ព្រះតេជព្រះគុណ ដាញ់ ថុល (កណ្ដាល) គង់នៅវត្តខ្មែរសុរិយរង្សី ក្នុងទីក្រុងហ្វីឡាដែលព្យា (Philadelphia) ព្រះអង្គជាអតីតអ្នកទោសនយោបាយក្នុងគុកងងឹតនៅវៀតណាម មានថេរដីការៀបរាប់កាលពីខែមករា ឆ្នាំ២០១៤
អតីតអ្នកទោសនយោបាយដែលរងការធ្វើទារុណកម្មធ្ងន់ធ្ងរនៅគុកងងឹតក្នុងប្រទេសវៀតណាម បានរៀបរាប់អំពីអនុស្សាវរីយដ៏ជូរចត់ និងតក់ស្លុតចំពោះហេតុការណ៍ដែលពួកគេឆ្លងកាត់។ ពួកគេអះអាងថា ការធ្វើទារុណកម្មទៅលើអ្នកទោសនៅវៀតណាម គឺជាអំពើអមនុស្សធម៌ដែលរដ្ឋាភិបាលត្រូវតែបញ្ឈប់ ហើយដោះលែងអ្នកទោសនយោបាយរាប់រយនាក់ដែលកំពុងជាប់ឃុំឃាំងនៅទីនោះជាបន្ទាន់។
ក្រុមសកម្មជនសាសនាដែលរត់ភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់របស់រដ្ឋាភិបាលវៀតណាម អំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសកុម្មុយនិស្តមួយនេះដោះលែងព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោមមួយចំនួនដែលកំពុងរងការធ្វើទារុណកម្ម និងកំពុងជាប់គុកងងឹតឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីការទូតវៀតណាម បានបដិសេធថា វៀតណាមគ្មានអ្នកទោសនយោបាយ ឬការធ្វើទារុណកម្មនោះឡើយ។
ព្រះតេជព្រះគុណ ដាញ់ ថុល ដែលកំពុងគង់នៅវត្តខ្មែរសុរិយរង្សី ក្នុងទីក្រុងហ្វីឡាដែលព្យា (Philadelphia) ព្រះអង្គជាអតីតអ្នកទោសនយោបាយក្នុងគុកងងឹតនៅវៀតណាម រយៈពេល ៦ខែកាលពីឆ្នាំ២០០៧ មានថេរដីការៀបរាប់ថា នៅពេលរាត្រីស្ងាត់ម៉ោងប្រមាណ ១២យប់ ឆ្មាំគុកតែងនាំយកអ្នកទោសនយោបាយ រួមទាំងព្រះសង្ឃឯទៀតៗទៅសួរចម្លើយម្នាក់ម្តងៗ។ ព្រះអង្គបន្តថា ឆ្មាំគុកបានចងឆ្កាងដៃអ្នកទោសទាំងពីរឡើងទៅលើ រីឯជើងទាំងពីរភ្ជាប់ទៅដោយខ្នោះច្រវាក់។ ចំណែកនៅលើខ្លួនប្រាណវិញ មានតែខោខ្លីកំប៉ិតមួយប៉ុណ្ណោះ។
ព្រះតេជព្រះគុណ ដាញ់ ថុល មានថេរដីកាបន្តថា នៅពេលសួរចម្លើយ ឆ្មាំគុកបានប្រើបច្ចេកទេសវ៉ៃដោយមិនឲ្យឃើញស្លាកស្នាម ដូចជាវ៉ៃនឹងដបជ័រដែលមានទឹក វ៉ៃនឹងខ្នងដៃ ឬពេលខ្លះវ៉ៃនឹងដំបងតែម្ដង៖ «ទន្ទឹមនឹងសួរចម្លើយ ពួកសមត្ថកិច្ចក៏ដូចជាពួកប៉ូលិសបានប្រើអំពើហិង្សា ដូចជាមានវ៉ៃត្រូវព្រះកេស វ៉ៃត្រូវក្រោមក្លៀក វ៉ៃគ្រប់សព្វ គ្រប់បែបយ៉ាង។ ប៉ុន្តែគេប្រើរបៀបវ៉ៃមិនឲ្យឃើញស្លាកស្នាមអ្វីទាំងអស់ ឃើញតែមានដំបៅតែផ្ទៃខាងក្នុងនៃរាងកាយ ប៉ុន្តែមិនឃើញមានមុខរបួសអ្វីទេ។ ដោយសារបើគេវ៉ៃ គេវ៉ៃនឹងខ្នងដៃ គេអត់ក្ដាប់ដៃ ឬតប់អីទេ ហើយជាពិសេសទៅទៀតគេប្រើទឹកដាក់បញ្ចូលទៅក្នុងដបគេវ៉ៃយើងអីអ៊ីចឹង។ ហើយមានព្រះតេជព្រះគុណ លី វ៉ាង ត្រូវបានសមត្ថកិច្ចវៀតណាម វ៉ៃ មួយស្នូកកាំភ្លើងបែកត្រចៀក។ ការពិតទៅមិនមែនត្រឹមតែអង្គអាត្មាមួយអង្គឯងនោះទេ គឺក្នុងចំណោមប្រាំអង្គហ្នឹង គេបានវ៉ៃទាំងប្រាំអង្គហ្នឹង ក្នុងពេលយកចម្លើយ បង្ខំឲ្យយើងឆ្លើយ ប្រាសចាកពីការពិត»។
ព្រះតេជព្រះគុណ ដាញ់ ថុល គឺអ្នកទោសនយោបាយមួយអង្គក្នុងចំណោមព្រះសង្ឃខ្មែរកម្ពុជាក្រោមចំនួន ៥អង្គផ្សេងទៀត ដែលត្រូវអាជ្ញាធរវៀតណាមក្នុងខេត្តឃ្លាំង ចាប់ខ្លួនកាលពីចុងឆ្នាំ២០០៧ ពីបទធ្វើឲ្យខូចសណ្ដាប់ធ្នាប់សាធារណៈ។
ព្រះសង្ឃទាំងប្រាំអង្គនេះមានព្រះនាម ដាញ់ ថុល គឹម មឿន លី សឿង ថាច់ ធឿង និង លី វ៉ាង បានដឹកនាំធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិក្នុងជំនឿសាសនា កាលពីថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០០៧។
ព្រះតេជព្រះគុណ ដាញ់ ថុល បានរៀបរាប់ថា គុកងងឹតនៅវៀតណាម មានសភាពតូចចង្អៀតសឹងរើខ្លួនមិនរួច។ ក្នុងបន្ទប់ដ៏តូចនោះ មានធុងទឹកមួយដែលមានទឹកចំណុះប្រមាណ ១០លីត្រសម្រាប់ប្រើប្រាស់គ្រប់សព្វបែបយ៉ាង។ អ្នកទោសគ្មានខ្នើយ តែដេកកើយផ្ទាំងថ្ម ជើងទាំងពីរជាប់ដោយខ្នោះដែកដែលគេចាក់ភ្ជាប់ទៅនឹងស៊ីម៉ង់ មិនឲ្យដើររួច រីឯពោះវិញ បាក់ហេវហត់ស្រេកឃ្លានជាទីបំផុត ដោយសារទទួលបានអាហារដែលគ្មានជីវជាតិ ១ពេល ក្នុងមួយថ្ងៃប៉ុណ្ណោះ។
គុកងងឹតនៅទីនោះមានឈ្មោះថា មន្ទីរឃុំឃាំងបណ្ដោះអាសន្នក្នុងខេត្តឃ្លាំង ដែលហៅជាភាសាវៀតណាមថា ត្រាយ តាម យ៉ាម ទិន សុក ត្រាំង (Trai Tam Giam Tinh Soc Trang) ជាកន្លែងមួយដូចជាឋាននរក ៩ជាន់អ៊ីចឹងដែរ ដែលសូម្បីតែចំណិតកាំរស្មីព្រះអាទិត្យក៏មិនអាចជ្រាបចូលបានផង ហើយនៅពេលយប់គេតែងឮសំឡេងស្រែកថ្ងូរទ្រហោយំពីការឈឺចុកចាប់របស់អ្នកទោស។ អ្នកទោសនៅទីនោះអាចទទួលពន្លឺបានតែពី ១០ ទៅ ២០នាទីប៉ុណ្ណោះ មុនឆ្នាំគុកចែកអាហារប្រចាំថ្ងៃ។
បើនិយាយអំពីសុខភាពវិញ មនុស្សភាគច្រើនមានសុខភាពទន់ខ្សោយជាខ្លាំង ជង្គង់សឹងធំជាងក្បាល ស្បែកស្លេកស្លាំងពោរពេញដោយកមរមាស់ រីឯភ្នែកទាំងពីរស្រវាំងលង់ទៅក្នុងភាពអន្ធការ។
