មន្ត្រីសិទ្ធិមនុស្សចុះសួរសុខទុក្ខស្រ្តីជាអ្នកទោសនៅក្នុងពន្ធនារគាមួយ
របាយការណ៍នានាបានបង្ហាញថា អ្នកជាប់ឃុំក្នុងពន្ធនាគារកំពុងកើនឡើងយ៉ាងខ្លាំងរហូតដល់ធ្វើឲ្យពន្ធនាគារនីមួយៗទូទាំងប្រទេសសុទ្ធតែផ្ទុកមនុស្សលើសចំណុះយ៉ាងច្រើន។ តួលេខចុងក្រោយដែលបង្ហាញដោយមន្ត្រីក្រសួងមហាផ្ទៃឲ្យដឹងថា បច្ចុប្បន្ន នៅទូទាំងប្រទេសមានអ្នកទោសសរុបជាង ១៤ ០០០ នាក់កំពុងជាប់ពន្ធនាគារ។ កំណើនអ្នកជាប់ ពន្ធនាគារ ជាសញ្ញាប្រាប់ថាសង្គមកំពុងតែមានជំងឺ។ តើហេតុអ្វីបានមានកំណើនអ្នកទោសច្រើនបែបនេះ?
បច្ចុប្បន្ន ប្រទេសកម្ពុជាមានអ្នកទោសកំពុងជាប់ពន្ធនាគារនៅតាមបណ្តាខេត្តរាជធានីទូទាំងប្រទេសសរុបចំនួនជាង ១៤ ០០០ នាក់។នេះបើយោងតាមតួលេខផ្លូវការដែលផ្តល់ដោយមន្ត្រីជំនាញ។ ពន្ធនាគារនីមួយៗកំពុងផ្ទុកចំនួនអ្នកទោសលើសចំណុះយ៉ាងច្រើន។ ភាពចង្អៀតណែននៃមន្ទីរឃុំឃាំងដែលស្ទើរតែរកកន្លែងដាក់អ្នកថ្មីលែងបានទៅហើយនោះគឺជាភស្តុតាងបញ្ជាក់ថា ជំងឺសង្គមពិតជាបញ្ហាដែលមិនអាចមើលរំលងបានឡើយ។
មានមូលហេតុច្រើនយ៉ាងដែលធ្វើឲ្យពន្ធនាគារទូទាំងប្រទេសកាន់តែចង្អៀតឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ការស្រុតចុះនៃសីលធម៌សង្គមគឺជាមូលហេតុចម្បងជាងគេមួយ។ បច្ចុប្បន្ននេះ មនុស្សមួយចំនួនហាក់ដូចជាធ្វើខ្លួនឲ្យងាយប្រព្រឹត្តបទល្មើសយ៉ាងខ្លាំង។ ជាក់ស្តែងសូម្បីតែរឿងបន្តិចបន្តួចសោះ ក៏គេអាចបង្កឲ្យទៅជាបទល្មើសធំមួយបានដែរ ហើយពេលខ្លះក៏ឈានដល់បទឧក្រិដ្ឋសម្លាប់មនុស្សក៏មាន។ អំពើឃាតកម្ម លួច ប្លន់ កាប់ចាក់ បាញ់ប្រហារ រំលោភ គ្រឿងញៀន ឬអំពើឆបោក ជាដើមគឺជារឿងដែលកើតមានស្ទើរតែរៀងរាល់ថ្ងៃ។ អ្នកប្រព្រឹត្តល្មើសទាំងនេះឯងដែលជាកម្មវត្ថុនៃការចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំឃាំង។
ស្របពេលដែលសង្គមកំពុងកើតមានបញ្ហាជាច្រើនបែបនេះ ប្រពន្ធ័យុត្តិធម៌ក៏នៅទន់ខ្សោយយ៉ាងខ្លាំង។ នេះក៏ជាមូលហេតុមួយទៀតដែលនាំឲ្យមនុស្សងាយនឹងជាប់ពន្ធនាគារដែរ មានន័យថា អ្នកជាប់ពន្ធនាគារមួយចំនួនមិនប្រាកដថាពួកគេប្រព្រឹត្តល្មើសនោះទេតែក៏មានជនរងគ្រោះដោយអំពើអយុត្តិធម៌នៅក្នុងពន្ធនាគារដែរ។
អយុត្តិធម៌ដែលកើតឡើងដោយសារអំពើពុករលួយ និងការប្រើអំណាចបំពានជាដើម។
តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងជាប់ពន្ធនាគារដោយអំពើអយុត្តិធម៌បែបនេះ? គ្មានអ្នកណាអាចផ្តល់ចម្លើយជាក់លាក់បាននៅឡើយទេ ប៉ុន្តែ មានសំណុំរឿងជាច្រើនមកហើយដែលជាភស្តុតាងបង្ហាញថា ពិតជាមានអ្នករងគ្រោះជាប់ពន្ធនាគារដោយសារអំពើអយុត្តិធម៌មែន។
