ក្រុមអាវក្រហម ដែលគាំទ្ររដ្ឋាភិបាលលោកថាក់ ស៊ីន
៧ឆ្នាំក្រោយរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនចេញពីតំណែងនាយករដ្ឋមន្ត្រី ប្រទេសថៃបន្តផុងខ្លួនក្នុងវិបត្តិនយោបាយ។ កាលពីថ្ងៃចន្ទទី៩ធ្នូលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន បានបង្ខំចិត្តប្រកាសរំលាយរដ្ឋសភានិងលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេស ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ។ ប៉ុន្តែ មេដឹកនាំក្រុមប្រឆាំងបានប្រកាសថា មិនបញ្ឈប់បាតុកម្មទេ ថាចង់កំទេចឱ្យអស់រលីងតែម្តងអ្វីដែលពួកគេហៅថា របបថាក់ស៊ីន។ តើអ្វីទៅគន្លឹះនៃអស្ថិរភាពនយោបាយបច្ចុប្បន្នរបស់ប្រទេសថៃ? តើអ្វីទៅ របបរបស់ថាក់ ស៊ីនដែលបក្សប្រឆាំងចង់គាស់រំលើង។
បាតុកម្មរបស់ពួកអាវលឿងនៅប្រទេសថៃរហូតមកទល់ថ្ងៃនេះ បាតុកម្មរបស់ពួកក្រុមប្រឆាំងដែលអ្នកខ្លះទាមទាររហូតដល់ទៅឱ្យត្រកូលស៊ីណាវ៉ាត់ទាំងអស់ចាកចេញពីឆាកនយោបាយទាំងស្រុង គឺជារឿងច្រំដែលមួយនៃប្រវត្តិសាស្រ្តថៃ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយនេះ។
វាជារូបភាពនៃការបាក់បែកប្រេះឆាគ្នារវាងអ្នកក្រីក្រនិងអ្នកមាន ជារូបភាពនៃគម្លាតដ៏ធំរវាងអ្នកស្រុកស្រែចម្ការនិងអ្នកទីក្រុង រវាងថ្នាក់ដឹកនាំដែលនៅតែមានស្មារតីសក្តិភូមិនិងប្រជារាស្រ្តតូចតាចច្រើនលើសលប់ដែលទាមទារលទ្ធិប្រជាធិបតេយ្យពិតបា្រកដ។
ការប្រេះឆារវាងអ្នកទីក្រុងនិងអ្នកជនបទ រវាងអ្នកក្រនិងអ្នកមាន មិនមែនទើបតែមាន ក្រោយរដ្ឋប្រហារទម្លាក់លោកថាក់ស៊ីនកាលពី៧ឆ្នាំមុននេះទេ។ វាមានជាយូរយារណាស់មកហើយ តែមាននៅត្រឹមក្នុងចិត្តនិងត្រឹមក្នុងស្មារតីរបស់ពលរដ្ឋ ពុំមាននៅក្នុងសកម្មភាពនយោបាយដូចខណៈនេះទេ។ បានន័យថា មុនសករាជលោកថាក់ស៊ីន អ្នកស្រុកស្រែចម្ការនិងអ្នកក្រីក្របានត្រឹមបណ្តោយខ្លួនឱ្យអ្នកទីក្រុងដឹកមុខ បានត្រឹមឈរឱបដៃមើលការប្រែប្រួលនយោបាយដែលត្រូវបានសម្រេចដោយអ្នកមាននិងអ្នកមានអំណាចនៅទីក្រុងបាងកកតែប៉ុណ្ណោះ។
ជាមួយលោកថាក់ស៊ីន អ្នកស្រុកស្រែចម្ការក្លាយទៅជាកម្លាំងនយោបាយតែមួយ ទៅជាសម្លេងឆ្នោតតែមួយ។ ពីព្រោះម្យ៉ាង គណបក្សThai Rak Thaiរបស់លោកថាក់ស៊ីនដែលបានឈ្នះឆ្នោតពីរលើកផ្ទួនៗគ្នា នៅខែមករាឆ្នាំ២០០១ និងនៅខែកុម្ភៈឆ្នាំ២០០៥ ជាបក្សប្រជានិយម លួងលោមនិងយកចិត្តប្រជារាស្ត្រតូចតាច។ ពីព្រោះម្យ៉ាងទៀត រដ្ឋាភិបាលរបស់លោកថាក់ស៊ីនពីឆ្នាំ២០០១ដល់ឆ្នាំ២០០៦ បានឱ្យអាទិភាពទៅលើការអភិវឌ្ឍន៍ជនបទ បានជួយបង្កើនប្រាក់ខែរបស់កសិករនិងកម្មករក្រីក្រ និងបានជួយឱ្យអ្នកក្រីក្រមានលទ្ធភាពព្យាបាលជំងឺ ដោយមិនបាច់បង់លុយ។ នយោបាយប្រជានិយមបែបនេះរបស់លោកថាក់ស៊ីននិងបន្ថែមពីលើនេះ នយោបាយដៃភ្លើងជើងមាន់របស់លោកដែលស្តែង ឡើងជាអាទិ៍តាមរយៈការកំចាត់គ្រឿងញៀន ការដកអំណាចពីកងទ័ពទៅឱ្យនគរបាលនៅតំបន់ថៃអ៊ីស្លាមចុងប៉ែកខាងត្បូងនៃប្រទេស បានធ្វើឱ្យអ្នកមាននិងអ្នកមានអំណាចនៅបាងកកបារម្ភ និងបានជំរុញនៅទីបំផុតឱ្យកងទ័ព ព្រះបរមរាជវាំង និងបក្សប្រឆាំងត្រូវរ៉ូវគ្នាធ្វើរដ្ឋប្រហារ។
