ប្រជាពលរដ្ឋចូលរួមក្នុងសមាជបក្សសង្គ្រោះជាតិ ផ្ដិតមេដៃគាំទ្រញត្តិទាមទារតវ៉ា
របស់បក្សសង្គ្រោះជាតិ នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត សូមជួយធ្វើសាក្សីដោយផ្លិតមេដៃដើម្បីយកទៅប្ដឹងអន្តរជាតិ ពីភាពមិនត្រឹមត្រូវនៃការបោះឆ្នោត ដោយបានសង្ស័យថាមានការបន្លំសន្លឹកឆ្នោត។
ទាក់ទងនឹងបញ្ហាផ្ដិតមេដៃនេះ គណបក្សសង្គ្រោះជាតិ ចោទថា មេភូមិពងទឹក ឃុំគោកពោធិ៍ ខេត្តតាកែវ មិនធ្វើជាអាជ្ញាធរអព្យាក្រឹតទេ ព្រោះដកយកក្រដាសដែលមានស្នាមមេដៃប្រជាជន ផ្ដិតគាំទ្រឲ្យមានការរកយុត្តិធម៌សន្លឹកឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
ប្រធានប្រតិបត្តិឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ លោក ផែង ទូច ថ្លែងនៅព្រឹកថ្ងៃ១៥ ខែតុលា ថា មេភូមិពងទឹក បានមកដកយកក្រដាសដែលមានស្នាមមេដៃប្រជាពលរដ្ឋនៅថ្ងៃច័ន្ទ ពីសកម្មជនគណបក្សសង្គ្រោះជាតិ។ លោកថា បានជាគណបក្សសង្គ្រោះជាតិ សុំឲ្យសាក្សីជាអ្នកបោះឆ្នោតផ្ដិតមេដៃ គឺគ្រោងយកស្នាមមេដៃនោះទៅប្ដឹងអង្គការសហប្រជាជាតិ ពីព្រោះការប្រកាសអាសនៈសភាកន្លងទៅរបស់ គ.ជ.ប មានការសង្ស័យពីការបន្លំសំឡេងអាសនៈរបស់គណបក្សសង្គ្រោះជាតិ។
លោក ផែង ទូច ថ្លែងថា ការដកយកក្រដាសផ្ដិតមេដៃនោះជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ៖ «ខ្ញុំអត់បង្ខំទេ អ៊ីចឹងប្រជាពលរដ្ឋគេសួរថាផ្ដិតមេដៃនេះយកទៅណា? ខ្ញុំប្រាប់ថា មេដៃនេះផ្ដិតយកទៅអង្គការសហប្រជាជាតិ ព្រោះលទ្ធផលនៃការបោះឆ្នោតវាមិនប្រក្រតីមិនយុត្តិធម៌ មានការបន្លំ ហើយមេភូមិគេដកឯកសារហ្នឹង ប៉ិនខ្ញុំឲ្យ តែឯកសារអត់ទាន់ផ្ដិតមេដៃ។ គេសុំទាំងអស់ ប៉ុន្តែខ្ញុំឲ្យតែមួយសន្លឹក»។
លោក អិត ធន់ សកម្មជនគណបក្សសង្គ្រោះជាតិ ភូមិពងទឹក ថ្លែងថា ទោះបីមេភូមិចាក់មេក្រូប្រកាសមិនឲ្យពលរដ្ឋក្នុងភូមិចូលរួមផ្ដិតមេដៃ ក៏មានប្រជាពលរដ្ឋជាង ៣០០នាក់បានផ្ដិតរួចហើយ។ លោកបន្តថា ប្រជាពលរដ្ឋព្រមផ្ដិតមេដៃដោយគ្មានការបង្ខំ ព្រោះពួកគេនៅសង្ស័យពីសន្លឹកឆ្នោតដែលបោះឲ្យគណបក្សសង្គ្រោះជាតិ បែរជាបានទៅគណបក្សផ្សេងវិញ។
មេភូមិពងទឹក លោក ជា ហាន បានទទួលស្គាល់ថា លោកពិតជាបានដកយកញត្តិពីគណបក្សសង្គ្រោះជាតិមែន និងបានចាក់មេក្រូប្រកាសជម្រាបប្រជាពលរដ្ឋក្នុងភូមិកុំឲ្យផ្ដិតមេដៃ។ លោកបានប្រកាសប្រាប់អ្នកភូមិថា មុនផ្ដិតមេដៃឲ្យទៅអ្នកយកក្រដាសមក សុំឲ្យផ្ដិតមេដៃឲ្យនោះ ត្រូវសួរមុនសិន តើគេយកមេដៃនោះទៅបម្រើការលើបញ្ហាអ្វី?
