ក្រុមគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ កំពុងរងការចោទប្រកាន់ថា បានធ្វើឱ្យស្ត្រីមួយរូបស្លាប់ក្រោយពេលសម្រាលកូន។ គ្រួសារស្ត្រីដែលស្លាប់នោះ សង្ស័យលើបច្ចេកទេសវះកាត់របស់គ្រូពេទ្យ។
ប្ដីរបស់ស្ត្រីសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ មួយរូប គឺលោក នូ សារី ថ្លែងនៅថ្ងៃទី៤ កុម្ភៈ ថា លោកមិនសុខចិត្តនឹងក្រុមគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យនេះទេ ដែលលោកសង្ស័យថា ការវះកាត់មានភាពមិនប្រក្រតី បណ្ដាលឱ្យប្រពន្ធរបស់លោកស្លាប់ បន្ទាប់ពីសម្រាលកូនកាលពីថ្ងៃទី២៩ ខែមករា។
លោក នួ សារី៖ «ការងារវះកាត់ហ្នឹង ឃើញមានភាពមិនប្រក្រតីច្រើន តាំងពីចូលទៅវះនៅម៉ោងមួយជាងបន្តិច រហូតដល់ម៉ោងប្រាំ ជិតប្រាំមួយ។ ពេលហ្នឹងវាយូរ វែងឆ្ងាយ។ មនុស្សយើងទោះបីពូកែយ៉ាងណាក៏ចុះខ្សោយដែរ។ មនុស្សអត់ឈឺអីផងពេលចូលទៅវះហ្នឹង»។
លោកថា ប្រពន្ធរបស់លោកឈ្មោះ ឈ្មោះ ង៉ែត សាខន បានទៅសម្រាកដើម្បីសម្រាលកូនទីបី ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមករា ហើយស្លាប់នៅអធ្រាត្រចូលថ្ងៃទី២៩ មករា ដោយអាការៈហូរឈាមចេញពីពោះតាមថ្នេរវះកាត់៖ «ដល់ពេលចន្លោះពីម៉ោង ១២ ទៅម៉ោង ១ ហ្នឹង បានប្រពន្ធខ្ញុំហើមពោះឡើង វាផ្ទុះអាថ្នេរហ្នឹងឡើង បាចឈាមប្រឡាក់ខ្ញុំត្រឹមភ្លៅចុះក្រោម។ គ្រូពេទ្យប្រចាំការថា អូ៎! ឈាម... ខ្ញុំអឺតមើល ជើងខ្ញុំពេញហ្នឹងប្រឡាក់សុទ្ធតែឈាម។ សូរផ្ទុះហ្នឹង ដូចផ្ទុះបែកកំប៉ុងអីអ៊ីចឹង។ ក្រោយមកឮថាកាត់ស្បូនកាត់អី ខ្ញុំមិនដឹងដែរអាហ្នឹង»។
ទាក់ទងនឹងបញ្ហានេះ ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ លោក ខៀវ សម្រស់ មានប្រសាសន៍ពន្យល់តាមបច្ចេកទេសថា ស្ត្រីឈ្មោះ ង៉ែត សាខន នោះ មានបញ្ហាឈាមហូរមិនកក ដែលក្រុមគ្រូពេទ្យមិនអាចមានលទ្ធភាពជួយសង្គ្រោះបាន៖ «ស្បូនគាត់ធ្លាប់វះកាត់ម្ដងហើយ។ ជាធម្មតា ធ្លាប់វះកាត់ម្ដងហើយ ស្អីៗវាស្អិត។ ដល់អ៊ីចឹង សរសៃឈាមអីវារញ៉េរញ៉ៃ ដល់ពេលវះកាត់ទៅវាមានការហូរឈាម។ ការហូរឈាមនោះ ការសម្រេចចុងក្រោយ យើងមិនអាចដេររក្សាស្បូនគាត់បានទេ គឺយើងត្រូវតែបង្ខំចិត្តកាត់ស្បូនហ្នឹងចេញ ដើម្បីបញ្ឈប់ការហូរឈាម»។
លោកបន្តថា ក្រុមគ្រូពេទ្យបានជួយសង្គ្រោះស្ត្រីឈ្មោះ ង៉ែត សាខន បានមួយលើក បន្ទាប់ពីបញ្ចូលឈាមបាន ៣ប្លោក។ ប៉ុន្តែ នៅពាក់កណ្ដាលយប់សម្ពាធឈាមរបស់ស្ត្រីនេះធ្លាក់ចុះម្ដងទៀត ដែលមិនអាចជួយបាន។
សមាជិកក្រុមប្រឹក្សាខេត្តតាកែវ គឺលោក ម៉ៅ សុផល ថ្លែងថា លោកដឹងច្បាស់ពីករណីនេះ ហើយលោកចង់ឱ្យមានការស៊ើបអង្កេតលើករណី ដែលស្ត្រីស្លាប់នោះ៖ «បើនិយាយឱ្យចំទៅ ខ្ញុំចង់ឱ្យក្រសួងសុខាភិបាល បង្កើតគណៈកម្មការ ដើម្បីមកត្រួតពិនិត្យការវះកាត់របស់ស្ត្រីដែលស្លាប់ហ្នឹង។ ករណីហ្នឹងយូរៗ ម្ដង។ ប៉ុន្តែបើខ្ញុំក្ដាប់បាន ខ្ញុំអត់មានពេលវេលាណាទេ ប៉ុន្តែខ្ញុំនៅទីនេះ ខ្ញុំដឹងវាមានប្រាំ ប្រាំមួយករណីហើយ ដែលមានបញ្ហាហ្នឹងកើតឡើង»។
ប្ដីរបស់ស្ត្រីដែលសម្រាលកូនស្លាប់ គឺលោក នូ សារី មានប្រសាសន៍នៅបន្ទាប់ពីបុណ្យខួប ៧ថ្ងៃនៃសពប្រពន្ធលោក គឺថ្ងៃទី៤ កុម្ភៈ ថា លោកនឹងពិភាក្សាជាមួយអ្នកច្បាប់ ដើម្បីពិនិត្យពីលទ្ធភាពប្ដឹងក្រុមគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យបង្អែកតាកែវនោះ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងរកព័ត៌មានពីក្រសួងសុខាភិបាល បាននៅឡើយទេ ជុំវិញការស៊ើបអង្កេតលើករណីអ្នកជំងឺស្លាប់ក្រោយការវះកាត់នេះ៕
No comments:
Post a Comment
yes