សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 27, 2014

អ្នក​វិភាគ៖លោកហ៊ុនសែនរក្សា​អំណាច​បាន​យូរ​ដោយសារ​ចិន​និង​វៀតណាម​ជួយ

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​លើក​បដា​ទាមទារ​ឲ្យ លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ ២៣​នាក់ នា​ខាង​មុខ​សេតវិមាន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤

លោក ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​កាន់​អំណាច​​ដឹក​នាំ​ប្រទេស​​​ជាង ៣០​ឆ្នាំ​មក​ហើយ។ អ្នក​វិភាគ​នយោបាយ​​យល់​ថា ការ​រក្សា​អំណាច​បាន​យូរ​នេះ ដោយសារ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​​លើ​ផ្នែក​យុទ្ធសាស្ត្រ និង​ផ្នែក​សេដ្ឋកិច្ច​ពី​ប្រទេស​ចិន និង​វៀតណាម។ ប៉ុន្តែ​ការ​រណប​ចិន កម្ពុជា​អាច​បាត់​បង់​ផល​ប្រយោជន៍​​លើ​ផ្នែក​សេដ្ឋកិច្ច ជា​ជាង​ការ​រណប​វៀតណាម ដែល​អាច​ឈាន​ដល់​ការ​​​​បាត់​បង់​ទឹក​ដី។
ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​ បញ្ចប់​សង្គ្រាម​និង​បាន​បើក​ចំហ​សេដ្ឋកិច្ច​ទៅ​កាន់​ទីផ្សារ​​ពិភពលោក​ អ្នក​វិនិយោគ​​បាន​មក​បណ្ដាក់​ទុន​យ៉ាង​​ច្រើន​នៅ​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ការ​វិយោគ​ភាគ​ច្រើន​ គឺ​មក​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ចិន។ ប្រជាពលរដ្ឋ​របស់​ប្រទេស​ទាំង​ពីរ​នេះ កំពុង​រស់​​នៅ និង​ប្រកប​អាជីវកម្ម​​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ក្នុង​ប្រទេស​កម្ពុជា។
​​មិន​មាន​ទិន្នន័យ​ជាក់​លាក់​ណា​មួយ​បង្ហាញ​ថា មាន​ជនជាតិ​ចិន​ និង​វៀតណាម ចំនួន​ប៉ុន្មាន​រស់​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់​ស្មាន​របស់​សមាគម​វៀតណាម​និង​ចិន បាន​បង្ហាញ​ថា​ ប្រជាពលរដ្ឋ​ចិន រស់​នៅ​កម្ពុជា​មាន​ចំនួន​មួយ​លាន​នាក់​ និង​ជនជាតិ​វៀតណាម មាន​ចំនួន ១.២​លាន​នាក់។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ប្រទេស​​ចិន​និង​ប្រទេស​វៀតណាម តែង​ចង​សម្ពន្ធភាព​ជាមួយ​ប្រទេស​ណា​ដែល​កាន់​អំណាច​យូរ ដែល​ខុស​ពី​គោលការណ៍​ប្រជាធិបតេយ្យ ៥​ឆ្នាំ​​​ម្ដង​ដូរ​នោះ​ទេ។ លោក​បញ្ជាក់​ថា​ មាន​កត្តា​សំខាន់​បួន​ដែល​ធ្វើ​​ឲ្យ​​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន គឺ​​ទី​មួយ កត្តា​ភូមិសាស្ត្រ ទី​ពីរ កត្តា​សេដ្ឋកិច្ច​ ទី​បី ឥទ្ធិពល​​នយោបាយ និង​ទី​បួន កត្តា​ទំនោរ​រស់​អ្នក​នយោបាយ។
