សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 2, 2013

ក្រសួង​ការពារ​ជាតិ​ប្ដឹង​ចាងហ្វាង​កាសែត"មនសិការ​ខ្មែរ"

ដាំ​សិទ្ធិ
លោក ដាំ សិទ្ធិ និពន្ធ​នាយក​នៃ​កាសែត​មនសិការ​ខ្មែរ​ដែល​មាន​និន្នា
ការ​គាំទ្រ​គណបក្ស​ប្រឆាំង

ក្រុម​ការងារ​អន្តរក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ទទូច​ឲ្យ​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" លោក ដាំ សិទ្ធិ សរសេរ​លិខិត​ពន្យល់ និង​បំភ្លឺ​ចំពោះ​អត្ថបទ​ចុះ​ផ្សាយ​មួយ ដែល​មាន​ចរិត​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ ថា​បាន​យក​កម្លាំង​មក​ប្លន់​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ។

លោក ដាំ សិទ្ធិ មិន​បាន​បំភ្លឺ​ជុំវិញ​អត្ថបទ​ដែល​បាន​ផ្សាយ​រួច​ហើយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន​ទេ ហើយ​សំណុំ​រឿង​របស់​លោក ដាំ សិទ្ធិ នេះ ត្រូវ​បាន​ខាង​ក្រសួង​ការពារ​ជាតិ ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​យោធា។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ករណី​សំណុំ​រឿង​លោក ដាំ សិទ្ធិ ត្រូវ​បាន​ក្រសួង​ការពារ​ជាតិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​យោធា ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កងកម្លាំង​ប្រដាប់​អាវុធ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ទីស្ដីការ​គណៈរដ្ឋមន្ត្រី អស់​ភាព​អំណត់​រង់ចាំ​ការ​ឆ្លើយ​តប​ជា​លិខិត​លាយលក្ខណ៍អក្សរ​បំភ្លឺ​របស់​លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៀត​ហើយ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ទុក​ពេល ៣​សប្ដាហ៍​រួច​ហើយ ឲ្យ​ចាងហ្វាង​កាសែត​រូប​នេះ ពន្យល់​និង​បំភ្លឺ​ជា​លិខិត​ផ្លូវការ​ចំពោះ​អត្ថបទ​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា កាសែត "មនសិការ​ខ្មែរ" បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការ​បន្លំ​លទ្ធផល​បោះ​ឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យ​ជម្នះ​ប្រជារាស្ត្រ​ខ្មែរ។ ចំណង​ជើង​នេះ​ត្រូវ​បាន​លោក ដាំ សិទ្ធិ ដក​ស្រង់​ចេញ​ពី​សម្ដី​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​ ទូរទស្សន៍​អូស្ត្រាលី ឈ្មោះ ស៊ី.ប៊ី.អិន (CBN)។
លោក ផៃ ស៊ីផាន ជា​អនុ​ប្រធាន​ក្រុម​ការងារ​អន្តរ​ក្រសួង​ទទួល​បន្ទុក​ព័ត៌មាន​សមរភូមិ និង​ផលប្រយោជន៍​ការពារ​ជាតិ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែរ​នោះ បញ្ជាក់​ថា ករណី​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ និង​កិត្តិយស​របស់​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​រឿង​នេះ​ត្រូវ​ស្ថិត​ក្នុង​តុលាការ​យោធា៖ «រឿង​នេះ​ផុត​ពី​ដៃ​យើង ការិយាល័យ​យើង​ជូន​ទៅ​មេធាវី​របស់​ក្រសួង​ការពារ​ជាតិ ឬ​កង​យោធពល​ខេមរភូមិន្ទ ដែល​ធ្វើ​ការ​ជាមួយ​តុលាការ​សឹក​ដែល​ស្វែង​រក​ព័ត៌មាន​នេះ»។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ។ លោក ន័យ ថុល ប្រធាន​តុលាការ​យោធា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។
លោក ដាំ សិទ្ធិ ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ចូល​រួម​រដ្ឋ​សភា ចាត់​ទុក​ការ​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​លោក​ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា លោក​បាន​បញ្ជូន​ខ្សែអាត់​សំឡេង​របស់​លោក កឹម សុខា ដែល​បាន​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​អូស្ត្រាលី ទៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​រួច​ហើយ ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​អត្ថបទ​ដែល​លោក​បាន​ចុះ​ផ្សាយ។ ប៉ុន្តែ​ខាង​គណៈរដ្ឋមន្ត្រី​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​បំភ្លឺ​តាម​លិខិត​ពី​រឿង​នោះ​ទៀត។
លោក​គិត​ថា នេះ​ជា​ការ​គំរាមកំហែង​ថ្មី​ដល់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​រិះគន់​ទង្វើ​ខុស​ច្បាប់​របស់​អ្នក​កាន់​អំណាច៖ «យក​លេស​មួយ​ដើម្បី​ជា​ការ​គំរាមកំហែង​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​មនសិការ ខ្មែរ​ដែល​គេ​ធ្លាប់​ធ្វើ​រាប់​ឆ្នាំ​មក​ហើយ​នេះ ជា​ការ​គំរាមកំហែង​មួយ​បែប​ថ្មី​មួយ​ទៀត»។
ជុំវិញ​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​ដាក់​បណ្ដឹង​ប្ដឹង​ចាងហ្វាង​កាសែត "មនសិការ​ខ្មែរ" ទៅ​តុលាការ​យោធា​ជា​រឿង​ខុស​ច្បាប់​ទាំង​ស្រុង ដោយសារ​តែ​លោក ដាំ សិទ្ធិ ជា​ជន​ស៊ីវិល៖ «ទាក់ទង​រឿង​បរិហារកេរ្តិ៍​ក៏ដោយ រឿង​សន្តិសុខ​ជាតិ​ក៏ដោយ ដោយសារ​លោក ដាំ សិទ្ធិ គាត់​ជា​ជន​ស៊ីវិល ហើយ​ជា​អ្នក​សារព័ត៌មាន អ៊ីចឹង​មិន​គួរ​ទាក់ទង​ជាមួយ​តុលាការ​យោធា​ទេ ហើយ​ខ្ញុំ​មើល​ទៅ​ការ​ប្រើប្រាស់​តុលាការ​យោធា​នៅ​ពេល​នេះ ចំពោះ​ខ្ញុំ​គឺ​មិន​ត្រឹម​ត្រូវ​ទេ»។
លោក ដាំ សិទ្ធិ អាច​នឹង​ជាប់​ចោទ​ពី​បទ​បរិហារកេរ្តិ៍ ឬ​បើ​ធ្ងន់​លោក​អាច​ជាប់​ពាក់ព័ន្ធ​ពី​បទ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ និង​រង​ការ​គំរាមកំហែង​ជា​ច្រើន​លើក​ពី​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ការ​ចុះ​ផ្សាយ​រឿង​អាស្រូវ​របស់​មន្ត្រី​ទាំង​នោះ​នៅ​ក្នុង​ទំព័រ​កាសែត។
អ្នក​កាសែត​ម្នាក់​ដែល​បម្រើ​ការពារ​ឲ្យ​កាសែត​មួយ​នេះ គឺ​លោក ឃឹម សំបូរ និង​កូន​ប្រុស ក៏​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ជិត​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដែល​សង្ស័យ​ថា បាន​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល ហើយ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃាតក​ពិត​ឃើញ​នៅ​ឡើយ៕

No comments:

Post a Comment

yes