ទិដ្ឋភាពនៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ធ្នូ
ឆ្នាំ២០១៣ ទីដែលគណបក្សសង្គ្រោះជាតិ ចាប់ផ្ដើមធ្វើបាតុកម្ម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យដកបម្រាមធ្វើបាតុកម្ម។ បទបញ្ជានេះ ធ្វើឡើងក្នុងពេលដែលលោកចុះទៅសម្ពោធរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម នៅខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែកុម្ភៈ និងបន្ទាប់ពីកម្ពុជា ត្រូវបានប្រទេសមហាអំណាចដែលកាន់លទ្ធិប្រជាធិបតេយ្យ រិះគន់នឹងបម្រាមមិនឲ្យប្រជាពលរដ្ឋជួបជុំតវ៉ានៅទីសាធារណៈនោះ។
បម្រាមរបស់អាជ្ញាធររាជធានីភ្នំពេញ មិនឲ្យមនុស្សម្នាជួបជុំគ្នាលើសពី ១០នាក់ ដើម្បីធ្វើការតវ៉ាណាមួយនោះ ត្រូវបាន លោក ហ៊ុន សែន ប្រកាសលុបចោលហើយ។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន ព្រមានថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងធ្វើការតវ៉ាដំណាលគ្នាដែរ បើសិនជាបាតុកម្មក្រុមម្ខាងទៀតធ្វើឡើង ដោយមានចរិតនយោបាយនោះ។
លោក ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅមានប្រជាពលរដ្ឋជាច្រើនបានបិទតូបបិទហាង ឈប់រកស៊ី ដោយសារតែភ័យខ្លាចនឹងចលនាបាតុកម្ម។ លោកបន្តថា កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាល បានហាមឃាត់ការជួបជុំ និងបាតុកម្មតវ៉ាផ្សេងៗ នាំឲ្យមានការអាក់អន់ស្រពន់ចិត្តខឹងសម្បារពីសំណាក់ភាគីពាក់ព័ន្ធ។ ប៉ុន្តែ លើកនេះ លោកស្នើឲ្យអភិបាលរាជធានីខេត្តនៅទូទាំងប្រទេស អនុញ្ញាតឲ្យពលរដ្ឋអនុវត្តសេរីភាពក្នុងការបញ្ចេញមតិ និងតវ៉ាដោយអហិង្សាគ្រប់រូបភាព។ លោកបញ្ជាក់ថា លោកមិនអំពាវនាវ ឬចង់ឲ្យមានបាតុកម្មទេ ប៉ុន្តែបាតុកម្មទៅថ្ងៃមុខនឹងមានព្រមគ្នា ទាំងបាតុកម្មស្រប និងបាតុកម្មប្រឆាំងតែម្តង។
លោក ហ៊ុន សែន៖ «សុំផ្ដាំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យហើយ បើក្រុមប្រឆាំងមានសិទ្ធិ ក្រុមអ្នកគាំទ្រក៏មានសិទ្ធិដែរ។ឧបមាថា ភ្នំពេញ មានមួយកន្លែង វាមិនដឹងបញ្ចៀសទៅណា អាហ្នឹងទីលានប្រជាធិបតេយ្យ ត្រូវពុះជាពីរហើយ បើមិនដាក់របងដែក ក៏ដាក់របងថ្មដែរ បើប្រើប៉ូលិសទៅ គឺពិបាក។ ម្ខាងធ្វើបាតុកម្មគាំទ្រ ម្ខាងធ្វើបាតុកម្មប្រឆាំង ហើយក៏អោយអ្នកដទៃភ្លឺភ្នែកដែរ កុំអីឆន្ទៈរាស្ត្រ អីឆន្ទៈរាស្ត្រនោះ»។