លោក សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ថា ប្រសិន​បើ​ចិន​ មិន​មាន​ទំនាក់ទំនង​នឹង​កម្ពុជា​ទេ ប្រទេស​វៀតណាម​នឹង​យក៖ «នយោបាយ​មនោ​និយម ពី​ព្រោះ​មេដឹកនាំ​ខ្មែរ​គ្រប់​ជំនាន់​ទាំង​អស់ ទោះ​បី​គាត់​កាន់​លទ្ធិប្រជាធិបតេយ្យ ឬ​គាត់​កាន់​រាជា​និយម​ក៏​ដោយ គឺ​មេដឹកនាំ​ជា​ទូទៅ បំណង​កាន់​អំណាច​រយៈពេល​វែង។ ដល់​រយៈ​វែង ក្រុម​ប្រទេស​ទាំង​ពីរ​នោះ​មិន​សូរ​យក​ចិត្ត​ទុក​ដាក់​រឿង​ប្រជាធិបតេយ្យ។ អ៊ីចឹង​គេ​ម៉េច​ឲ្យ​ខ្លួន​ឯង​បាន​ផល​ប្រយោជន៍ ហើយ​គេ​អាច​ដឹង​ចំណុច​ជីពចរ​របស់​យើង ហើយ​គេ​ចាប់​ផ្ដើម​ផ្ដល់​អំណាច​ឲ្យ​យើង។ អំណាច​តាម​រយៈ​សិប្បនិម្មិត​ក៏​ដោយ តាម​លុយ​ក៏​ដោយ គេ​ចាប​ផ្ដើម​ប្រើប្រាស់​អា​ហ្នឹង។ ហើយ​គេ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​គេ​មាន​ឥទ្ធិពល​លើ​អ្នក​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង»
លោក សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ប្រទេស​វៀតណាម បាន​ចូល​មក​គ្រប់​​ច្រក ទាំង​ការ​រក​ស៊ី​តូចតាច​និង​ការ​បណ្ដាក់ទុន​វិនិយោគ​ខ្នាត​ធំ។ ប្រទេស​ចិន​វិញ តែង​វិនិយោគ​លើ​វិស័យ​រុក​រក​រ៉ែ​និង​ថាមពល។
របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​បង្ហាញ​ថា អំឡុង​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ ប្រទេស​កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​វៀតណាម ប្រមាណ ១០០​គម្រោង​ដែល​មាន​តម្លៃ​ជិត ៣​ពាន់​លាន​ដុល្លារ​អាមេរិក។ ការ​វិនិយោគ​របស់​ប្រទេស​វៀតណាម ភាគ​ច្រើន​ផ្ដោត​លើ​ដំណាំ​កៅស៊ូ អង្ករ ថាមពល ធនាគារ និង​វិស័យ​ធានា​រ៉ាប់រង។
ចំណែក​ប្រទេស​ចិន​វិញ បាន​ផ្ដល់​ជំនួយ​និង​កម្ចី​យ៉ាង​ច្រើន​ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​នានា​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា បាន​រក​ឃើញ​ថា នៅ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន ប្រមាណ ៦​ពាន់​លាន​ដុល្លារ ដែល​សមាមាត្រ​នឹង​ទឹក​ប្រាក់ ៦០០​លាន​ដុល្លារ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។ រដ្ឋាភិបាល​ចិន ក៏​បាន​ប្រកាស​ថា​នឹង​ផ្ដល់​កម្ចី​ដល់​ប្រទេស​កម្ពុជា បន្ថែម​ទៀត ក្នុង​ចន្លោះ​ទឹក​ប្រាក់ ៣០០​លាន​ទៅ ៥០០​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​ចិន​វិញ ក៏​គ្រោង​នឹង​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​ទៀត ដើម្បី​សាងសង់​រោងចក្រ​នានា​នៅ​ប្រទេស​កម្ពុជា។
ក្រៅ​ពី​នេះ កំណើន​ពាណិជ្ជកម្ម​នាំ​ចេញ និង​នាំ​ចូល​នៃ​ប្រទេស​ទាំង​ពី គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ៣​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៣។ ប្រទេស​ទាំង​ពីរ​ក៏​គ្រោង​នឹង​សម្រេច​ទំហំ​ពាណិជ្ជកម្ម​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់ ៥​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៧ ខាង​មុខ។