លោកមេភូមិបញ្ជាក់ថា ក្រដាសដែលគាត់បានដកយកពីសកម្មជនគណបក្សសង្គ្រោះជាតិនោះ មិនមានស្នាមមេដៃបានផ្ដិតនៅឡើយទេ៖ «ក្រែងជនឆ្លៀតឱកាសខិលខូចអី យកមេដៃយើងទៅ វាអនុវត្តមិនត្រូវច្បាប់ ហើយឯកសារខ្ញុំដកតម្កល់ទុកមួយច្បាប់»។
ពលរដ្ឋនៅភូមិពងទឹក ដែលបានផ្ដិតមេដៃរួច សុំមិនបញ្ចេញឈ្មោះថ្លែងថា គាត់ស្ម័គ្រចិត្តផ្ដិតមេដៃដើម្បីឲ្យប្រទេសហត្ថលេខីទាំងអស់ដែលបានខំស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា តាំងពីដំបូងមកនោះ សុំឲ្យពួកគេបានដឹងថា ប្រជាពលរដ្ឋកម្ពុជា ដែលបោះឆ្នោតហើយនោះ មិនទទួលយកលទ្ធផលឆ្នោតដែលប្រកាសជាផ្លូវការដោយ គ.ជ.ប កន្លងមកទេ ព្រោះប្រជាពលរដ្ឋនៅមានការសង្ស័យច្រើនពីភាពមិនប្រក្រតី ក្រោយពីបើកកញ្ចប់សុវត្ថិភាពនៅការិយាល័យមួយចំនួនតាមខេត្តខ្លះ ដែលគណបក្សសង្គ្រោះជាតិ បានសុំបើកកញ្ចប់នោះ៖ «ខ្ញុំទាំងអស់គ្នាហ្នឹង ផ្ដិតមេដៃជួនសង្គ្រោះជាតិ ដើម្បីទាមទារយកយុត្តិធម៌ ព្រោះការបោះឆ្នោតមិនប្រក្រតី គឺយកទៅបង្ហាញអង្គការសហប្រជាជាតិ នៅខាងលើ»។
ក្រុមប្រឹក្សាខេត្តតាកែវ គណបក្សសង្គ្រោះជាតិ លោក ម៉ៅ សុផល ថ្លែងថា អាជ្ញាធរមូលដ្ឋាន មានមេភូមិ មេឃុំ ប៉ូលិស ជាដើម ដែលជាបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជា មិនសូវអនុវត្តការងារដោយឈរលើជំហរអព្យាក្រឹតតាមការណែនាំពីក្រសួងមហាផ្ទៃទេ។ លោកបន្តថា ការផ្ដិតមេដៃនៅក្នុងខេត្តតាកែវ គឺក្នុងគម្រោងឲ្យបានស្នាមមេដៃជាង ២.៥សែនមេដៃ។ លោកឲ្យដឹងទៀតថា រាល់សកម្មភាពប្រមូលស្នាមមេដៃម្ចាស់ឆ្នោតនៅស្រុកដទៃទៀតនៃខេត្តតាកែវ មិនមានអាជ្ញាធរដកយកក្រដាសញត្តិដូចនៅភូមិពងទឹក នោះទេ។ តែមានការឃ្លាំមើល ហើយនិងរារាំងប្រជាពលរដ្ឋមិនឲ្យផ្ដិតមេដៃឲ្យគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
សកម្មជនបក្សសង្គ្រោះជាតិនៅខេត្តកំពង់ស្ពឺ ត្រូវមេប៉ុស្តិ៍គំរាមមិនឲ្យដើរផ្ដិតមេដៃ
ដោយ ម៉ម មុនីរតន៍
ស្របពេលមហាបាតុកម្មនៅសល់ជាង ១សប្ដាហ៍ខាងមុខទៀតនឹងត្រូវចាប់ផ្ដើមជាលើកទី៣ គណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងនៅក្នុងអាណត្តិទី៥ នេះ បានបើកយុទ្ធនាការប្រមូលស្នាមមេដៃនៅតាមសហគមន៍ មូលដ្ឋាន ដើម្បីដាក់សម្ពាធទៅរដ្ឋាភិបាល។ ការផ្ដិតមេដៃនេះ ដើម្បីប្ដឹងទៅអង្គការសហប្រជាជាតិ និងប្រទេសដែលជាម្ចាស់ហត្ថលេខីមួយចំនួននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ ទន្ទឹមនឹងនេះសកម្មភាព នៃការប្រមូលស្នាមមេដៃ ពីអ្នកគាំទ្រ នៅតាមភូមិ-ឃុំ កំពុងដំណើរការ ប៉ុន្តែពួកគេត្រូវរារាំងដោយអាជ្ញាធរមូលដ្ឋាន និង មន្ត្រីនគរបាល ដោយចាត់ទុកថា ការអនុវត្តនេះគឺប៉ះពាល់ដល់សន្តិសុខជាតិ។