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា កន្លងទៅអាជ្ញាធរមានសមត្ថកិច្ចតែងយកតួនាទីរបស់ខ្លួនទៅការពារបក្ស ហើយទង្វើនេះ គឺខុសច្បាប់។ លោកបន្តថា ការមានប្រសាសន៍របស់ លោក ហ៊ុន សែន ប្រហែលជានាយករដ្ឋមន្ត្រីរូបនេះយល់ថា របបគ្រប់គ្រងនៅកម្ពុជា ជារបបគ្រប់គ្រងតាមលទ្ធិបក្សនិយម៖ «នាយករដ្ឋមន្ត្រី គឺគេគ្រប់គ្រងប្រទេសទាំងមូល មិនមែនការពារតែបក្សដូចនាយករដ្ឋមន្ត្រីសព្វថ្ងៃទេ។ ដូច្នេះ ត្រូវរៀនយល់ដឹងការគ្រប់គ្រងប្រទេសហ្នឹងតាមបែបលទ្ធិប្រជាធិបតេយ្យអោយបានត្រឹមត្រូវ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថ្លែងស្វាគមន៍ចំពោះចំណាត់ការដកបម្រាមជួបជុំរបស់រដ្ឋាភិបាល។ ប៉ុន្តែ លោកសម្ដែងការព្រួយបារម្ភថា អាចនឹងមានហិង្សា ឬការប៉ះទង្គិចណាមួយកើតឡើង បើសិនជាមានការធ្វើបាតុកម្មដំណាលគ្នា រវាងអ្នកគាំទ្របក្សកាន់អំណាច និងអ្នកគាំទ្របក្សប្រឆាំងនោះ។ លោកបញ្ជាក់ថា ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា អាជ្ញាធរមានសមត្ថកិច្ចត្រូវបំពេញការងារប្រកបដោយវិជ្ជាជីវៈ៖ «ធ្វើយ៉ាងណា កុំអោយមានអំពើហិង្សា ឬប៉ះទង្គិចគ្នា ពិសេសសុំអោយអាជ្ញាធរមូលដ្ឋានផ្តល់សិទ្ធិជាអាទិភាព ក្នុងកិច្ចការពារពលរដ្ឋហ្នឹង កុំអោយលម្អៀងទៅលើភាគី ឬគណបក្សនយោបាយណាមួយនោះបាទ»។
បម្រាមមិនអោយមានការជួបជុំតវ៉ា ត្រូវបានអនុម័តដោយសាលារាជធានីភ្នំពេញ ក្នុងអំឡុងពេលដែលចុះបណ្ដេញបាតុករចេញពីទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៤ មករា។ តាមរយៈបម្រាមនេះ សាលាក្រុងបានបញ្ចេញកម្លាំងសន្តិសុខរាប់រយនាក់ ដាក់ពង្រាយតាមទីសាធារណៈនានា ដោយមានកាន់ដំបងគ្រាប់ដៃ ពាក់ពួកមួកសុវត្ថិភាពជិត និងរង់ចាំបញ្ជា ដើម្បីវាយសំពងទៅអ្នកទាំងឡាយណាដែលប៉ុនប៉ងជួបជុំគ្នា ទាមទារអ្វីមួយនោះ។ បាតុកម្មដែលដឹកនាំដោយ លោក ម៉ម សូណង់ដូ នៅមុខក្រសួងព័ត៌មាន ត្រូវបានអាជ្ញាធររដ្ឋាភិបាលបំបែក វាយសំពងលើអ្នកចូលរួម វាយសំពងលើអ្នកកាសែត និងរឹបអូសយកយានជំនិះរបស់បាតុករ ជាដើម។ ក្រៅពីនេះ អាជ្ញាធរក៏បានឃាត់ខ្លួនសកម្មជនសិទ្ធិមនុស្សមួយចំនួន ដែលប៉ុនប៉ងបួងសួង ជួបជុំតវ៉ាសុំឲ្យដោះលែងអ្នកជាប់ឃុំទាំងជាង ២១នាក់ ថែមទៀត។ សង្គមស៊ីវិលធ្លាប់ចាត់ទុកថា បម្រាមរបស់រដ្ឋាភិបាល ជាបម្រាមបំពានរដ្ឋធម្មនុញ្ញ និងរំលោភសិទ្ធិមនុស្ស។
ក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៤ នេះ សង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ រិះគន់ផ្ទួនៗពីចំណាត់ការដែលបំបែករាល់ការជួបជុំ ដែលដាក់ចេញដោយរដ្ឋាភិបាល។ មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី សុទ្ធតែជំរុញឲ្យរដ្ឋាភិបាល គោរពលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកវិភាគមួយចំនួនយល់ថា ការដកបម្រាមរបស់ លោក ហ៊ុន សែន ក៏អាចបើកផ្លូវឲ្យកម្មករតវ៉ាបន្តទៀត ដើម្បីទាមទារដំឡើងប្រាក់ខែគោលអោយបាន ១៦០ដុល្លារក្នុង១ខែដែរ៕
No comments:
Post a Comment
yes