អ្នកទោសនៅទីនេះ តែងរងការបង្ខិតបង្ខំឲ្យលេបថ្នាំ ឬចាក់ថ្នាំដែលគេមិនប្រាប់ឈ្មោះ។ អតីតអ្នកទោសមួយអះអាងដូចៗគ្នាថា អ្នកទោសជាច្រើនបានស្លាប់បាត់បង់ជីវិតយ៉ាងឆាប់រហ័សក្រោយពីគេដោះលែងឲ្យមានសេរីភាពរយៈពេលបីបួនឆ្នាំក្រោយមក។
ព្រះតេជព្រះគុណ គឹម មឿន ជាអតីតអ្នកទោសនយោបាយក្នុងគុកងងឹតនៅខេត្តឃ្លាំងនៃប្រទេសវៀតណាម ដែលកំពុងគង់នៅវត្តខ្មែរកម្ពុជាក្រោម ក្នុងទីក្រុងអ័រឡែនដូ (Orlando) នៃរដ្ឋផ្លរីដា (Florida) មានថេរដីកាថា រហូតមកទល់ពេលនេះ ព្រះកេសរបស់ព្រះអង្គនៅតែឈឺជាប្រចាំដោយសារសមត្ថកិច្ចវៀតណាម ចាប់បោកផ្ទប់ទៅនឹងជញ្ជាំងគុកក្នុងពេលសួរចម្លើយ។
ព្រះតេជព្រះគុណ គឹម មឿន៖ «ក្នុងពេលដែលសួរចម្លើយហ្នឹង គឺមានការចាប់ចងដៃ ចងជើង ហើយសួរចម្លើយដោយមានការវ៉ៃផង និងការបំភ័យផង ដោយដបទឹកសុទ្ធផង ហើយពួកគេបានចាប់ព្រះកេសរបស់អាត្មាខោកចូលជញ្ជាំង ធ្វើឲ្យអាត្មាសន្លប់បាត់ស្មារតី សន្លប់១យប់១ថ្ងៃ។ ទម្រាំតែដឹងខ្លួនមក គឺដេកក្នុងគុកងងឹតបាត់ទៅហើយ។ វាខឹងអាត្មាខ្លាំងពេក ពីព្រោះពេលវាសួរចំណុចសំខាន់ អាត្មាថាអត់ដឹង អ៊ីចឹងហើយបានជាវាចាប់ព្រះកេសអាត្មាបោកតែម្ដង»។
របាយការណ៍របស់លោក គ្រីស្តូហ្វើ ស្មីត (Christopher Smith) តំណាងរាស្ត្រសហរដ្ឋអាមេរិកពីរដ្ឋ ញីវ ជើស៊ី (New Jersey) កាលពីពាក់កណ្ដាលខែមករា ឲ្យដឹងថា យ៉ាងហោចណាស់មានអ្នកទោសមនសិការជាង ៦០០នាក់ ភាគច្រើនជាសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស និងសកម្មជនសាសនា ដែលកំពុងរងការធ្វើទារុណកម្មធ្ងន់ធ្ងរក្នុងគុកងងឹតនៅវៀតណាម។
ទាក់ទិននឹងបញ្ហាធ្វើទារុណកម្មក្នុងគុកនៅវៀតណាមនេះដែរ លោក ត្រឹង វ៉ាន់ថុង អ្នកនាំពាក្យនៃស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា បានបដិសេធថា វៀតណាមពុំមានអំពើទារុណកម្មលើអ្នកទោសដូចការចោទប្រកាន់នោះឡើយ៖ «អាហ្នឹងតាមខ្ញុំយល់ជាការមួលបង្កាច់ទេ គឺថា គាត់ល្មើសច្បាប់។ គាត់ត្រូវគេផ្ដន្ទាទោសដោះស្រាយតាមច្បាប់ហើយ។ ហើយមួយចំនួនមិនដឹងជាយ៉ាងម៉េចទេ គេមួលបង្កាច់ គេប្រឌិតដើម្បីឃោសនាទេ។ ឥឡូវនេះនៅវៀតណាម ការចាប់មនុស្ស ការគ្រប់គ្រងពន្ធនាគារអីហ្នឹង គឺធ្វើការតាមច្បាប់ទេ ហើយគ្មានអ្វីៗដូចជាគេចោទប្រកាន់នោះទេ អាហ្នឹងជាការមួលបង្កាច់ហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានប្រាប់វិទ្យុអាស៊ីសេរីថា ករណីអ្នកទោសនយោបាយក្នុងគុកងងឹត និងករណីធ្វើទារុណកម្មអ្នកទោសនយោបាយមិនមែនជារឿងប្រឌិតនោះឡើយ ហើយថា រហូតមកទល់ពេលនេះ សាក្សីនៅរស់ពីការធ្វើទារុណកម្មជាច្រើនអាចលាតត្រដាង និងបង្ហាញភស្តុតាងដល់ពិភពលោក។
លោក ថាច់ ង៉ុកថាច់៖ «យើងមិនមែនប្រឌិតទេ គឺមានស្រាប់ អ្នកដែលមានទោសហើយនៅរស់ មានដូចជា ព្រះតេជព្រះគុណ ទឹម សាខន គឹម មឿន ដាញ់ ថុល និងបងប្អូនព្រះសង្ឃខ្មែរក្រោមយើងមួយចំនួនទៀតដែលនៅខាងទ្វីបអឺរ៉ុប។ ពួកគេជាឧទាហរណ៍ស្រាប់ ហើយឧទាហរណ៍មួយទៀតគឺព្រះតេជព្រះគុណ លី ចិន្តា ដែលសព្វថ្ងៃភៀសខ្លួនមកកាន់ទីក្រុងបាងកក ប្រទេសថៃ ធ្លាប់ត្រូវបានគេវ៉ៃច្រកបាវទៅទៀត»។
ទន្ទឹមនឹងគ្នានេះដែរ នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) អះអាងថា ការធ្វើទារុណកម្មក្នុងមន្ទីរឃុំឃាំងក្នុងប្រទេសវៀតណាម នៅតែមានរូបភាពអាក្រក់៖ «វៀតណាមក៏ដូចជាប្រទេសឯទៀតៗដែរក្នុងការធ្វើទារុណកម្ម។ យើងដឹងថា មានការវ៉ៃធ្វើបាបជាច្រើនទៅលើអ្នកទោស ដូចជាការទាត់ធាក់ទៅលើប្រដាប់ភេទ ការប្រើប្រាស់ដំបងឆក់ ការវ៉ៃចងព្យួរជើងឡើងលើ។ យើងបានឮសឹងគ្រប់រឿងទាំងអស់នៅទីនោះ។ ការធ្វើទារុណកម្មក្នុងរូបភាពដូច្នេះ យើងឃើញកើតមានឡើងចាប់តាំងពីវៀតណាម បានឯករាជ្យក្នុងឆ្នាំ១៩៧៥ មកម្ល៉េះ»។
ប្រទេសវៀតណាមបានឲ្យសច្ចាប័នលើអនុសញ្ញាស្ដីពីការប្រឆាំងរាល់ទម្រង់នៃការធ្វើទារុណកម្មកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ជាថ្នូរទៅនឹងការចូលជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស។
ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញថា រហូតមកទល់ពេលនេះ មានអ្នកទោសនយោបាយរាប់រយនាក់បានទទួលទារុណកម្មជាប្រចាំក្នុងគុកងងឹតនៅវៀតណាម។
សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងសហរដ្ឋអាមេរិកឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរក្រោមចំនួន ៦នាក់ ហើយព្រះសង្ឃខ្មែរក្រោមចំនួន ២អង្គរ កំពុងជាប់ឃុំឃាំងក្នុងគុកងងឹតនៅវៀតណាម។ ក្រុមនេះទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment
yes