លោករដ្ឋមន្ត្រីការបរទេសថៃ Surapong Tovichakchaikul បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតែស្វែងរកការសម្របសម្រួល ជាមួយនគរបាលព្រហ្មទណ្ឌ និងនគរបាលរាជវាំង ដើម្បីចាប់ខ្លួនអ្នកជួយជ្រោមជ្រែងឧបត្ថម្ភ ការធ្វើបាតុកម្ម និងក្រុមជំនួយការមេដឹកនាំបាតុករ លោកសូថេបថុងសូបាង។
ការស្វែងរកអន្តរាគមន៍នេះ បានធ្វើឡើង បន្ទាប់ពីដឹងថា បាតុករបានរំសាយ ព្រោះតែពួកគេត្រូវចូលរួមប្រារព្ធបុណ្យចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រថៃ ដែលយាងចូលជន្មាយុ ៨៦ព្រះវស្សា នៅថ្ងៃនេះ។
លោក Surapong បាននិយាយថា អ្នកទាំងនោះ នៅពីក្រោយ លោកសូថេប ដែលជាអ្នកជំរុញឲ្យមានការប្រឆាំងរដ្ឋាភិបាល របស់លោកស្រីយីងឡាក់។ តាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ក្រុមជំនួយការ លោកសូថេប ទាំងនោះគឺមានអ្នកជំនួញធំៗរបស់ថៃផងដែរ។
ក្រុមអ្នកវិភាគមិនរំពឹងថា វិធានការនេះ អាចទៅរួចនោះទេ ទោះបីជាក្រុមនោះ មានដីកាចាប់ខ្លួនពីតុលាការក៏ដោយ។
នៅខណៈនេះ លោកសូថេប ដែលជាមេដឹកបាតុករ បានព្រមានថា ចាប់ពីថ្ងៃសុក្រ ទី៦ ខែធ្នូនេះតទៅ លោកនឹងដឹកនាំមហាបាតុកម្មជាថ្មីទៀត គឺមានរូបរាងធំជាងមុន ដើម្បីទម្លាក់រដ្ឋាភិបាលលោកស្រី យីងឡាក់ ឲ្យបាន នៅក្នុងខែធ្នូនេះ៕
No comments:
Post a Comment
yes