ដ្ឋាភិបាលកម្ពុជា ថ្មីៗនេះបានបើកគណនេយ្យតម្កល់ប្រាក់នៅធនាគារ អេស៊ីលីដា (Acleda Bank) ឲ្យយោធិនពិការ គ្រួសារយោធិនពលី និងនិវត្តន៍ជនទាំងអស់នៅទូទាំងប្រទេសកម្ពុជា។ យន្តការថ្មីនេះ គឺធ្វើឡើងក្នុងគោលដៅដើម្បីផ្ដល់ភាពងាយស្រួលក្នុងការបើកប្រាក់សោធននិវត្តន៍ប្រចាំខែ ប៉ុន្តែបញ្ហាកាត់ប្រាក់សោធននិវត្តន៍ នៅតែកើតមានជាដដែល។ ជាក់ស្ដែង ទាហានពិការនៅខេត្តប៉ៃលិន ជាច្រើន បានរអ៊ូរទាំពីបញ្ហានេះ។
យោធិនពិការនៅខេត្តប៉ៃលិន ជាច្រើននាក់ សុំឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញ ចំពោះករណីមន្ត្រីក្រសួងសង្គមកិច្ច ដែលបានកាត់ប្រាក់សោធននិវត្តន៍ជាច្រើនខែជាប់គ្នា ក្រោយពីពួកគាត់ទទួលគណនេយ្យប្រើប្រាស់សម្រាប់បើកប្រាក់ប្រចាំខែនៅធនាគារអេស៊ីលីដា។
យោធិនពិការឈ្មោះ ព្រំ ស៊ីថា រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្លែងនៅថ្ងៃទី៧ ខែធ្នូ ថា ចាប់តាំងពីរដ្ឋាភិបាលបើកលេខគណនេយ្យឲ្យបើកប្រាក់សោធននិវត្តន៍ នៅធនាគារអេស៊ីលីដា រួចមក ពួកគាត់ម្នាក់ៗទទួលបានប្រាក់មិនគ្រប់ចំនួននោះឡើយ។
លោកថា ចាប់តាំងពីខែឧសភា រហូតដល់ចុងឆ្នាំ២០១៣ នេះ ខាងមន្ត្រីសង្គមកិច្ចកាត់ប្រាក់សោធននិវត្តន៍របស់ពួកគាត់ក្នុងម្នាក់អស់ចំនួនជាង ២ម៉ឺនរៀលរៀងរាល់ខែ។ បញ្ហានេះ បានធ្វើឲ្យទាហានពិការនៅខេត្តប៉ៃលិន ទាំងអស់រអ៊ូរទាំគ្រប់គ្នា៖ «ប្រាក់បៀវត្សខ្ញុំដែលធ្លាប់បានបើកមកមានចំនួន ១៩ម៉ឺន ៦ពាន់រៀល ពេលចូលមកធនាគារអេស៊ីលីដា វាប្រាក់ខ្ញុំនៅសល់តែ ១៧ម៉ឺន ៣ពាន់រៀល បាត់អស់ ២ម៉ឺន ៣ពាន់រៀល។ ហើយខ្ញុំសួរទៅធនាគារ គេប្រាប់ថា លុយគេទម្លាក់មកឲ្យអ៊ីចឹង ទាំងឯកសារទាំងអីហ្នឹង ហើយដល់ខ្ញុំទៅសួរនៅមន្ទីរសង្គមកិច្ច ប្រហែលគេកាត់លុយកូនលុយអីទេដឹង ប៉ុន្តែលុយកូនខាងមន្ទីរសង្គមកិច្ចគាត់ប្រាប់ថា កាត់តាំងពីឆ្នាំ២០១២»។
ទាហានពិការម្នាក់ៗនៅក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់សោធននិវត្តន៍មិនគ្រប់ចំនួន និងមានចំនួនខុសគ្នា។ ពួកគាត់បញ្ជាក់ថា កន្លងទៅនេះ ពួកគាត់ទទួលព័ត៌មានមិនច្បាស់លាស់ថា ប្រាក់នោះ គឺខាងក្រសួងសង្គមកិច្ច កាត់ថ្លៃរបបមុខរបួស។ ត្រង់ចំណុចនេះ ពួកគាត់មានការសោកស្ដាយយ៉ាងពន់ពេក ព្រោះនៅពេលប្រទេសមានសង្គ្រាម ពួកគាត់បានលះបង់អាយុជីវិតបម្រើជាតិមាតុភូមិ ប៉ុន្តែនៅពេលពួកគាត់ធ្លាក់ខ្លួនពិការ បែរជាខ្វះការយកចិត្តទុកដាក់ពីរដ្ឋាភិបាលទៅវិញ៖ «គុយទាវឥឡូវមួយចាន ៥ ទៅ ៦ពាន់រៀល ប្រាក់បៀវត្សចេះតែតិចទៅ យើងទិញអីហូបបានមិនស្មើគេមានដៃជើងគ្រប់គ្រាន់ នឹកឃើញគុណខំបម្រើជាតិយូរហើយ កុំអោយអស់សង្ឃឹមពេក ពេលដែលស្រុកមានសង្គ្រាមត្រូវការ ពេលស្រុកសាន្តត្រាណគ្រវាត់គ្នាចោល»។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន លោក សាក់ សាមឿន បញ្ជាក់ថា ការកាត់ប្រាក់សោធននិវត្តន៍នោះ គឺមិនមានពាក់ព័ន្ធជាមួយមន្ទីរសង្គមកិច្ចទេ។ លោកបន្តថា ចាប់តាំងពីរដ្ឋាភិបាលរៀបចំកញ្ចប់ថវិកាឲ្យយោធិនពិការ គ្រួសារយោធិនពលី និងនិវត្តន៍ជន បើកលេខគណនេយ្យនៅតាមធនាគាររួចមក គឺខាងមន្ត្រីនៅក្រសួងសង្គមកិច្ច ជាអ្នកទទួលខុសត្រូវ៖ «ខ្ញុំសុំបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងរឿងបើកប្រាក់ជូនដល់ជនពិការ គ្រួសារពលីមរណៈ និងនិវត្តន៍ជននេះ វាផុតពីមន្ទីរតាំងពីខែ៥ មកម៉េ្លះ មិនមែនមន្ទីរគ្រប់គ្រង អត់មានមន្ទីរបើកផ្ដល់ឲ្យទេ គឺនៅលើខាងធនាគារ ហើយធនាគារគាត់សហការមន្ត្រីបេឡាសន្តិសុខសង្គមរបស់ក្រសួងសង្គមកិច្ច អ៊ីចឹងវាហួសពីដែនសមត្ថកិច្ចរបស់ខ្ញុំហើយ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីមន្ត្រីក្រសួងសង្គមកិច្ច ជុំវិញបញ្ហានេះបានទេ។
ប៉ុន្តែ នាយកអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន ថ្លែងថា កាលពីពេលថ្មីៗនេះ លោកបានធ្វើដំណើរទៅខេត្តប៉ៃលិន។ ក្រុមយោធិនពិការជាច្រើននាក់ បានលើកឡើងពីបញ្ហាកាត់ប្រាក់សោធននិវត្តន៍របស់ពួកគាត់។ លោកថា កន្លងទៅនេះ រដ្ឋាភិបាលខិតខំប្រឹងប្រែងជួយដល់យោធិនពិការយោធិនចូលនិវត្តន៍ និងគ្រួសារយោធិនពលី តាមរយៈការបើកគណនេយ្យតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាកុំឲ្យមានការកិបកេងប្រាក់សោធននិវត្តន៍។ ឥឡូវនេះលោកថា បញ្ហានៅតែកើតមាន បង្កផលប៉ះពាល់ដល់យោធិនពិការ និងជះឥទ្ធិពលយ៉ាងអាក្រក់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលថែមទៀត៖ «ផលប៉ះពាល់ទី១ ដល់រដ្ឋាភិបាលតែម្ដង ដោយសាររដ្ឋាភិបាលចង់ទាមទារបំបាត់អំពើពុករលួយ ហើយមានបុគ្គលមួយចំនួនដែលកំពុងធ្វើការជាមួយរដ្ឋាភិបាល ព្យាយាមធ្វើឲ្យខូចកិត្តិយសរបស់រដ្ឋាភិបាល»។
ការរៀបចំបើកប្រាក់សោធននិវត្តន៍នៅតាមធនាគាររបស់រដ្ឋាភិបាលនេះ លោក ងិន សៅរ័ត្ន គាំទ្រថា ជាការតាំងចិត្តយ៉ាងល្អរបស់រដ្ឋាភិបាល ក៏ប៉ុន្តែ លោកថា បុគ្គលដែលធ្វើការនៅក្រសួងសង្គមកិច្ច មួយចំនួន បានប្រើប្រាស់យន្តការនេះដើម្បីកេងបន្លំលើប្រាក់សោធននិវត្តន៍របស់យោធិនពិការ ជាពិសេសយោធិនពិការនៅខេត្តប៉ៃលិន នេះតែម្ដង។ ទន្ទឹមគ្នានេះ លោកសុំឲ្យរដ្ឋាភិបាលចាត់វិធានការត្រួតពិនិត្យបញ្ហានេះឡើងវិញ ដើម្បីធានាថា យន្តការបើកប្រាក់សោធននិវត្តន៍នេះ ធ្វើឡើងដោយត្រឹមត្រូវ ពុំមានការកិបកេងបន្លំប្រាក់សោធននិវត្តន៍របស់យោធិនពិការ យោធិនចូលនិវត្តន៍ និងគ្រួសារយោធិនពលី៕
No comments:
Post a Comment
yes