លោកសង្ឃកម្ពុជា និមន្តកាត់ផ្លូវមួយនៅក្នុងរាជធានីភ្នំពេញ
ក្បួនធម្មយាត្រារយៈពេល៦ថ្ងៃកន្លងមកនេះបានដល់ពាក់កណ្តាលផ្លូវហើយ។
ក៏ប៉ុន្តែនៅតាមបណ្តោយផ្លូវធ្វើដំណើរតាមខេត្តមួយចំនួន
មិនបានអនុញ្ញាត្តឲ្យព្រះសង្ឃ
និងប្រជាពលរដ្ឋដែលចូលរួមធម្មយាត្រាគង់និងស្នាក់នៅទេ
ដោយសារតែមានបទបញ្ជាពីសម្តេចព្រះសង្ឃរាជ្យ។
នេះបើតាមការបញ្ជាក់ពីក្រុមអ្នកចូលរួម។
ជនរងគ្រោះដោយសារជម្លោះដីធ្លី មន្ត្រីសហជីព
សកម្មជនសិទ្ធិមនុស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនរយនាក់
បានចាប់ផ្តើមធ្វើធម្មយាត្រា និងសិទ្ធិយាត្រាកាលពីអង្គារ៍
ដោយធ្វើដំណើរដោយថ្មើរជើងពីតាមបណ្តាខេត្តនានាឆ្ពោះមករាជធានីភ្នំពេញ
ដើម្បី ឧទ្ទិសដល់ទិវាសិទ្ធិមនុស្សពិភពលោកថ្ងៃទី១០ខែធ្នូខាងមុខនេះ។
លោកមឿន តុលា
មន្ត្រីមកពីមជ្ឃមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើដំណើរបានចម្ងាយផ្លូវជាង១០០គីឡូម៉ែត្រហើយ
តាមបណ្តោយផ្លូវជាតិលេខ១។ លោកបាននិយាយថា ប្រជាពលរដ្ឋនៅតាមផ្លូវបានសារទរចំពោះក្បួនធម្មយាត្រា។
ក៏ប៉ុន្តែទាំងព្រះសង្ឃ
និងប្រជាពលរដ្ឋដែលចូលរួមធម្មយាត្រាបានពើបប្រទះនឹងឧបសគ្គកន្លែងស្នាក់នៅ
ពេលឈប់សម្រាក។
លោកនិយាយថា៖ «យើងដើរមកមានវត្តខ្លះអត់ឲ្យយើងស្នាក់នៅទេ
ដោយគាត់អះអាងថា រងសម្ពាធពីសំណាក់មន្ត្រីសង្ឃជាន់ខ្ពស់
ឬក៏អាជ្ញាធរមូលដ្ឋាន។
ក៏ប៉ុន្តែប្រជាពលរដ្ឋនៅតាមដងផ្លូវគឺលោកឲ្យកន្លែងស្នាក់នៅ»។
ក្រុមអ្នកចូលរួមធម្មយាត្រាបានធ្វើដំណើរចាកចេញពីខេត្តកំពង់ធំ
ពោធិ៍សាត់ កំពង់ចាម ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ស្ពឺ តាកែវ
និងកំពង់ឆ្នាំង។
លោកបូ ពៅ ដែលបានដឹកនាំព្រះសង្ឃប្រមាណ១៩អង្គ
និងប្រជាពលរដ្ឋប្រមាណ៤០នាក់ ដែលបានធ្វើដំណើរចេញពីខេត្តតាកែវ
តាមបណ្តោយផ្លូវជាតិលេខ៣ បានបញ្ជាក់ថា
លោកក៏ជួបឧបសគ្គកន្លែងស្នាក់នៅដែរ។
លោកបានឲ្យដឹងថា
អាជ្ញាធរនិងចៅអធិការវត្តមួយចំនួនបានសួររកលិខិតបញ្ជាក់
និងបានបង្កការលំបាកគ្រប់បែបយ៉ាងដល់ក្បួនធម្មយាត្រា។
លោកនិយាយថា៖
«យើងឃើញថា
វាប៉ះពាល់ធ្ងន់ធ្ងរដល់ពុទ្ធសាសនាដោយសារតែពុទ្ធសាសនាជាសាសនា ដែលប្រោស
ផ្សាយមេត្តាធម៌ដល់មនុស្សសត្វដែលរងទុក្ខ ដែលជួបបញ្ហា ជួបទុក្ខ
ហើយដល់ពេលយើងជួបទុក្ខយើងរត់ទៅរកវត្ត តែវត្តមិនទទួល»។
ក្បួនធម្មយាត្រានៅតាមបណ្តោយផ្លូវជាតិលេខ៥ពីខេត្តពោធិសាត់មកក្រុងភ្នំពេញ
បានបិទផ្លូវចំនួនពីរលើក ជាការតវ៉ានឹងការរើសអើងមិនឲ្យព្រះសង្ឃ
និងអ្នកចូលរួមគង់ និងស្នាក់នៅក្នុងវត្ត។
ព្រះតេជព្រះគុណប៊ុន តិញ
តំណាងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម
ដែលបានដឹកនាំព្រះសង្ឃ២១អង្គ និងប្រជាពលរដ្ឋចំនួន៥០នាក់
មានសង្ឃដិកាថា នៅតាមវត្តអារាមនៅតែមានការរើសអើងព្រះសង្ឃដូចគ្នា។
ព្រះតេជព្រះគុណបានបញ្ជាក់ថា៖
«គេហៅវត្តថ្មីនៅស្រុករលាប្អៀរ។
យើងចូលទៅសុំស្នាក់អាស្រ័យឆាន់នៅក្នុងវត្ត
តែខាងធម្មការគេទូរស័ព្ទបញ្ជាមកលោកគ្រូចៅអធិការថា កុំឲ្យយើងចូលវត្ត
គ្រាន់តែចូលសិង ក៏គេមិនឲ្យចូលដែរ»។
វីអូអេបានព្យាយាមទាក់ទងដើម្បីសុំសេចក្តីអត្ថាធិប្បាយពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី
ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា
តែមិនអាចស្នើបានទេ។
លោកមឿន តុលាបាននិយាយថា ក្បួនធម្មយាត្រាចំនួន៦
ថ្ងៃមកនេះបានទទួលពាក្យបណ្តឹងជាច្រើនពីប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌នៅក្នុងសង្គម
ហើយគ្រោងនឹងធ្វើរបាយការណ៍រួមដើម្បីជូនសមាជិកសភាជាប់ឆ្នោតនៃគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិពិនិត្យនិងសម្រេច៕
No comments:
Post a Comment
yes