សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 26, 2014

មនុស្ស​យ៉ាង​ហោចណាស់​៨នាក់​រងរបួសនៅក្នុង​ការប៉ះទង្គិច​គ្នា​ក្បែរ​ស្ពាន​នាគជិត​ទីលានប្រជាធិបតេយ្យ​​

(រូបភាពដោយ ណាត សុភាព)

មនុស្ស​យ៉ាង​ណាស់ ៨​នាក់ ក្នុងនោះ​មាន​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ម្នាក់ បាន​រងរបួសធ្ងន់​ និងស្រាល ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សន្តិសុខ និង​ប្រជា​ពលរដ្ឋ​​​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ស្ពាន​នាគ សង្កាត់​វត្តភ្នំ ជិត​ទីលាន​ប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអាទិត្យ​នេះ។​
​នៅ​ម៉ោង​ប្រមាណជាង​​៩​ព្រឹក​នេះ មាន​ការប៉ះទង្គិច​គ្នា​មួយ រវាង​សន្តិសុខ​មួយ​ក្រុម ដែល​ត្រូវបាន​​រាយការណ៍​មក​ថា ជា​ក្រុម​សន្តិសុខ​សាលាខណ្ឌ​ដូន​ពេញ និង​​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​​នាក់ ដែល​ឈរ​ប្រមូលផ្តុំ​នៅ​មុខ​ស្ពាន​នាគ ក្បែរ​ទីលាន​ប្រជាធិបតេយ្យ បណ្តាលឲ្យ​មនុស្ស​៧​​នាក់ រង​របួស​ធ្ងន់​​និង​ស្រាល។
ជាមួយ​គ្នា​នោះដែរ ​សន្តិសុខ​ម្នាក់ ក៏ត្រូវ​បានពលរដ្ឋ​វាយ​ឲ្យ​រង​របួស​ធ្ងន់ផង​ដែរ នៅពេល​ប៉ះទង្គិច​គ្នា​នោះ ហើយពេល​នេះ សន្តិ​សុខ​រូប​នោះ ត្រូវ​​បានគេ​​បញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ដើម្បីព្យាបាល។
សេចក្តីរាយការណ៍​ពី​ទីលាន​ប្រជាធិបតេយ្យ ឲ្យដឹងថា ក្រុម​សន្តិសុខ​ទាំងនោះ បាន​ប្រើ​ដំបង​វាយ​ទៅលើ​ពលរដ្ឋ​ពីរ​នាក់ បណ្តាល​ឲ្យ​រង​បួស​ ខណៈ​ដែល​​ពួកគេ​ប៉ះ​ពាក្យ​សម្តី​គ្នា។ សេចក្តីរាយការណ៍​បន្ត​ថា នៅពេល​ដែល​ឃើញ​សន្តិសុខ​ប្រើប្រាស់​ហិង្សា​ទៅ​លើ​ពលរដ្ឋ​នោះ ពលរដ្ឋ​ផ្សេង​​ទៀត និង​អ្នក​ដំណើរ​​ដែល​ឆ្លងកាត់​ទីនោះ​បាន​ប្រើ​ដុំថ្ម គប់​ទៅលើ​ក្រុម​សន្តិសុខ​ទាំងនោះ​វិញ​។​

តែទោះជាយ៉ាងណា នៅម៉ោងប្រមាណ​១០​ព្រឹក​នេះ ស្ថាន​​ការណ៍នៅទីលាន​ប្រជា​ធិបតេយ្យ បាន​ស្ងប់ស្ងាត់វិញបន្តិច​ហើយ។
លោក ឡុង ឌី​ម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ដោយ​ប្រាប់ថា កំពុង​តាមដាន​លើ​ករណី​នេះ​។​
ចំណែក លោក​​ចាន់ សុ​វ៉េ​ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក ដែល​ឃ្លាំមើល​ហេតុការណ៍​នេះ បានចាត់ទុក​ក្រុម​សន្តិសុខ​ដែល​បំបែក​ការ​​ប្រមូល​ផ្តុំ​​ទៅ​លើ​​ពលរដ្ឋ ថា​ជា​បាតដៃ​ទី​បី ដែល​បង្ក​ការ​ចលាចល​ក្នុង​សង្គម និង​ធ្វើឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុ​ជា​ដើរ​ថយក្រោយ។ លោក​ថា រដ្ឋាភិបាល​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ ព្រោះ​ក្រុម​សន្តិសុខ​ទាំងនោះ ជាអ្នក​ដែល​​​អាជ្ញាធរ​រាជធានីភ្នំពេញ​​ដាក់​​សម្រាប់​ការពារ​ប្រជា​ពលរដ្ឋ តែ​​បែរជា​ប្រើប្រាស់​ហិង្សា​​​ទៅ​លើ​ប្រជាពលរដ្ឋ​ទៅវិញ​ ដែល​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ទៅ​វិញ។​
ការប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​នៅ​ពេល​ដែល​ក្រុម​សហជីព កម្មករ និង​ប្រជាពលរដ្ឋ គ្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​២៣​នាក់ និង​ដំ​ទ្បើង​ប្រាក់​ឈ្នួល​កម្មករ​គ្រប់​វិស័យ​យ៉ាងតិច​១៦០​ដុល្លារ​ក្នុង​មួយខែ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​​រារាំង ដោយ​ដាក់​កម្លាំង​ជាច្រើន​រយ​​នាក់ បិទផ្លូវ និងដាក់​កម្លាំង​​បំបែក​នូវ​រាល់​ការប្រមូលផ្តុំ​នៅក្បែរនោះ​៕

No comments:

Post a Comment

yes