុល្លារ ទៅ​៣០០០​ដុល្លារ ក្នុង​មួយ​គ្រួសារ ដើម្បី​ទិញ​សម្ភារៈ​ធ្វើស្រែ​ និង​ចម្ការ​។ ប៉ុន្តែ លោក​ថា  ទឹក​ជំនន់​​បាន​ធ្វើឲ្យ​ដំណាំ​របស់​កសិករ ត្រូវ​បាន​ខូចខាត​ស្ទើរ​តែ​​ទាំងស្រុង ធ្វើឲ្យ​ពួកគេ​មិន​មាន​លទ្ធភាព​បង់​ការ​ប្រាក់​ទៅ​ម្ចាស់បំណុល​ទាន់​ពេល​នោះ​ទេ​ ៖ "​ឥឡូវ​ខ្ញុំ​មិន​ដឹង​ថា​ធ្វើយ៉ាង​ម៉េចដែរ បើ​វា​ទូទៅ​អញ្ចឹង​ហើយឆ្នាំ​នេះ ឆ្នាំ​មុន​ៗ គាត់​អត់​មាន​ខូច​ខាត​អី​ ការ​សង​ទៅ​លើ​អង្គការអញ្ចឹង​វា​ស្រួល វា​ងាយ​​ស្រួល​ ដល់​​ឥឡូវ​នេះជួប​ការ​លំបាក​ វា​ដំណាំ​លិច​ទឹក​អស់​រលីង​ហើយ ដល់​អញ្ចឹង​មិន​ដឹង​គិត​យ៉ាង​ម៉េច​ទេ បង​ប្អូន​គាត់​ដក​ដំឡូង ដែល​ដំឡូង​លិច​ទឹក ស្អុយ​​ខ្លះ​អី​ខ្លះ​ហ្នឹង ហើយ​តម្លៃ​ថោកទៀត ដំឡូង​ស្រស់​មួយ​គីឡូ​មួ​យបាត"។
​អ្នកស្រី ​ព្រិល ភួង ជា​កសិករ​ក្នុង​ខេត្ត​បាត់ដំបង​ដែល​រងគ្រោះ​ធ្ងន់​ធ្ងរដោយ​ទឹកជំនន់​នោះ ឲ្យដឹងថា កសិករ​ប្រមាណ​ជា​៥០​ភាគរយ​ សម្រេចចិត្ត​ទៅ​ធ្វើ​ការងារ​ខុសច្បាប់​នៅ​ប្រទេស​ថៃ​ ដើម្បី​រក​ប្រាក់​យក​មក​បង់​ការប្រាក់​ធនាគារ​។ អ្នកស្រី​ថា គាត់​ចង់ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គណបក្ស​លោក​បាន​ដាក់​លិខិត​ទៅ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ សុំ​ពន្យា​ពេល​យកការប្រាក់​ពី​កសិករ​តែ​ស្ថាប័ន​​ទាំង​២​នេះ​មិន​ទទួល​លិខិត​នោះទេ​ ៖ "ដូច្នេះ​ត្រូវ​តែ​រិះ​រក​មធ្យោ​បាយ​ ដើម្បី​បន្ថូរ​បន្ថយ គឺ​អាច​លុប​​ផ្អាក​ការ​បង់​ការ​ប្រាក់​ ឬ​បន្ថូរ​បន្ថយ​ពន្យា​ពេល​យ៉ាង​ម៉េច អាហ្នឹង​គឺ​យើង​សុំ​ឲ្យ​អ្នក​ដែល​ទទួល​ខុស​ត្រូវ ស្ថាប័ន​មាន​សមត្ថ​កិច្ច​ហ្នឹង​ជជែកដោះស្រាយ​ជាមួយ​នឹង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​ជួយ​ដល់​ប្រ​ជា​ពលរដ្ឋ​ ហើយ​នេះ​គឺ​ជា​ទម្លាប់ដែល​បណ្តា​ប្រ​ទេស​មួយ​ចំនួន​គេ​បាន​ធ្វើ នៅ​ក្នុង​តំបន់​របស់​យើង​​​ ដើម្បី​ជួយ​កសិករ​ជួយ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់"។
​នៅ​ថ្ងៃ​ពុធ​នេះ VOD មិនអាច​សុំ​ការអធិប្បាយ​ពី​មន្ត្រី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ​បានទេ​។​
