

សមាជមហាជនរបស់គណបក្សសង្ក្រោះជាតិថ្ងៃទី៦តុលា២០១៣
សមាជគណបក្សសង្គ្រោះជាតិនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នេះ នៅលើទីលានប្រជាធិបតេយ្យ បានប្រព្រឹត្តទៅដូចការព្រៀងទុកបើទោះបីជាមេឃបានបង្អុរភ្លៀងក៏ដោយ។ អ្នកចូលរួម និងអ្នករៀបចំកម្មវិធី បាននាំគ្នាពាក់អាវភ្លៀង និងបាំងឆត្រដើម្បីកុំឲ្យទទឹក។
បន្ទាប់ពីបានស្តាប់មតិយោបល់នានារបស់ប្រជាពលរដ្ឋ និងព្រះសង្ឃ គណបក្សសង្គ្រោះជាតិបានកំណត់បានសេចក្តីព្រាងចំនួន១០ចំណុចដែលចុះហត្ថលេខាដោយលោក សម រង្ស៊ី និងលោក កឹម សុខា។ សេចក្តីព្រាងទាំងនេះ ត្រូវបានថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិថា ជាការស្នើសុំរបស់អ្នកចូលរួមនៅទីលានប្រជាធិបតេយ្យដែលមានប្រមាណ២ម៉ឺននាក់។
ចំណុចសំខាន់ៗនៅក្នុងសេចក្តីព្រាងនោះ មានដូចជា ការទាមទារឲ្យគណបក្សសង្គ្រោះជាតិបន្តស្វែងរកយុត្តិធម៌ដល់ម្ចាស់ឆ្នោតតាមរយៈការធ្វើមហាបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស ការបង្កើននយោបាយការទូតឲ្យទូលំទូលាយ ការលើកទឹកចិត្តកម្មករ មន្ត្រីរាជការឲ្យធ្វើកូតកម្មទូទាំងប្រទេស ការធ្វើញត្តិ និងប្រមូលស្នាមមេដៃដើម្បីផ្ញើរជូនទៅអង្គការសហប្រជាជាតិ រួមទាំងប្រទេសហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
ចំណុចសំខាន់មួយទៀតនោះ គឺការទាមទារឲ្យមានការផ្លាស់ប្តូរតាមរយៈការកែទម្រង់គោលនយោបាយ ស្ថាប័នសំខាន់ៗ គណៈកម្មការជាតិរៀបចំការបោះឆ្នោត រដ្ឋសភា ស្ថាប័នប្រឆាំងអំពើពុករលួយ សវនកម្ម តុលាការ អង្គចៅក្រម ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ជាដើម។
ចំណុចផ្សេងៗទៀតមានដូចជា ការបង្កើតគណៈកម្មការចម្រុះដើម្បីត្រួតពិនិត្យបង្គោលព្រំដែន ការទាមទារឲ្យបញ្ឈប់សម្បទានដីធ្លីដ៏អយុត្តិធម៌ ការកាប់បំផ្លាញព្រៃឈើ និងទប់ស្កាត់ការហូរចូលរបស់ជនអន្តោប្រវេសន៍ខុសច្បាប់។ ការពង្រឹងតុល្យភាពអំណាច និងការស្នើសុំឲ្យមានការផ្តល់អាជ្ញាបណ្ណវិទ្យុ ទូរទស្សន៍ ក៏ត្រូវបានអង្គសមាជលើកឡើងផងដែរ៕
ប្រភពពីគេហទំព័រ http://thmeythmey.com
No comments:
Post a Comment
yes