មេដឹកនាំគណបក្សប្រឆាំងភូមា លោកស្រី Aung San Suu Kyi និងអនុរដ្ឋមន្រ្តីក្រសួងកិច្ចការព្រំដែនលោកវរៈសេនីយត្រី Zaw Win ចូលរួមក្នុងពិធីខួបទី៦៨ នៃទិវាកងទ័ពជាតិក្នុងរដ្ឋធានី Naypyidaw នៃប្រទេសភូមា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៣
មន្ត្រីផ្លូវការនៃអតីតប្រទេសរបបសឹកភូមាបានប្រកាសថា
ដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ភូមា
មានការវិវត្តន៍ទៅមុខលឿនជាងប្រជាធិបតេយ្យនៅប្រទេសកម្ពុជាហើយប្រទេសកម្ពុជាគួរតែរៀនសូត្រពីប្រទេសភូមា។
ប៉ុន្តែក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា
បានស្តីបន្ទោសស្ថានភាពបច្ចុប្បន្ននៃប្រទេសភូមាដែលកំពុងស្ថិតក្នុងភាពច្របូកច្របល់នៃសង្គ្រាមផ្ទៃក្នុងនិងបរិបថខុសគ្នានៃស្ថានការណ៍នយោបាយ។
ប្រទេសភូមាបានស្ថិតក្រោមរបបដឹកនាំដោយយោធាផ្តាច់ការអស់រយៈពេល៥០ឆ្នាំ
ហើយរបបសឹកបានចាប់មេដឹកនាំគណបក្សជំទាស់លោកស្រី Aung San Suu
Kyi ដាក់ឃុំឃាំងក្នុងគេហដ្ឋានក្រោមការឃ្លាំមើលអស់រយៈពេល២០ឆ្នាំ
មុននឹងអនុញ្ញាតឲ្យលោកស្រីចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១២
ហើយប្រទេសនេះបានបើកទ្វារទៅរកការកែទម្រង់ជាច្រើនក្នុងពេលបច្ចុប្បន្ន។
លោកកូ កូ ឡាំង
ប្រធានទីប្រឹក្សានយោបាយរបស់លោកប្រធានាធិបតីថេន សេន
នៃប្រទេសភូមាបាននិយាយក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវីអូអេសំឡេងសហរដ្ឋអាមេរិកជាខេមរភាសាក្នុងទីក្រុងវ៉ាស៊ីនតោន
កាលពីថ្ងៃពុធ ថាបើទោះជាប្រទេសភូមាជាប្រទេសក្នុងអន្តរកាលនៃប្រជាធិបតេយ្យថ្មីជាងប្រទេសកម្ពុជា
ប៉ុន្តែលោកគិតថាប្រទេសភូមា «បោះជំហានទៅមុខបានលឿនជាងប្រទេសកម្ពុជា
ហើយភូមាបើកទូលាយជាងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ»។
លោកកូ កូ ឡាំង បានថ្លែងយ៉ាងដូច្នេះក្រោយពីសន្និសីទស្តីពីការត្រៀមខ្លួនធ្វើជាប្រធានសមាគមអាស៊ានរបស់ប្រទេសភូមានៅសាកលវិទ្យាល័យអាមេរិកាំងក្នុងក្រុងWashington។ប្រទេសភូមានឹងត្រូវឡើងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០១៤បន្ទាប់ពីប្រទេសប្រ៊ុយណេ។
ទីប្រឹក្សាលោកប្រធានាធិបតីថេន សេន
ដដែលបាននិយាយយោងទៅដល់ការបើកឱកាសឲ្យដល់ប្រព័ន្ធផ្សព្វផ្សាយនិងចលនានៃសង្គមស៊ីវិលរួមទាំងស្ថានភាពបោះឆ្នោតកាលពីឆ្នាំ២០១២ដែលលោកហៅថាគឺជាការបោះឆ្នោត«ដោយសេរីនិងយុត្តិធម៌»។
លោកកូ កូ ឡាំង និយាយដោយមោទនភាពថាប្រទេសកម្ពុជា«គួររៀនពីប្រទេសភូមាជាពិសេសសម្រាប់កំណែទម្រង់នយោបាយពិតប្រាកដ»។
មន្ត្រីជាន់ខ្ពស់ភូមាដដែលលើកជាឧទាហរណ៍ថាគណបក្សប្រជាជន
កម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន«គឺជាគណបក្សតែមួយគត់ដែលឈ្នះឆ្នោតជាបន្តបន្ទាប់។
ហេតុដូចម្តេចបានជាដូច្នេះ?»។
សេចក្តីថ្លែងការណ៍របស់ប្រធានទីប្រឹក្សានយោបាយរបស់លោកប្រធានាធិបតីថេន
សេន
នៃប្រទេសភូមាធ្វើឡើងពីរថ្ងៃប៉ុណ្ណោះក្រោយពីអង្គការតម្លាភាពអន្តរជាតិបានចេញផ្សាយរបាយការណ៍មួយដែលថាប្រទេសកម្ពុជាមានកម្រិតអំពើពុករលួយខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍គឺពុករលួយខ្លាំងជាងប្រទេសឡាវនិងប្រទេសភូមា។
លោកផៃ ស៊ីផាន
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសម្តែងភាពសោះអង្គើយចំពោះសេចក្តីអត្ថាធិប្បាយខាងលើប៉ុន្តែលោកបានព្រមានអំពីការប្រើប្រាស់វោហាស័ព្ទគួរតែមានការប្រុងប្រយ័ត្នដោយចៀសវាងការប្រៀបធៀបបែបនេះ។
«ប៉ុន្តែការរៀនសូត្រថាតើប្រទេសភូមាបានធ្វើអ្វីខ្លះសម្រាប់ឆ្លើយតបនឹងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ?