ការ​ហូរ​ចូល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​របស់​អ្នក​វិនិយោគ​ចិន​និង​វៀតណាម​ បាន​ក្លាយ​ជា​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​ដល់​អ្នក​វិនិយោគ​ក្នុង​ស្រុក​ដែល​ពួក​គេ​អះអាង​ថា​ ការ​រក​ស៊ី​របស់​ចិន​និង​វៀតណាម ហាក់​​ជា​ការ​​រក​ស៊ី​មិន​ស្មោះត្រង់។
អគ្គនាយក​សភា​ពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េងតិច បាន​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​របស់​វៀតណាម​នោះ ហាក់​មាន​ភាព​អំណោយ​ផល​ល្អ​សម្រាប់​ពួក​គេ​ ប៉ុន្តែ​ការ​រក​ស៊ី​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ហាក់​បង្ហាញ​ភាព​ស្មោះត្រង់​តិចតួច​លើ​ពាណិជ្ជកម្ម​ទំនិញ និង​មិន​ស្រប​ទៅ​តាម​កិច្ច​សន្យា។
ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ប្រទេស​វៀតណាម​និង​ចិន​ តែង​ជួយ​ប្រទេស​កម្ពុជា គ្រប់​រូបភាព​ទាំង​អស់ ជា​ថ្នូរ​ទទួល​​សិទ្ធិ​ធ្វើ​អាជីវកម្ម និង​ដី​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្នែក​រុក​រក​រ៉ែ ថាមពល​ និង​កសិកម្ម៖ «ដី​សម្បទាន​សេដ្ឋកិច្ច​គឺ​វៀតណាម ជា​អ្នក​បាន​ច្រើន​ជាង​គេ។ បន្ទាប់​មក​គឺ​ប្រទេស​ចិន ដែល​បាន​ផល​​ដីសម្បទាន​សេដ្ឋកិច្ច។ ប្រទេស​វៀតណាម ចង់​បាន​ដី​ច្រើន​ ដើម្បី​ដាំ​កៅស៊ូ ប្រទេស​ចិន ចង់​បាន​ដី​សម្រាប់​រុករក​រ៉ែ»
បាយការណ៍​របស់​​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​​ចំនួន ២៥​ម៉ឺន​ហិកតារ​ដល់​ក្រុមហ៊ុន​វៀតណាម​ចំនួន ៣៤ និង​ចំនួន ២០​ម៉ឺន​ហិកតារ​ដល់​​ក្រុមហ៊ុន​ចិន​ចំនួន ២៥​ក្រុមហ៊ុន។
លោក អ៊ូ វីរៈ មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា មិន​ត្រូវ​ចាប់​យក​ប្រទេស​​មួយ​ហើយ​បោះបង់​ចោល​ប្រទេស​មួយ​នោះ​ទេ ពី​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ក្រោម​​អំណាច​​របស់​គេ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សរសើរ​មិន​ដាច់​ពី​ម៉ាត់​ថា ចិន​និង​វៀតណាម​ជា​មហាមិត្ត​​ដ៏​ល្អ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​នោះ ​​ប្រទេស​ចិន​វិញ បាន​ផ្ដល់​ឲ្យ​កម្ពុជា នូវ​ប្រាក់​កម្ចី​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ។ ចំណែក​ប្រទេស​វៀតណាម បាន​មក​បណ្ដាក់​ទុន​​​វិយោគ​លើ​រោងចក្រ​ជី​កសិកម្ម​នៅ​ខេត្ត​កណ្ដាល និង​វិនិយោគ​​មន្ទីរពេទ្យ​រាប់​លាន​ដុល្លារ​អាមេរិក។
ក្រៅ​ពី​ការ​ជួយ​ជ្រោមជ្រែង​លើ​ផ្នែក​សេដ្ឋកិច្ច​នេះ ប្រទេស​ចិន​និង​វៀតណាម ក៏​បាន​ផ្ដល់​​យុទ្ធសាស្ត្រ​​​លើ​ភាព​ជាប់​គាំង​នយោបាយ​ ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា អាច​បន្ត​កាន់​អំណាច​ជា​បន្ត​ទៀត។
