កម្មករដែលរងរបួសដោយកម្លាំងចម្រុះប្រើហិង្សាបង្ក្រាបពេលផ្ទុះហិង្សា
នៅតាមបណ្ដោយផ្លូវវ៉េងស្រេង សម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្ត
ភាពសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤
ក្រុមគ្រួសារមួយចំនួនកំពុងមានកង្វល់ ដោយសារបាត់កូនរកមិនទាន់ឃើញនៅឡើយ បន្ទាប់រាជរដ្ឋាភិបាលបានប្រើកម្លាំងអាជ្ញាធរចម្រុះបង្ក្រាបបាតុករដែលជាកម្មករតវ៉ាទាមទារដំឡើងប្រាក់ខែនៅលើផ្លូវវ៉េងស្រេង ចំណុចសួនឧស្សាហកម្មកាណាឌីយ៉ា នៅសង្កាត់កំបូល ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី២ និងថ្ងៃទី៣ មករា កន្លងមកនោះ។
ក្រុមគ្រួសារទាំងនោះបានអំពាវនាវសុំឲ្យអង្គការសិទ្ធិមនុស្សជួយស្វែងរកសមាជិកគ្រួសាររបស់ពួកគាត់ដែលបានបាត់ខ្លួនប្រមាណមួយសប្ដាហ៍មកហើយនោះ។
ពលរដ្ឋម្នាក់មកពីខេត្តស្វាយរៀង បានដាក់ពាក្យប្ដឹងទៅអង្គការអាដហុក (Adhoc) ឲ្យជួយស្វែងរកកូនប្រុសដែលបាត់ បន្ទាប់ពីសង្ស័យថាបានស្លាប់ក្នុងព្រឹត្តិការណ៍បង្ក្រាបរបស់កម្លាំងអាជ្ញាធរនៅលើផ្លូវវ៉េងស្រេង កាលពីសប្ដាហ៍មុន។
លោក ឃឹម សឿន អាយុ ៤១ឆ្នាំ រស់នៅភូមិបឹងទ្រាល ឃុំអង្គតាសូ ស្រុកស្វាយជុំ ខេត្តស្វាយរៀង ឲ្យដឹងថា កូនប្រុសរបស់លោកឈ្មោះ ឃឹម សាផាត អាយុ ១៦ឆ្នាំ បានបាត់ខ្លួននៅពេលដែលសមត្ថកិច្ចបាញ់រះទៅលើក្រុមបាតុករ កាលពីថ្ងៃទី៣ មករា។ លោកបន្តថា កូនប្រុសរបស់លោកមិនទាន់គ្រប់អាយុចូលធ្វើការក្នុងរោងចក្រ ប៉ុន្តែបានទិញឈ្មោះគេម្នាក់ គឺឈ្មោះ អ៊ុង ចាន់ធឿន ដើម្បីអាចចូលធ្វើការបាន ហើយទើបតែបានការងារនៅក្នុងរោងចក្ររយៈពេលជាង ២ខែប៉ុណ្ណោះ។
លោកបន្តថា នៅថ្ងៃកើតហេតុ កូនប្រុសរបស់លោកបានចូលរួមធ្វើបាតុកម្មជាមួយមិត្តភក្ដិឯទៀត ហើយដំណឹងចុងក្រោយដែលលោកទទួលបាន ឲ្យដឹងថា កូនប្រុសលោកត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដើមទ្រូង ដួលផ្កាប់មុខទៅលើថ្នល់ ខណៈដែលសមត្ថកិច្ចបាញ់សំដៅចំៗទៅលើក្រុមបាតុករ ហើយភ្លាមៗសមត្ថកិច្ចបានលើក ឃឹម សាផាត ដាក់ឡានដឹកយកទៅបាត់៖ «បើនៅរស់ឲ្យដឹងដំណឹងផង បើស្លាប់ឲ្យឃើញសពឲ្យខ្ញុំផង។ សោកស្ដាយណាស់ខ្លោចចិត្ត បើម៉ែវានិយាយអត់ចេញផង សន្លប់រហូតដុតភ្លើងឆ្អើររហូត»។
លោក ឃឹម សឿន បានព្យាយាមដើររកកូនប្រុសលោកតាមមន្ទីរពេទ្យ និងតាមវត្តមួយចំនួន ក្រែងលោអាជ្ញាធរដឹកសពទៅទម្លាក់ចោលនៅវត្ត។ ប៉ុន្តែនៅតែមិនឃើញ ទើបដាច់ចិត្តធ្វើបុណ្យសពឲ្យកូនប្រុស បន្ទាប់ពីសង្ស័យថាកូនប្រុសរបស់លោកបានស្លាប់បាត់ទៅហើយ។
យុវជនម្នាក់ឈ្មោះ ស្រី រី ដែលត្រូវគ្រាប់កាំភ្លើងចំដៃ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី បញ្ជាក់ថា លោកបានឃើញផ្ទាល់ភ្នែកថា ឈ្មោះ ឃឹម សាផាត ហៅជ្រូក ពិតជាត្រូវគ្រាប់ចំដើមទ្រូង ហើយត្រូវសមត្ថកិច្ចលើកដាក់ឡានដឹកយកទៅបាត់មែន ប៉ុន្តែមិនបានដឹងថា ដឹកយកទៅទីណាទេ។
