សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, January 7, 2014

គ្មាន​ព័ត៌មាន​ពី​កន្លែង​ឃុំ​ខ្លួនវ៉នពៅនិងកម្មករ

140107_05a
លោក វ៉ន ពៅ​ ត្រូវ​បាន​សមត្ថកិច្ច​វាយ​ឲ្យ​រង​របួស​ក្បាល​ក្នុង​​ពេល​បង្ក្រាប​
កម្មករ​តវ៉ា​​​។ រូបថត ហេង ជីវ័ន
មេធាវី​និង​ក្រុម​គ្រួសារ​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ​ដែល​ត្រូវ​បាន​ឃុំ​ក្នុង​ការ​បង្ក្រាប​ដោយ​កងទ័ព​ឆត្រ​យោង ៩១១ នៅ​ពេល​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ ១៦០ ដុល្លារ​ក្នុង​មួយ​ខែ ដែល​តុលាការ​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ពន្ធនាគារ​បង្ហាញ​ពី​ទីតាំង​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​កូន​ក្តី និង​គ្រួសារ​របស់​គេ។
អ្នក​ស្រី ប្រាក់ សុវណ្ណារី ភរិយា​របស់​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែល ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​បណ្តោះ​អាសន្ន​បាន​ថ្លែង ឲ្យ​ដឹង​ថា អ្នក​ស្រី​ពុំ​បាន​ដឹង​ថា តើ​គ្រួសារ​របស់​អ្នក​ស្រី​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ណា​នោះ​ទេ ពីព្រោះ​អ្នក​ស្រី​និង​មេធាវី ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ទៅ​រក​គាត់​នៅ​មន្ទីរ​កែប្រែ​អស់​ហើយ​តែ​ពុំ​ឃើញ​គាត់​សោះ។
អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​ថា​យក​ប្តី​ខ្ញុំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ព្រៃ​ស នៅ​ពេល​យើង​ទៅ​រក​គាត់​នៅ ព្រៃ​ស អត់​ឃើញ ក្រោយ​មក​យើង​ឮ​ពាក្យ​ចចាម​អារ៉ាម ថា គាត់​នៅ​ពន្ធនាគារ ពោធិ៍សាត់ តែ​នៅ​ពេល​យើង​ទៅ​រក​អត់​ឃើញ តើ​គេ​យក​ប្តី​ខ្ញុំ​ទៅ​ណា? ខ្ញុំ​ចង់​ជួប​ប្តី​ខ្ញុំ តើ​សុខ​ទុក្ខ​គាត់​យ៉ាង​ណា​ពីព្រោះ​ខ្ញុំ​មិន​ដែល​បាន​ជួប​គាត់​ទេ​តាំង​ពី​ថ្ងៃ​ដែល​គេ​វាយ​ទាត់​យើង​ចាប់​គាត់​ដាក់​ពន្ធនាគារ»។

អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា មេធាវី​របស់​ប្តី អ្នក​ស្រី​ត្រូវ​ការ​ជួប​ប្តី​របស់​ខ្លួន​ដើម្បី​សួរ​នាំ​រឿង​បន្ថែម ប៉ុន្តែ​មេធាវី​គាត់​បាន​ទៅ​សួរ​ព្រះ​រាជអាជ្ញា​គេ​ថា ឲ្យ​ទៅ​សួរ​ប៉ូលិស ហើយ​នៅ​ពេល​ដែល​មេធាវី​ទៅ​សួរ​ស្នងការ​គេ​ថា ផុត​ដៃ​គេ​ហើយ​ឲ្យ​ទៅ​សួរ​ព្រះ​រាជអាជ្ញា​វិញ។ អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «បើ​មេធាវី​ការពារ​កូន​ក្តី​ហើយ​មិន​មាន​កូន​ក្តី​តើ​ឲ្យ​ការពារ​ឲ្យ​អ្នក ណា? ខ្ញុំ​សូម​ថ្កោលទោស​រដ្ឋាភិបាល​និង​ព្រះ​រាជអាជ្ញា​ពីព្រោះ​ប្តី​ខ្ញុំ​ពុំ​បាន​ទទួល​ការ​ព្យាបាល​របួស​គាត់​ដែល​ត្រូវ​បាន​ទាហាន​វាយ​នោះ​ទេ»។
អ្នក​ស្រី អ៊ឹម សាវលាង អាយុ ៣១ ឆ្នាំ ដែល​ជា​ភរិយា​របស់​លោក យ៉ុង សំអន ជា​កម្មករ​បម្រើការ​នៅ​រោងចក្រ យ៉ាកជីន បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ស្រី​បាន​ដើរ​ស្វែង​រក​ប្តី​របស់​អ្នក​ស្រី​គ្រប់​ពន្ធនាគារ​ហើយ​តែ​ពុំ​បាន​ជួប​មុខ​ប្តី​របស់​អ្នក​ស្រី​សោះ។ អ្នក​ស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «គេ​ថា​ប្តី​នៅ ព្រៃ​ស សុំ​គេ​ចូល ព្រៃ​ស មិន​ឃើញ គេ​ថា​នៅ​គុក ពោធិ៍សាត់ ទៅ​រក​ក៏​មិន​ឃើញ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ​។ ខ្ញុំ​ឲ្យ​អាជ្ញាធរ​ប្រាប់​មក​ថា ប្តី​ខ្ញុំ​ឃុំ​ខ្លួន​នៅ​ឯណា ប្តី​ខ្ញុំ​នៅ​ថ្ងៃ​នោះ​គាត់​មិន​បាន​ទៅ​តវ៉ា​ទេ​គាត់​គ្រាន់​ជិះ​ម៉ូតូ កាត់​ក៏​ត្រូវ​បាន​គេ​ចាប់​តែ​ម្តង»។
ចំណែក​ឯ​លោក ពេជ្រ ភឿន ដែល​ជា​ពូ​របស់​ជន​រងគ្រោះ​ឈ្មោះ ជ្រូក អាយុ ១៨ ឆ្នាំ ដែល​បាន​បាត់​ខ្លួន​ហើយ​ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​ឲ្យ​តាម​ប្រពៃណី​នោះ​បាន​ថ្លែង​ថា ម្តាយ​របស់​ជន​រងគ្រោះ​ពុំ​អាច​និយាយ​បាន​ទេ​គឺ​គាត់​សន្លប់​រហូត បន្ទាប់​ពី​បាត់​ដំណឹង​កូន​របស់​គាត់ ហើយ​មិត្តភក្តិ​បាន​ប្រាប់​ថា ត្រូវ​គេ​បាញ់​សម្លាប់។ លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា៖ «ពួក​ម៉ាក​វា​ដែល​ត្រូវ​របួស​ត្រង់​ស្មា បាន​និយាយ​ថា​វា​ត្រូវ​បាន​គេ​បាញ់​ត្រូវ​ចំ​ដើម​ទ្រូង​ហើយ​ដួល ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​លើក​បោះ​ដាក់​លើ​ឡាន​បាត់ ហើយ​យើង​ព្យាយាម​រក​មិន​ឃើញ​ក៏​សម្រេច​ធ្វើ​បុណ្យ​ឲ្យ​វា​តែ​ម្តង»។
លោក ជួង ជូងី មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រងគ្រោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា លោក​ពុំ​ដឹង​ថា កូន​ក្តី​របស់​លោក​ទាំង​អស់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ណោះ​អាសន្ន​នៅ​ឯ​ណា​នោះ​ទេ ហើយ​ក្រុម​ការងារ​របស់​លោក​បាន​ទាក់​ទង​ទៅ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ។
លោក​បាន​ឲ្យ​ដឹង​ថា៖ «យើង​ពុំ​ដឹង​មូល​ហេតុ​ច្បាស់​ថា តើ​ហេតុ​អី​បាន​ជា​គេ​លាក់​ព័ត៌មាន​ឃុំ​ខ្លួន​កូន​ក្តី​ខ្ញុំ​នោះ​ទេ ខ្ញុំ​ត្រូវ​ការ​ជួប​ពួក​គាត់​ដើម្បី​ឲ្យ​ពួក​គាត់​មាន​អារម្មណ៍​កក់ក្តៅ​ថា មាន​មេធាវី បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​នឹង​មាន​អារម្មណ៍​ថា គ្មាន​ភាព​កក់ក្តៅ»។