ជនជាប់ចោទមួយចំនួនទៀតត្រូវបានគេឃុំខ្លួនលើសកាលកំណត់ខណៈដែលខ្លះទៀតត្រូវបានតុលាការបញ្ជាឲ្យឃុំខ្លួនទោះបីជាពួកគេមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរដែលគួរតែអាចនៅក្រៅឃុំបណ្តោះអាសន្នបានក៏ដោយ។ ផ្ទុយពីអ្នកខ្លះដែលគួរតែជាប់ពន្ធនាគារ តែបែរជារស់នៅមានសេរីភាពទៅវិញ។
ទាំងអស់នេះសុទ្ធតែជារឿងរ៉ាវពិតៗដែលកំពុងកើតមាននៅក្នុងសង្គមបច្ចុប្បន្ន។
ជាការពិតណាស់ មានទ្រឹស្តីពីរផ្ទុយគ្នាដែលគេធ្លាប់បានលឺនៅក្នុងប្រព័ន្ធយុត្តិធម៌។ ទ្រឹស្តីទី១ «សូវចាប់ខ្លួនមនុស្សច្រឡំ កុំឲ្យតែដោះលែងច្រឡំ» ទ្រឹស្តីនេះត្រូវបានគេអនុវត្តនៅក្នុងរបបកុំម្មុយនិស្តផ្តាច់ការ ដូចជារបបខ្មែរក្រហមជាដើម។ ការអនុវត្តបែបប្រមាថជីវិតមនុស្សនេះហើយដែលធ្វើឲ្យរបបនេះសម្លាប់មនុស្សគ្មានញញើតដោយគ្រាន់តែការសង្ស័យ។
ចំណែកទ្រឹស្តីទី២វិញមានន័យផ្ទុយពីនេះ៖«សូវដោះលែងមនុស្សច្រឡំ កុំឲ្យតែដាក់ទោសមនុស្សខុស»។ ទ្រឹស្តីនេះត្រូវបានគេអនុវត្តក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿនដែលយកគោលការណ៍គោរពសិទ្ធិមនុស្សជាធំ។ វាមានន័យស្មើនឹងភាសាច្បាប់ដែលថា«វិមតិសង្ស័យនឹងបានជាប្រយោជន៍ដល់ជនជាប់ចោទ»។ ទ្រឹស្តីទី២នេះមានសារសំខាន់ណាស់សម្រាប់កម្ពុជាប្រសិនបើប្រទេសនេះចង់ដើរនៅលើគន្លងប្រជាធិបតេយ្យមែននោះ។
សរុបមកវិញ ដើម្បីដោះស្រាយបញ្ហាកំណើនអ្នកជាប់ឃុំក្នុងពន្ធនាគារ មានកិច្ចការច្រើនយ៉ាងដែលត្រូវធ្វើ។ ជាបឋម ការលើកកម្ពស់សីលធម៌សង្គមគឺជាកិច្ចការដ៏ចម្បងបំផុតដែលត្រូវគិតគូរ។
នៅពេលដែលមនុស្សមានសីលធម៌ខ្ពស់និងចេះយល់អធ្យាស្រ័យល្អរវាងគ្នាដោយមិន«ខុសដៃយកដៃ ខុសជើងយកជើង»នោះ ជម្លោះប្តឹងផ្តល់នឹងត្រូវបានកាត់បន្ថយ។ ទន្ទឹមនឹងនោះ ការពង្រឹងប្រពន្ធ័យុត្តិធម៌និងនីតិរដ្ឋក៏ជាកិច្ចការដ៏សំខាន់មួយទៀតដែរពោលគឺតុលាការត្រូវតែឯករាជ្យ និងជាយន្តការផ្តល់យុត្តិធម៌ដែលជាទីទុកចិត្តរបស់ពលរដ្ឋ។
ឥឡូវនេះមេរោគដែលបណ្តាលឲ្យមានជំងឺសង្គមត្រូវបានគេមើលឃើញអស់ហើយ ដូច្នេះ វានៅសល់តែសុឆន្ទៈនិងសមត្ថភាពក្នុងការព្យាបាលបំបាត់មេរោគសង្គមទាំងនោះតែប៉ុណ្ណោះដែលអ្នកដឹកនាំនិងអ្នកតម្រង់ទិសសង្គមទាំងឡាយត្រូវបង្ហាញ។
ពលរដ្ឋខ្មែរគ្រប់គ្នាក៏មានចំណែកសំខាន់ណាស់ដែរក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម ក៏ដូចជាលើកកម្ពស់ការគោរពច្បាប់។ ប្រសិនបើគេអាចធ្វើឲ្យសង្គមមានភាពសុខដុមរមនា ជាសះស្បើយពីជំងឺទាំងអស់នេះ ចំនួនអ្នកជាប់ពន្ធនាគារប្រាកដជានឹងថយចុះជាស្វ័យប្រវត្តិ៕
No comments:
Post a Comment
yes