តាមរយៈការធ្វើរដ្ឋប្រហារថ្ងៃទី១៩កញ្ញាឆ្នាំ២០០៦ អ្នកមាននិងអ្នកមានអំណាចនៅបាងកក ស្មានតែបានបិទបញ្ចប់ជាស្ថាពរហើយសករាជរបស់លោកថាក់ស៊ីន និងស្មានតែស្ថិរភាពបានវិលមកគ្របដណ្តប់លើប្រទេសទាំងមូលវិញហើយ។ ក៏ប៉ុន្តែ នារយៈពេល៧ឆ្នាំចុងក្រោយនេះ ស្រមោលរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃ នៅតែបន្តតាមលងពួកគេ។ ជាក់ស្តែងទោះជាគ្មានវត្តមាននៅក្នុងប្រទេសនិងទោះបីជាគណបក្សThai Rak Thaiរបស់លោកត្រូវបានរំលាយចោលក្តី លោកថាក់ស៊ីនបាននិងកំពុងបន្តទាញខ្សែបង្ហៀរនយោបាយផ្ទៃក្នុងប្រទេសតទៅទៀត។
បក្សពួករបស់លោកអតីតនាយករដ្ឋមន្ត្រីរូបនេះបានឈ្នះឆ្នោតរហូត បានឈ្នះឆ្នោតនៅឆ្នាំ២០០៧ និងបានឈ្នះឆ្នោតនៅឆ្នាំ២០១១។ ប៉ុន្តែគ្រប់រដ្ឋាភិបាលរបស់បក្សពួកលោកថាក់
ស៊ីន សុទ្ធតែត្រូវបានរារាំងមិនឱ្យដឹកនាំប្រទេស។ ជាក់ស្តែង នៅឆ្នាំ២០០៨ រដ្ឋាភិបាលរបស់លោកសាម៉ាក់(Samak)ត្រូវបានរំលំដោយពួកអាវលឿង។ ក្រោយមកទៀតរដ្ឋាភិបាលលោកសុមឆៃ(Somchai) ដែលជាប្អូនថ្លៃលោកថាក់ស៊ីន ក៏បានដួលរលំដូចគ្នាក្រោយពីតុលាការ បានសម្រេចចិត្តរំលាយចោលគណបក្សរបស់លោក គឺបក្សអំណាចប្រជាជន។ ហើយកាលពីថ្ងៃទី៩ធ្នូម្សិលមិញ រដ្ឋាភិបាលចេញពីគណបក្សភឿថៃរបស់លោកស្រីយីនឡាក់ដែលជាប្អូនស្រីលោកថាក់ស៊ីន ក៏ត្រូវរលាយដូចគ្នាដោយហេតុតែបាតុកម្មរបស់ពួកក្រុមប្រឆាំងរបស់ពួកអាវលឿង។
តាមរយៈការប្រកាសរំលាយចោលរដ្ឋសភាកាលពីម្សិលមិញដើម្បីរៀបចំបោះឆ្នោតឡើងវិញ លោកស្រីយីនឡាក់ប្រហែលជាបានបញ្ចៀសឆ្ងាយរដ្ឋប្រហារយោធា តែមិនបានធ្វើឱ្យធូរស្រាលឡើយភាពតានតឹងនយោបាយ និងមិនបានធ្វើឱ្យក្រុមប្រឆាំងស្ងប់ចិត្តឡើយ។ ពួកអាវលឿង ក្រុមប្រឆាំង ពួកអ្នកមាននិងអ្នកទីក្រុងមិនចង់ឱ្យមានការបោះឆ្នោតឡើងវិញទេ ដ្បិតដឹងជាមុនថា ពួកគេនឹងប្រាកដជាចាញ់ឆ្នោតទៀត ដោយហេតុតែពួកអាវក្រហម ពួកអ្នកស្រុកស្រែចម្ការមានចំនួនច្រើនលើសលុបនៅក្នុងប្រទេសថៃសព្វថ្ងៃ។ ពួកអាវលឿង បក្សប្រឆាំង ពួកអ្នកមាននិងពួកអ្នកទីក្រុងចង់កំទេចឱ្យអស់រលីងតែម្តងរបបលោកថាក់ស៊ីន តាមរយៈការទាមទារឱ្យត្រកូលស៊ីណាវ៉ាត់ឈប់ធ្វើនយោបាយ និងតាមរយៈការទាមទាររហូតដល់ទៅឱ្យត្រកូលស៊ីណាវ៉ាត់និរទេសខ្លួនចេញពីប្រទេសថៃទៅទៀត។
ម្ល៉ោះហើយ គេអាចអះអាងបានថាមិនទាន់ចប់ទេរឿងភាគនយោបាយ មិនងាយទាន់ចប់ទេ វិបត្តិនយោបាយនៅប្រទេសថៃ៕
No comments:
Post a Comment
yes