ជុំវិញករណីនេះដែរ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា តាមការស៊ើបអង្កេតរបស់អង្គការអាដហុក នៅមិនទាន់រកឃើញ ឃឹម សាផាត នៅឡើយទេ។ តែ សាក្សីបញ្ជាក់ថា ឃឹម សាផាត អាចស្លាប់ទៅហើយ។ ករណីស្លាប់បាត់រកសពមិនឃើញនេះ បានធ្វើឲ្យមានការសន្និដ្ឋានថា តួលេខនៃចំនួនអ្នកស្លាប់ឡើងដល់ ៥នាក់៖ «កន្លែងចាប់ខ្លួនរកមើលឈ្មោះ ឃឹម សាផាត ឬក៏រកឈ្មោះ អ៊ុង ចាន់ធឿន ហ្នឹងមិនមានទេ ក្នុងចំណោម ២៣នាក់ហ្នឹង ហើយឈ្មោះអ្នករងរបួសនៅតាមមន្ទីរពេទ្យ ក៏អត់ឃើញ។ អ៊ីចឹងយើងអត់ដឹងថាយកទៅណា»។
កម្លាំងរដ្ឋាភិបាលមានកងរាជអាវុធហត្ថ ប៉ូលិស និងទាហាន ប្រដាប់ដោយកាំភ្លើង ខែល ដំបង និងបំពង់ទីប បានបាញ់ និងវាយទៅលើកម្មករដែលប្រើដុំថ្មជាអាវុធគប់តបតប្រឆាំងនឹងកម្លាំងអាជ្ញាធរ។ មានសេចក្តីរាយការណ៍មិនច្បាស់លាស់ពីចំនួនអ្នកស្លាប់ក្នុងការបាញ់បង្ក្រាបនោះ ដោយអង្គការខ្លះថាមានស្លាប់ ៤នាក់ អង្គការខ្លះទៀតថាមានស្លាប់ ៥នាក់ រីឯគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថាចំនួនអ្នកស្លាប់មានរហូត ៦នាក់។
ដោយឡែកសមត្ថកិច្ចវិញ នៅមិនទាន់ទម្លាយព័ត៌មានពីចំនួនមនុស្សស្លាប់ និងរបួសក្នុងការបង្ក្រាបទៅលើក្រុមកម្មករនៅឡើយទេ។ យ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលខ្លះទៀត បង្ហើបថា ចំនួនអ្នកស្លាប់អាចកើនលើសពីចំនួនដែលរកឃើញជាបឋមនេះ ដោយសារមានការសង្ស័យថាសពខ្លះត្រូវគេដឹកយកទៅទម្លាក់ចោលស្ងាត់ៗ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានសម្ដែងការហួសចិត្តចំពោះការលើកឡើងថា មានការដឹកសពកម្មករទៅបោះចោលដោយស្ងាត់ៗ៖«អត់មានរឿងអ៊ីចឹងទេ ខ្ញុំសូមធ្វើការបដិសេធ ហើយពាក្យទាំងអស់នេះគ្រាន់តែធ្វើឲ្យបរិយាកាសវាអាប់អួក្នុងសង្គមទេ»។
អង្គការអាដហុក បានកំណត់អត្តសញ្ញាណមនុស្ស ៥នាក់ ដែលស្លាប់នោះ រួមមានឈ្មោះ យាន ឬទ្ធី អាយុ ២៥ឆ្នាំ មកពីខេត្តព្រៃវែង ឈ្មោះ គឹម ផល្លា អាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ ឈ្មោះ ខេង កុសល អាយុ ២៤ឆ្នាំ ឈ្មោះ សម ថាវី អាយុ ២៦ឆ្នាំ និងឈ្មោះ ឃឹម សាផាត អាយុ ១៦ឆ្នាំ ដែលរកសពមិនទាន់ឃើញ។
យ៉ាងណា មន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យរាជរដ្ឋាភិបាលបង្កើតគណៈកម្មការស៊ើបអង្កេតករណីនេះ និងស្វែងរកអ្នកដែលកំពុងបាត់ខ្លួនក្រោយព្រឹត្តិការណ៍បង្ក្រាបរបស់សមត្ថកិច្ច ស្នើសុំឲ្យមានការស៊ើបអង្កេតថា តើការប្រើប្រាស់អាវុធបាញ់ទៅលើកម្មករ និងពលរដ្ឋ ជាអាវុធស្របច្បាប់របស់រដ្ឋ ឬយ៉ាងណា ដើម្បីកុំឲ្យមានការទម្លាក់កំហុសដូចរាល់ដងទៅលើជនទី៣ជាអ្នកបង្ក ស្នើសុំឲ្យមានការបើកចំហសិទ្ធិសេរីភាពជួបជុំដល់ពលរដ្ឋឡើងវិញ ជៀសវាងការដាក់បម្រាមគោចរណាមួយ៕
No comments:
Post a Comment
yes