កាសែត​របស់​ចិន ឈ្មោះ​ស៊ីនហួ (Xinhua) ដែល​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក ហ៊ុន សែន អាច​បន្ត​​កាន់​អំណាច​បាន ៥​ឆ្នាំ​ទៀត​នោះ គឺ​ត្រូវ​តែ​អនុវត្ត​ឲ្យ​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​លើ​ការ​កសាង​ប្រជាប្រិយភាព​រស់​ខ្លួន​ឡើង​វិញ។ វិធានការ​នោះ គឺ​កម្មវិធី​កែទម្រង់​ស៊ី​ជម្រៅ​លើ​​ស្ថាប័ន​​រដ្ឋ​ទាំង​អស់ នៅ​ក្នុង​រយៈ​ពេល​កាន់​អំណាច​ អាណត្តិ​ថ្មី​នេះ។
រដ្ឋាភិបាល​ហាក់​​​បាន​អនុវត្ត​​កម្មវិធី​នេះ ដោយ​បាន​ចេញ​ផ្សាយ​កម្មវិធី​កំណែ​ទម្រង់​ពន្ធគយ ក្រោយ​ស្ថាប័ន​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួង​ពាណិជ្ជកម្ម រួម​ទាំង​កម្មវិធី​កំណែ​ទម្រង់​នៅ​លើ​វិស័យ​អប់រំ។
ចំណែក​មជ្ឈមណ្ឌល​សិក្សារ​ស្រាវជ្រាវ​​យុទ្ធិសាស្រ្ត​អន្តរជាតិ​ ក្នុង​ខែ​កុម្ភៈ នេះ ក៏​បាន​បោះ​ពុម្ព​ផ្សាយ​​អត្ថបទ​មួយ​​​នៅ​ក្នុង​ទស្សនាវដ្ដី​​សកល​ឈ្មោះ យ៉េល (Yale) ដែល​សរសេរ​ថា ប្រទេស​ចិន​ចាត់​ទុក​លោក ហ៊ុន សែន ជា​ដៃគូ​ដែល​មិន​អាច​ខ្វះ​បាន។ ថ្នាក់​ដឹក​នាំ​ចិន​ ប្រហែល​ជា​មិន​បោះបង់​លោក ហ៊ុន សែន ទេ ដែល​​​គេ​បាន​ជួយ​ស្វែង​រក​​យុទ្ធសាស្ត្រ​​ផ្លាស់ប្ដូរ​គោលនយោបាយ​ចាស​ដើម្បី​ឲ្យ​​សាធារណជន​ទទួល​ស្គាល់​រដ្ឋាភិបាល និង​កសាង​ប្រជាប្រិយភាព​ឡើង​វិញ។
អ្នក​វិភាគ​មួយ​ចំនួន​យល់​ថា ប្រទេស​ចិន គិត​ថា កម្ពុជា​ជា​ដៃគូ​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​លោក ហ៊ុន សែន មិន​ធ្វើ​បញ្ហា​សេដ្ឋកិច្ច​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ប្រទេស​វៀតណាម​ឡើយ។ ប្រសិន​បើ​ប្រទេស​ចិន មិន​អើពើ​ចំពោះ​រូប​លោក នោះ​ទំនាក់​ទំនង​រវាង​ប្រទេស​វៀតណាម នឹង​កាន់​​តែ​មាន​សារសំខាន់។
អ្នក​ស្រាវជ្រាវ​​របស់​វិទ្យាស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ប្រចាំ​ប្រទេស​​សិង្ហបុរី លោក​បណ្ឌិត អ៊ៀន ស្តរ៉េ (Ian Storey) បាន​អះអាង​ប្រាប់​កាសែត ឌឹ សាន់ដេយ៍ ថែមស៍ (The Sunday Times) កាល​ពី​ដើម​ខែ​កុម្ភៈ ថា លោក ហ៊ុន សែន ត្រូវ​តែ​ធ្វើ​ឲ្យ​វៀតណាម សប្បាយ​ចិត្ត​ ដោយសារ​តែ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ (Hanoi) ជា​អ្នក​ជួយ​ឲ្យ​គាត់​ឡើង​កាន់​អំណាច។
ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​រណប​ចិន ប្រទេស​កម្ពុជា អាច​​ខាត​បង់​លើ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​កម្ពុជា រណប​វៀតណាម គឺ​អាច​បាត់​បង់​ទឹក​ដី៕

No comments:

Post a Comment

yes