លោក គុយ ប៊ុនសន អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង មហាផ្ទៃ បាន​ថ្លែង​ឲ្យ ដឹង​ថា លោក​បាន​ឲ្យ​ប្រធាន​ពន្ធនាគារ​ធ្វើ​របាយ​ការណ៍​មក​លោក​ហើយ។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​ដឹង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ឈ្មោះ​ថា អ្នក​ណា​ខ្លះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដែរ»។
លោក ស៊ុន លាង ប្រធាន​ពន្ធនាគារ ព្រៃ​ស បាន​បដិសេធ​ពុំ​ធ្វើ​ការ​អត្ថាធិប្បាយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ»។
នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា​នៅ​រោងចក្រ យ៉ាកជីន ដោយ​កង​កម្លាំង​ឆត្រ​យោង ៩១១ នៅ​ថ្ងៃ ទី២ ខែ មករា ឃាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​និង​កម្មករ ១០ នាក់ និង​ព្រះសង្ឃ​ចំនួន ៥អង្គ ប៉ុន្តែ​នៅ​ម៉ោង ១២ យប់​ព្រះសង្ឃ​ត្រូវ​បាន​ដោះលែង​វិញ ហើយ​នៅ​ថ្ងៃ ទី៣ ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​កម្មករ​តវ៉ា​នៅ​តាម​បណ្តោយ​ផ្លូវ វ៉េងស្រេង ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​បាន​បណ្តាល​ឲ្យ​កម្មករ ៤ នាក់​ស្លាប់​និង ១៣ នាក់​ត្រូវ​បាន​ឃាត់​ខ្លួន។ អ្នក​ទាំង ២៣ នាក់​អ្នក​ត្រូវ​បាន​តុលាការ​សម្រេច​ចោទ​ពី​បទ​បង្ក​ហិង្សា និង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស អាដហុក ថ្លែង​ថា ការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​គឺ​ខុស​នីតិវិធី​តាំង​ពី​ចំណុច​ចាប់ផ្តើម​គឺ​ពុំ​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា តើ​ត្រូវ​យក​ទៅ​ឃុំ​ខ្លួន​នៅ​កន្លែង​ណា​នេះ គឺ​ជា​ទម្រង់​ខុស​ច្បាប់​ហើយ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិ​បុគ្គល​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ពុំ​អាច​ទៅ​សួរ​សុខ​ទុក្ខ​បាន។
លោក​បាន​បន្ត​ថា៖ «នៅ​ក្នុង​ករណី​នេះ​យើង​មិន​ហៅ​ថា​ការ​បាត់​ខ្លួន​ទេ ប៉ុន្តែ​យើង​ហៅ​ថា ការ​យក​មនុស្ស​ទៅ​លាក់​ទុក​ដោយ​មន្ត្រី​រដ្ឋាភិបាល»។
ទាក់​ទិន​ទៅ​នឹង​ការ​បង្ក្រាប​ដោយ​ហិង្សា​នោះ​ក្រសួង ការ​បរទេស បារំាង បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​តាម​រយៈ​ស្ថានទូត បារាំង នៅ​ប្រទេស កម្ពុជា ថ្ងៃ ទី៦ ខែ មករា ថា ប្រទេស បារាំង តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា។ ប្រទេស បារាំង សោក​ស្តាយ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន ហើយ​សូម​រំឭក​អំពី​ការ​ប្រកាន់​ខ្ជាប់​របស់​ខ្លួន​ចំពោះ​សេរីភាព​ក្នុង​ការ​ធ្វើ​បាតុកម្ម​អហិង្សា។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «ជា​ការ​សំខាន់ ដែល​ការ​ចរចា​នយោបាយ​អាច​ចាប់​ផ្តើម​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ភាព​ស្ងប់​ស្ងាត់​និង​ការ​អត់​ធ្មត់ ដើម្បី​ឲ្យ​ភាគី​ទាំង​ឡាយ​អាច​ធ្វើ​ការ​រួម​គ្នា​ជា​ប្រយោជន៍​ដល់​ដំណើរការ​ល្អ​នៃ​ស្ថាប័ន​នានា»៕

No comments:

Post a Comment

yes