សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​នៅ​រតនគិរី​ត្អូញ​រឿង​មិន​បាន​បើក​ប្រាក់​៧​ខែ

សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី មិន​ទាន់​បាន​បើក​ប្រាក់​ខែ​ចំនួន ៧​ខែ​មក​ហើយ។ មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​មួយ​រូប​ចោទ​ប្រកាន់​ស្មៀន​ឃុំ​ថា មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​បើក​ប្រាក់​ពី​រតនាគារ​មក​ប្រគល់​ជូន​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សេដា នៅ​ថ្ងៃ​អាទិត្យ ទី​៨ ខែ​ធ្នូ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​រតនគិរី ចាត់​វិធានការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​យឺតយ៉ាវ​បើក​ប្រាក់​បៀវត្ស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នេះ។
ជំទប់​ទី​២ លោក សុខ ខេត ត្អូញត្អែរ​ថា ចាប់​ពី​ខែ​ឧសភា រហូត​បច្ចុប្បន្ន សមាជិក​ក្រុមប្រឹក្សា​ឃុំ​សេដា ទាំង​អស់​គ្នា​មិន​បាន​ទទួល​ប្រាក់ខែ​ពី​ស្មៀន​ឃុំ​នៅ​ឡើយ។ លោក​បន្ត​ថា ពួកគាត់​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ និង​តម្រូវ​ការ​ប្រាក់​ចំណាយ​ប្រចាំ​ថ្ងៃ៖ «គេ​ត្អូញ​ថា អត់​លុយ អ្នក​ខ្លះ​គេ​ថា ធ្វើ​ការ​ប្រាំពីរ ប្រាំបី​ខែ​ហើយ​អត់​ឃើញ​ប្រាក់​ខែ​អ៊ីចឹង​ណា! ខ្ញុំ​សួរ​ដែរ សួរ​ស្មៀន​គេ​ចេះ​តែ​ថា រវល់​ណាស់​ថ្ងៃ​នេះ រវល់​រហូត​គាត់​ថា ចាំ​ចប់​រវល់​បាន​ឡើង​ទៅ​យក។ ខ្ញុំ​មើល​ទៅ​ប្រហែល​មក​ពី​ស្មៀន​ព្រោះ​ខ្ញុំ​ជួប​រតនាគារ រតនាគារ​គាត់​ថា គេ​មិន​ដែល​ខ្វះ​លុយ​ទេ»
ជា​ទូទៅ​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ទទួល​ប្រាក់​ឧបត្ថម្ភ​ប្រមាណ ១២​ម៉ឺន​ទៅ ១៥​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​សម្រាប់​អាណត្តិ ៥​ឆ្នាំ នៃ​ការ​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។
ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ​ស្មៀន​ឃុំ​សេដា លោក លាង អូន ទទួល​ស្គាល់​ថា ការ​យឺតយ៉ាវ​នេះ​ដោយសារ​លោក​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន​រួម​ផ្សំ​នឹង​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​បាន​អនិច្ចកម្ម​មិន​មាន​អ្នក​ចុះ​ហត្ថលេខា​លើ​ឯកសារ​បើក​ប្រាក់​នៅ​រតនាគារ​ទើប​នាំ​ឲ្យ​ខកខាន​មិន​បាន​ទៅ​បើក​ប្រាក់​ពី​រតនាគារ។

លោក​អះអាង​ថា បច្ចុប្បន្ន​ជំទប់​ទី​១ ត្រូវ​បាន​តែងតាំង​ជា​មេ​ឃុំ​ស្ដីទី ហេតុ​នេះ​លោក​នឹង​រៀបចំ​ឯកសារ​បើក​ប្រាក់​ពី​រតនាគារ​ឲ្យ​បាន​រួច​រាល់​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ បើក​ជូន​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​វិញ៖ «ខ្ញុំ​អត់​ទាន់​បើក​មែន ៧​ខែ​ហើយ ឃុំ​មាន​ការងារ​ច្រើន​ពេក គាត់​ឈឺ​រហូត​ទៅ​គាត់​អត់​ប្រគល់​ត្រា​ឲ្យ​យើង​យក​ទៅ។ ស្ដីទី​គាត់​ឥឡូវ​គាត់​មេ គាត់​ច្បាប់​ទៀត​ហើយ ២៣​ថ្ងៃ​មេ។ ប្រហែល​ថ្ងៃ ១០​ឡើង​ទៅ​បើក​ឲ្យ​គេ​ហើយ»
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន កត់​សម្គាល់​ថា ស្មៀន​ឃុំ​សេដា លោក លាង អូន បាន​ធ្វេសប្រហែស​ក្នុង​ការ​បំពេញ​ភារៈ​ផ្សេង​ទៀត​នៅ​រយៈពេល​កន្លង​ទៅ។
លោក​អះអាង​មិន​បាន​ដឹង​ពី​ករណី​មិន​បើក​ប្រាក់​ខែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​នេះ​ទេ ហេតុ​នេះ​នៅ​ដើម​សប្ដាហ៍​ក្រោយ​លោក​នឹង​អញ្ជើញ​ស្មៀន​ឃុំ​មក​អប់រំ និង​ដាក់​វិន័យ​រដ្ឋបាល​ជា​ការ​ព្រមាន​ចំពោះ​ការ​ធ្វើ​ឲ្យ​មាន​កំហុស​បែប​នេះ៖ «កុំ​ថា​តែ​លុយ​ក្រុមប្រឹក្សា លុយ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​ក៏​វា​មិន​អើពើ។ខ្ញុំ​ដាក់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​រដ្ឋបាល​លក្ខន្តិកៈ​របស់​មន្ត្រី​រាជការ។ អ៊ីចឹង​ថ្ងៃ​ច័ន្ទ នេះ គឺ​កោះ​អញ្ជើញ​មក​ហើយ​ធ្វើ​កំណត់​ហេតុ​ជា​លើក​ទី​១»
ក្រុមប្រឹក្សា​ឃុំ​សេដា មាន​សមាជិក ៥​រូប ក្នុង​នោះ​សមាជិក ៤​រូប​ជា​សមាសភាព​គណបក្ស​ប្រជាជន​និង​មួយ​រូប​ជា​សមាសភាព​គណបក្ស សម រង្ស៊ី។
ជំទប់​ទី​ពីរ​ឃុំ​សេដា លោក សុខ ខេត មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​ប្រាក់​ខែ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី ទទួល​នូវ​ការ​រើសអើង​ពី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពី​គណបក្ស​ប្រជាជន កាន់​អំណាច​ដូច​ជា​មិន​បែង​ចែក​ភារៈ​កិច្ច​តាម​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ។ ចំណែក​ប្រជាពលរដ្ឋ​មាន​និន្នាការ​គណបក្ស សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ អាជ្ញាធរ​ឃុំ​មិន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា ឬ​ជម្លោះ​ដែល​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ឡើយ៕

No comments:

Post a Comment

yes