សមាគមខ្មែរកម្ពុជាក្រោម លើកពេលធ្វើបាតុកម្មអហិង្សានៅមុខស្ថានទូតវៀតណាមប្រចាំកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ជំរុញឲ្យប្រទេសជិតខាងមួយនេះ បញ្ឈប់រឹតបន្តឹងសេរីភាបផ្នែកសាសនា និងដោះលែងព្រះសង្ឃ២អង្គ ព្រមទាំងពលរដ្ឋខ្មែរក្រោម មួយចំនួនទៀតឲ្យមានសេរីភាពវិញ។
កាលើកពេលនេះ ធ្វើឡើងចំពេលសាលារាជធានីភ្នំពេញ បង្គាប់ឲ្យសមាគមនេះ ធ្វើកាតវ៉ានៅទីលានប្រជាធិបតិយ្យវិញ។
ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម លោក សឺន ជុំជួន ឲ្យដឹងនៅព្រឹកថ្ងៃសៅរ៍ថា ការពន្យាពេលនេះ ដោយសារសាលារាជធានីភ្នំពេញ មិនអនុញាតឲ្យពួកគេតវ៉ានៅមុខស្ថានទូតវៀតណាម ដូចការគ្រោងទុកទេ ដោយតម្រូវឲ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យវិញ។
លោក សឺន ជុំជួន ឲ្យដឹងទៀតថា ការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនាថ្ងៃអាទិត្យ ទី១៣ ខែតុលា មិនអាចធ្វើទៅបានទេ ដោយសារ សមាគមគ្រូបង្រៀនឯករាជ្យ ក៏ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីនោះដែរ។ លោកថា ដូចនេះ គម្រោងធ្វើបាតុកម្មរបស់សមាគមនេះ លើកទៅធ្វើនៅថ្ងៃទី១៩ ខែតុលាវិញ។
តាមអ្នកដឹកនាំធ្វើបាតុកម្ម អះអាងថា ការប្រមូលផ្តុំគ្នានោះ និងមានអ្នកចូលរួមប្រមាណជា ២០០នាក់ ក្នុងនោះមានព្រះសង្ឃចូលរួមផងដែរ ក្នុងបំណងប្រគល់ញត្តិ ឲ្យក្រសួងការបរទេសកម្ពុជា ជួយអន្តរាគមន៍ទៅប្រទេសវៀតណាម ករណីនេះ។
កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកញ្ញា តុលាការប្រជាជនវៀតណាម ខេត្តឃ្លាំង បានបើកសវនាការកាត់ទោសព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន ២អង្គ លីវ នី និងមួយអង្គទៀត លី ចិន្តា ព្រមទាំងពលរដ្ឋខ្មែរក្រោមចំនួន ៧នាក់ផ្សេងទៀត ឲ្យជាប់ពន្ធនាគារពី១០ខែ ទៅ៦ឆ្នាំ ចោទពីបទបង្កឲ្យមានការខូចខាតសណ្ដាប់ធ្នាប់សាធារណៈ និងផ្ដល់ព័ត៌មានទៅឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេស និងបណ្ដាញសារព័ត៌មានក្រៅស្រុក៕
No comments:
Post a Comment
yes