បុណ្យនៃក្តីស្រឡាញ់ រឺ Valentine Day គឺជាបុណ្យប្រពៃណីរបស់អ្នកកាន់សាសនាគ្រិស្ត ដែលតែងត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ កុម្ភៈ ដើម្បីជួនពរ និងឲ្យអំណោយគ្នាទៅវិញទៅមក។
បុណ្យនេះក៏ត្រូវបានយុវវ័យខ្មែរភាគច្រើនចាត់ទុកថា ជាថ្ងៃដ៏ពិសេសសម្រាប់ពួកគេក្នុងការបង្ហាញពីទឹកចិត្តស្នេហាចំពោះគ្នានិងគ្នា ដោយភ្លេចគិតដល់ការពោលពាក្យជូនពរ និយាយពាក្យស្រលាញ់ចំពោះឳពុកម្តាយរបស់ខ្លួនទៅវិញ។
ប្រការភ្លើតភ្លើននេះហើយ ទើបក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយ ស្នើសុំឲ្យមាតាបិតា អ្នកអាណាព្យាបាលជួយអប់រំ ប្រៀនប្រដៅកូនចៅរបស់ខ្លួនឲ្យយល់ថា ថ្ងៃទី១៤ កុម្ភៈនេះ មិនមែនជាបុណ្យប្រពៃណីរបស់ខ្លួនឡើយ ហើយក៏មិនមែនជាថ្ងៃសម្រាប់បូជាខ្លួនប្រាណដើម្បីបញ្ជាក់ស្នេហ៌ស្មោះ តាមពាក្យបោកបញ្ជោតរបស់យុវវ័យមិនល្អមួយចំនួននោះទេ។
ដោយឡែកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤នេះ ប៉ះចំថ្ងៃឧបោសថសីល គឺថ្ងៃមាឃបូជា ជាបុណ្យប្រពៃណីសាសនាសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាទៀតផង។ គេរងចាំមើលថា តើប្រទេសមួយដែលកាន់ជឿព្រះពុទ្ធសាសនា មួយនេះចាត់ទុកបុណ្យមាឃបូជា សំខាន់ជាងបុណ្យ Valentines របស់បរទេសដែររឺទេ? បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
មានន័យថា បុណ្យនេះ សំខាន់បំផុតសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា ព្រោះបើគ្មានថ្ងៃនេះទេ ក៏គ្មានព្រះពុទ្ធសាសនាតរហូតមកដល់សព្វថ្ងៃ សម្រាប់ប្រជាជនខ្មែរ និងអ្នកកាន់ព្រះពុទ្ធសាសនាប្រតិបត្តិតាមដែរ។ ពាក់ព័ន្ធនិងបញ្ហានេះ គេពុំបានឃើញ ពុំបានលឺ ប្រព័ន្ធផ្សព្វផ្សាយនានា រឺស្ថាប័នដែលពាក់ព័ន្ធ មានស្ថាប័នសាសនា វប្បធម៌ និងអប់រំ ជាដើមយកចិត្តទុកដាក់ពន្យល់ណែនាំប្រជាពុទ្ធបរិស័ទ្យរបស់ខ្លួនឲ្យយល់ច្បាស់ពីអត្ថន័យពិតប្រាកដរបស់ មាឃបូជា ឡើយ គឺមានតែក្រុមមនុស្សដែលមានអាយុច្រើន អ្នករក្សាសីល តែប៉ុណ្ណោះដែលបានយល់ដឹងខ្លះៗពីបញ្ហានេះ ហើយប្រាប់តៗគ្នាតរហូតមក។ នេះជាពេលវេលាដ៏ល្អមួយសម្រាប់មើលឲ្យឃើញថា តើយុវវ័យខ្មែរ យកចិត្តទុកដាក់និងវប្បធម៌សាសនាបរទេស រឺក៏វប្បធម៌សាសនារបស់ខ្លួន។ តើលោកអ្នកយល់យ៉ាងណាដែរ?

No comments:
Post a Comment
yes