ខ្មែរកម្ពុជាក្រោមបង្ហាញពីទុក្ខលំបាករបស់ខ្លួន ដែលរងការរឹតត្បិតសេរីភាពពីអាជ្ញាធរវៀតណាម ចាប់តាំងពីរដ្ឋការអាណានិគមបារាំង បានកាត់ទឹកដីកម្ពុជា ឬកូសាំងស៊ីន ទៅឲ្យប្រទេសវៀតណាមគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ប្រជាជនកម្ពុជា ជាពិសេសខ្មែរកម្ពុជាក្រោម មិនអាចបំភ្លេចប្រវត្តិសាស្ត្រដ៏ល្វីងជូរចត់នេះទេ។
កម្ពុជាក្រោម គឺជាអតីតទឹកដីខ្មែរមួយ ក្នុងតំបន់នគរភ្នំ។ កម្ពុជាក្រោមសព្វថ្ងៃ មានផ្ទៃក្រឡាទំហំ ៦៨ ៩៥០គីឡូម៉ែត្រក្រឡា(ដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច) ដោយមាន២១ខេត្ត។ ខ្មែរកម្ពុជាក្រោមមានចំនួន ១៤.៥៧១.០០០នាក់ (ដប់បួនលាន ប្រាំសែន ប្រាំពីម៉ឺន មួយពាន់នាក់) ក្នុងឆ្នាំ ២០០៥។
ខ្មែរកម្ពុជាក្រោមដែលបច្ចុប្បន្នមករស់នៅរាជធានីភ្នំពេញ រៀបរាប់ថាអាជ្ញាធរវៀតណាមតែងធ្វើទុកបុកម្នេញពួកគាត់ ដោយមិនឲ្យគោរពព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ មិនឲ្យសិក្សាភាសាខ្មែរ ជាដើម ៖
សាក្សីជាខ្មែរកម្ពុជាក្រោម លោក គីម ប៊ុតកែវ រំលឹកថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្មែរកម្ពុជាក្រោម បានងើបបះបោរប្រឆាំងរដ្ឋអំណាចកុម្មុយនីស្តវៀតណាម ដើម្បីទាមទារសិទ្ធិសេរីភាពក្នុងការរស់នៅ និងសម្រេចលើជោគវាសនារបស់ខ្លួន។
លោកបន្តថា ប៉ុន្តែអាជ្ញាធរវៀតណាមបានបង្ក្រាបលើការបះបោរនោះ ដោយធ្វើឲ្យមនុស្សមួយចំនួនស្លាប់ និងអ្នកខ្លះទៀត ត្រូវបានចាប់ខ្លួន ៖
ប្រធានលេខាធិការដ្ឋាន និងជានាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម លោក សឺន យឿន អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជួយខ្មែរនៅកម្ពុជាក្រោមឲ្យទទួលបានការសិក្សា អក្សរសាស្ត្រខ្លួនឯង និងសិទ្ធិសេរីភាពបញ្ចេញមតិ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ៖
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ព្រះសង្ឃ៥០អង្គ បានយកញត្តិស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាជ្ញាធរវៀតណាម ទៅលើព្រះសង្ឃ និងខ្មែរក្រោម ដាក់ទៅស្ថានទូតវៀតណាមប្រចាំំនៅកម្ពុជា ដើម្បីឲ្យអាជ្ញាធរវៀតណាម ដោះលែងជាបន្ទាន់នូវព្រះសង្ឃពីរអង្គ គឺព្រះតេជគុណ លីវ នី និងព្រះតេជគុណ ថាច់ ធឿន។ ចំណែកឯព្រះសង្ឃកម្ពុជាក្រោម៩អង្គទៀតបានភៀសព្រះកាយមករស់នៅវត្តរង្សី ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កាលពីខែ ឧសភា ឆ្នាំ២០១៣ គ្រូបង្រៀនពីរនាក់ គឺលោក ភូមិ រិទ្ធ អាយុ២៥ឆ្នាំ ត្រូវវបានអាជ្ញាធរវៀតណាមចាប់ដាក់គុក៣ឆ្នាំ និងលោក ច្រា ថា អាយុ៣៧ឆ្នាំ ជាប់គុក២ឆ្នាំ ដោយសារអ្នកទាំងពីរលួចបង្រៀនភាសាខ្មែរ។
ក្នុងពិធីរំលឹកខួប៣៧ឆ្នាំនៃការងើបបះបោររបស់ខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ លោក សឺន យឿន ថ្លែងថា អាជ្ញាធរវៀតណាមនៅតែបន្តគាបសង្កត់ បំបិទសិទ្ធិសេរីភាពខ្មែរក្រោម។ លោកបន្តថា នៅដើមខែវិច្ឆិកានេះ សមាគមលោកបានផ្ញើលិខិតទៅរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជាឲ្យអន្តរាគមន៍បញ្ឈប់ការគាបសង្កត់លើខ្មែរនៅកម្ពុជាក្រោម ប៉ុន្តែ រដ្ឋាភិបាលទាំងពីរមិនទាន់ឆ្លើយតបនៅឡើយ ៖
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមិនមានសិទ្ធិអំណាចអ្វីជួយខ្មែរកម្ពុជាក្រោមឡើយ ពីព្រោះកម្ពុជាមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសជិតខាងបានឡើយ ៖
សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ ម៉ាណ្ណារ៉ា កត់សម្គាល់ថា អាជ្ញាធរវៀតណាមប្រើមធ្យោបាយនានា បំបិទសេរីភាពសាសនា សាលារៀន និងហាមប្រាមការរៀនអក្សរសាស្ត្រខ្មែរ។ លោកអំពាវនាវឲ្យប្រទេសហត្ថលេខី និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ធ្វើយ៉ាងណាជួយអន្តរាគមន៍ឲ្យខ្មែរកម្ពុជាក្រោមមានសេរីភាព ៖
មាត្រា២ ១៨ ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស អនុម័តនៅឆ្នាំ១៩៤៨ ដោយអង្គការសហប្រជាជាតិ ចែងថា មនុស្សគ្រប់រូបមានសិទ្ធិ និងសិទ្ធិសេរីភាពគ្រប់យ៉ាងទាំងអស់ ដោយគ្មានការបែងចែកជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ដោយគ្មានការជ្រៀតជ្រែក ប្រភពជាតិ ឬសង្គម ជាដើម។
សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ក៏ចែងពីការផ្លាស់ប្តូរសាសនា ឬជំនឿ សាសនា តាមរយៈការបង្ហាត់បង្រៀន ការប្រតិបត្តិ គោរពបូជា ជាសាធារណៈ ឬជាឯកជន៕
No comments:
Post a Comment
yes