តើប្រទេសភូមាបានធ្វើអ្វីខ្លះសម្រាប់ស្រោចស្រង់ប្រជាពលរដ្ឋនៅពេលដែលមានសង្គ្រាមស៊ីវិល?
តើប្រទេសភូមាបានធ្វើអ្វីខ្លះសម្រាប់ពួកផ្តាច់ខ្លួន?
បើសិនយើងមើលគ្រប់ជ្រុងជ្រោយកន្លែងទាំងនេះធៀបជាមួយប្រទេសកម្ពុជាគឺបរិបថខុសគ្នាដូចមេឃនិងដី»។
ដោយឡែកលោកខៀវ កាញ៉ារិទ្ធ
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលប្រទេសកម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃ«លទ្ធិប្រជាធិបតេយ្យពិតប្រាកដ»តាមរយៈការជាប់ឆ្នោតរបស់គណបក្សជំទាស់ដែលបានកើនចំនួនអាសនៈចំនួនទ្វេដង។
ដោយឆ្លើយតបទៅនឹងទីប្រឹក្សានយោបាយរបស់ប្រធានាធិបតីភូមាដែលបានចោទសួរអំពីគណបក្សប្រជាជនកម្ពុជាដែលជាប់ឆ្នោតជាបន្តបន្ទាប់នោះ
លោកខៀវ កាញ៉ារិទ្ធ
លើកឡើងថាដោយសារគណបក្សរបស់លោកធ្វើការជិតស្និទ្ធជាមួយម្ចាស់ឆ្នោត។
លោកខៀវ កាញ៉ារិទ្ធ ថ្លែងថាប្រទេសកម្ពុជាមិនបានធ្វើឬកជាប្រទេសគំរូបែបប្រជាធិបតេយ្យនោះទេដោយសារតែប្រទេសនីមួយៗមានប្រវត្តិនិងជំហានរៀងៗខ្លួនក្នុងការឈានដល់គោលដៅប្រជាធិបតេយ្យ។ក្នុងពេលជាមួយគ្នានេះអ្នកនាំពាក្យរដ្ឋាភិបាលបានពោលបញ្ឆិតបញ្ឆៀងថាយ៉ាងហោចណាស់ប្រទេសកម្ពុជា«មិនមានសង្គ្រាមស៊ីវិលទៀតទេ»។
លោកអ៊ូ វីរៈ
នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលទើបតែបានចូលរួមកិច្ចប្រជុំស្តីពីស្ថានភាពនយោបាយនៅប្រទេសភូមាកាលពីពាក់កណ្តាលខែវិច្ឆិកា
(លោក)មានប្រសាសន៍ថាដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសភូមាកំពុងស្ថិតនៅពីក្រោយប្រទេសកម្ពុជានៅឡើយ។
«ខ្ញុំមើលទៅប្រទេសកម្ពុជានៅគ្រាន់បើជាងផ្នែកប្រជាធិបតេយ្យប៉ុន្តែការគ្រាន់បើនេះនៅមានកម្រិតធ្ងន់។
[នៅភូមា]
ទាហាននៅមានអំណាចគ្រប់គ្រងសភាជាន់ទាបនិងសភាជាន់ខ្ពស់គឺមានចំនួនប្រមាណ១ភាគ៣នៃសមាជិកសភាទាំងស្រុង។
ការវិនិយោគមិនទាន់សេរីដូចប្រទេសកម្ពុជាទេ។រីឯវិទ្យុនិងទូរទស្សន៍តានតឹងស្រដៀងប្រទេសកម្ពុជាដែរ»។
ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងកាលពីឆ្នាំ១៩៩៨។សង្គ្រាមស៊ីវិលនោះបានអូសបន្លាយអស់រយៈពេលបីទសវត្សរ៍។
ដោយឡែករបបសឹកភូមាក្រោយពីបានប្តូររបត់ទៅរករបបប្រជាធិបតេយ្យបានជួបប្រទះនូវការប៉ះទង្គិចដោយប្រដាប់អាវុធផ្ទៃក្នុងរវាងជនជាតិនិងនិន្នាការសាសនា។
ប្រទេសភូមាដែលមានប្រជាជនសរុបចំនួន៦០លាននាក់នឹងធ្វើការបោះឆ្នោតសកលនៅឆ្នាំ២០១៥ដែលគឺជាការបោះឆ្នោតដែលកំពុងស្ថិតក្រោមខ្សែភ្នែកតាមឃ្លាំមើលរបស់សហគមន៍អន្តរជាតិស្តីពីដំណើរការប្រជាធិបតេយ្យរបស់ប្រទេសនេះ៕
No comments:
Post a Comment
yes