ប្រធានគណៈកម្មការកិច្ចការបរទេសអាមេរិក បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង និងបានថ្កោលទោសការប្រើអំពើហិង្សាកាលពីថ្ងៃសុក្រក្នុងប្រទេសកម្ពុជា នៅពេលកងរាជអាវុធហត្ថបានបាញ់សម្លាប់អ្នកតវ៉ាចំនួនប្រាំនាក់។
លោក អេដ រ៉យស៍ (Ed Royce) សមាជិកសភានិងជាប្រធានគណៈកម្មការការបរទេសអាមេរិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះលើគេហទំព័ររបស់គណៈកម្មការការបរទេសអាមេរិកកាលពីថ្ងៃអាទិត្យថា “ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាដល់មាត់រណ្តៅហើយ”។
លោកបានសរសេរថា “ដោយលែងមានហេតុផលដើម្បីរករឿងគណបក្សប្រឆាំងតទៅមុខទៀត គណបក្សប្រជាជនកម្ពុជាឥឡូវនេះកំពុងសម្លាប់អ្នកតវ៉ាដែលនាំគ្នាតវ៉ាដោយសន្តិវិធី ហើយបានចេញដីកាកោះហៅលោក សម សង្ស៊ី និងលោក កឹម សុខា ដែលបានលាក់ខ្លួនដោយសារការបង្ក្រាបរបស់គណបក្សប្រជាជនកម្ពុជានោះ”។
លោក អេដ រ៉យស៍ ដែលមណ្ឌលរបស់គាត់មានមួយផ្នែកស្ថិតនៅក្នុងទីក្រុង ឡង ប៊ិច រដ្ឋកាលីហ័្វរញ៉ាជាទីដែលពលរដ្ឋខ្មែររស់នៅទីនោះច្រើនបំផុត បានមានប្រសាសន៍ថា “វាដល់ពេល ហ៊ុន សែន ចុះចេញពីតំណែងនិងបញ្ចប់ការក្តោបក្តាប់អំណាចដែលមានរយៈពេលបីទសវត្សរ៍ហើយ។ រីឯពលរដ្ឋខ្មែរវិញក៏ដល់ពេលទទួលបានការរីកចម្រើនហើយដែរ”។
ខណៈលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានកោះហៅឲ្យចូលខ្លួននៅតុលាការនៅថ្ងៃទី១៤ខែមករា ដោយសារមានជាប់ពាក់ព័ន្ធនៅក្នុងការចោទប្រកាន់ពីបទញុះញង់អ្នកតវ៉ានោះ ដីកាចាប់ខ្លួនលោកទាំងពីរនៅមិនទាន់ត្រូវបានចេញនៅឡើយទេ ដោយផ្ទុយទៅនឹងការអះអាងរបស់សមាជិកសភាអាមេរិក។ ការតវ៉ាកាលពីថ្ងៃសុក្រនៅតាមផ្លូវ វ៉េងស្រេង មិនមែនធ្វើឡើងដោយសន្តិវិធីទេហើយមានយុវជនរាប់សិបនាក់បានគប់ដុំថ្មនិងដបសាំងដាក់កងរាជអាវុធហត្ថ ហើយជាការឆ្លើយតបកងរាជអាវុធហត្ថបានបាញ់គ្រាប់កាំភ្លើងពិតដាក់ក្រុមយុវជនទាំងនេះវិញ ដោយបណ្តាលឲ្យបាតុករប្រាំនាក់បានស្លាប់។
វាមិនមែនជាលើកទី១ទេ ដែលលោក អេដ រ៉យស៍ បានសម្តែងការគាំទ្រចំពោះគណបក្សសង្គ្រោះជាតិ។ នៅពេលគណបក្សសង្គ្រោះជាតិធ្វើការរៃអង្គាសប្រាក់នៅសហរដ្ឋអាមេរិកកាលពីខែធ្នូ ដែលមានការចូលរួមពីលោក កឹម សុខា អនុប្រធានបក្សផងនោះ លោក អេដ រ៉យស៍ ក៏បានអំពាវនាវឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងផងដែរ ដោយលើកឡើងពីមូលហេតុចាប់យកដីធ្លីដោយខុសច្បាប់ ការប្រព្រឹត្តអំពើពុករលួយ និងការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី ២៨ ខែកក្កដា ។
កាលពីម្សិលមិញ ក្រសួងការបរទេសបារាំងក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរ ដោយលើកឡើងថា ប្រទេសបារាំងបានតាមដានស្ថានភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់បំផុត។ ក្រសួងការបរទេសបារាំងបានលើកឡើងថា “[ប្រទេសបារាំាង] បានជំទាស់នឹងការប្រើអំពើហិង្សាដែលបណ្តាលឲ្យមនុស្សមួយចំនួនបាត់បង់ជីវិត ហើយបានលើកឡើងម្តងទៀតពីការប្តេជ្ញារបស់ខ្លួនចំពោះសេរីភាពនៃការធ្វើបាតុកម្មអហិង្សា”។
ក្រសួងការបរទេសបារាំងបានបន្ថែមថា “វាជារឿងចាំបាច់ដែលការចរចាផ្នែកនយោបាយអាចបន្តឡើងវិញក្នុងពេលឆាប់ៗ ដើម្បីជួយឲ្យភាគីដែលខ្វែងគំនិតអាចធ្វើការជាមួយគ្នាបាន ដោយស្មារតីអត់ធ្មត់ក្នុងគោលបំណងធ្វើឲ្យស្ថាប័ននីមួយៗដំណើរការបានល្អប្រសើរ”។
លោក ស៊ាន ម៉ាកឃិនតុស (Sean McIntosh) អ្នកនាំពាក្យស្ថានទូតអាមេរិកក៏បានថ្កោលទោសដែរចំពោះរឿងមេដឹកនាំគណបក្សប្រឆាំងទទួលបានដីកាកោះពីតុលាការ។ លោកបានលើកឡើងនៅក្នុងអ៊ីម៉េលមួយថា “ដោយមានជាប់ព័ន្ធទៅនឹងការសាកសួររបស់តុលាការលើមេដឹកនាំគណបក្សប្រឆាំង សហរដ្ឋអាមេរិកសុំថ្កោលទោសចំពោះការប្រើតុលាការដើម្បីធ្វើជាមធ្យោបាយបំភិតបំភ័យគូប្រជែងនៅក្នុងឆាកនយោបាយ ហើយយើងសូមអំពាវនាវឲ្យមានការគោរពច្បាប់និងមានតម្លាភាពនៅក្នុងប្រព័ន្ធតុលាការ”៕
No comments:
Post a Comment
yes