សកម្មជនគណបក្សសង្គ្រោះជាតិ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចោទប្រកាន់នាយប៉ុស្តិ៍នគរបាលព្រៃរំដួល ថាបានគំរាមដកសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន និងព្រមានចាត់វិធានការតាមច្បាប់ប្រឆាំងនឹងសកម្មភាពនៃការប្រមូលស្នាមមេដៃ។
ជាសមាជិកក្រុមប្រឹក្សាឃុំព្រៃរំដួល និងជាសកម្មជនគណបក្សសង្គ្រោះជាតិ ផង លោក សុខ ជីម និយាយថា ក្រុមការងាររបស់លោកត្រូវបានមេប៉ុស្តិ៍រដ្ឋបាលឃុំព្រៃរំដួល រំខាន និងរារាំងមិនអនុញ្ញាតឲ្យដើរប្រមូលស្នាមមេដៃឡើយ។ ស្ថិតនៅក្នុងវ័យជាង ៥០ឆ្នាំ លោក ជីម បន្តថា លោកត្រូវបាននាយប៉ុស្តិ៍នគរបាលយុត្តិធម៌ លោក អ៊ុក សុផា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើលោកនៅតែដើរប្រមូលស្នាមមេដៃបន្តទៀត។ លើសពីនេះ សម្ភារៈដែលមានជាអាទិ៍ ម៉ូតូ និងឯកសារពាក់ព័ន្ធហ្នឹង ត្រូវដកហូត។
របាយការណ៍របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា រហូតមកដល់ពេលនេះ ស្នាមមេដៃដែលប្រមូលបានមានចំនួនជាង ១លានស្នាមមេដៃ។ ដោយឡែក លោក សុខ ជីម និយាយថា ស្នាមមេដៃដែលប្រមូលក្នុងរយៈពេល ២ថ្ងៃមកនេះ នៅឃុំព្រៃរំដួល បានជាង ៨០ស្នាមមេដៃ។
បដិសេធនឹងការចោទប្រកាន់នេះ នាយប៉ុស្តិ៍នគរបាលព្រៃរំដួល លោក អ៊ុក សុផា ថ្លែងថា លោកពុំបានហាមឃាត់ឡើយ។ ប៉ុន្តែថា ការប្រមូលស្នាមមេដៃនេះ គួរធ្វើឡើងនៅទីស្នាក់ការបក្ស ជាជាងដើរប្រមូលពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ការរឹតបន្តឹងនេះ អនុវត្តផែនការរបស់ថ្នាក់ដឹកនាំដែលបញ្ជាឲ្យចុះត្រួតពិនិត្យ។
បើទោះជាបែបណា លោក សុខ ជីម អះអាងថា ក្រុមការងាររបស់លោកបានផ្អាកបណ្ដោះអាសន្ន ដោយត្រូវរង់ចាំការសម្រេចពីទីស្នាក់ការកណ្ដាលនៃបក្សសង្គ្រោះជាតិ សិន ថាតើគួរបន្តកិច្ចការនេះទៀត ឬយ៉ាងណា?
កិច្ចផ្ដួចផ្ដើមនៃការប្រមូលស្នាមមេដៃសម្រាប់ដាក់នៅក្នុងថ្ងៃមហាបាតុកម្ម ថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ត្រូវបានគណបក្សជំទាស់បញ្ជាក់ថា គឺដើម្បីបង្ហាញឲ្យអន្តរជាតិដឹងថា លទ្ធផលឆ្នោតដែលប្រកាសដោយ គ.ជ.ប កន្លងទៅនេះ មិនមានយុត្តិធម៌ និងមិនតម្លាភាព។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា លោកលើកទឹកចិត្តឲ្យសកម្មជននៅតាមមូលដ្ឋាន បន្តកិច្ចការរបស់ខ្លួនបន្តទៀត ដោយមិនត្រូវរាថយឡើយ។ លោកគិតថា ការរារាំងទាំងនេះ គឺខុសច្បាប់។
ស្នាមមេដៃនេះ គណបក្សសង្គ្រោះជាតិ នឹងដាក់នៅតាមការិយាល័យសំខាន់ៗ ដូចជា ការិយាល័យអង្គការសហប្រជាជាតិ និងប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រចាំកម្ពុជា ជាដើម។
No comments:
Post a Comment
yes