​អគ្គនាយក​នៃគ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ លោក ស៊ីម សេនា​ជាតិ មានប្រសាសន៍ថា ប្រា​សាក់​នឹង​សិក្សា​ពី​ផលប៉ះពាល់​របស់​អតិថិជន ហើយ​បើ​រកឃើញថា ពិតជា​រង​ផល​ប៉ះ​ពាល់​​ធ្ងន់ធ្ងរ​មែន នោះ​អាច​ពន្យា​ពេល​យកការប្រាក់ និង​ផ្តល់​ទុន​បន្ថែម​ដល់​អតិថិជន​នោះ​ ៖ "​បញ្ហា​ទាក់​ទង​នឹង​ទឹក​ជំនន់​ហ្នឹង ខាង​ខ្ញុំ​អត់​ទាន់​បានធ្វើការ​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ​ ថា​តើ​ផល​ប៉ះ​ពាល់​ហ្នឹង​វា​មាន​កម្រិត​ប៉ុណ្ណា​នៅឡើយ​ទេ ទីមួយ។ ទីពីរ​ទាក់ទង​នឹង​អតិថិ​ជន​យើង​​ ភាគ​ច្រើន​គាត់​មាន​​មុខ​របរ​ហ្នឹង​ច្រើន មិន​ពឹង​ផ្អែក​ទៅ​លើតែ​កសិកម្ម​ហ្នឹង​តែ​មួយ​មុខ​ទេ ប៉ុន្តែ​ទោះបី​យ៉ាង​ណា នៅក្នុងករណី​ដែល​គាត់​មាន​បញ្ហា យើង​នឹង​​​ធ្វើការ​ដោះស្រាយ"។
​លោក ស៊ីម សេនា​ជាតិ បន្ថែមថា គិត​ត្រឹម​ថ្ងៃ អង្គារ​ម្សិលមិញ ​គ្រឹៈ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ផ្តល់​ប្រាក់​កម្ចី​ចំនួន ៣២២​លាន​ដុល្លារ ដល់​អតិថិជន​ចំនួន ១៧៨​ពាន់​នាក់​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​៣០%​ជា​កសិករ​។​
​ប្រធាន​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ អង្គការ​សេ​ដាក​(CEDAC) លោក​បណ្ឌិត យ៉ង សាំង​កុមារ មានប្រសាសន៍ថា ក្រៅពី​សុំ​ឲ្យ​ម្ចាស់​ស្ថាប័ន​មីក្រូ​ហិ​រញ្ញ​វត្ថុ​ពន្យា​ពេល យកការប្រាក់​ពី​ប្រជាកសិករ រដ្ឋាភិបាល​ត្រូវ​ផ្តល់​ជា​ជំនួយ​សង្គ្រោះ​ជា​បន្ទាន់​ដល់​អ្នករងគ្រោះ​ធ្ងន់​ធ្ងរ ដែល​បាត់បង់​ផ្ទះសំបែង​។ លោក​ថា បន្ទាប់មកទៀត រដ្ឋាភិបាល​គួរ​មាន​អន្តរាគមន៍ ដោយ​ផ្តល់​ជា​គ្រាប់ពូជ និង​អ្នកជំនាញ​ធ្វើ​កសិកម្ម​ឡើងវិញ​។​
​គណ​:​កម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ឲ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១៥​ ខែតុលា ទឹកជំនន់​បាន​សម្លាប់​មនុស្ស ១២២​នាក់ ហើយ​ប្រជាជន​រង​ផល​ប៉ះ​ពាល់​​ជិត​១​លាន៥សែននាក់ និង​ប៉ះពាល់​ស្រូវ​ជិត​២៥​ម៉ឺន​ហិកតា ផ្ទះ​១២​ម៉ឺន​ខ្នង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​។ បើ​គិត​ជា​ថវិកា​អស់​ប្រមាណ ៥០០​លាន​ដុល្លារ ពោល​ប្រហាក់ប្រហែល គ្រោះ​ទឹក​ជំនន់ បណ្ដាល​មក​ពី​ព្យុះ​កេត​សាណា កាលពី​ឆ្នាំ​២០១១​៕

No comments:

Post a Comment

yes