សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 20, 2014

ប្រជា​សហគមន៍​បុរី​កីឡា​បន់​ព្រះអង្គ​ដង្កើ​សុំ​រក​យុត្តិធម៌បន្ទាប់​ពី​អស់ជំនឿ​លើ​រដ្ឋាភិបាល​

ទិដ្ឋភាពប្រជាសហគមន៍បុរីកីឡា ទៅបន់ស្រន់នៅព្រះអង្គដង្កើ
 (រូបថត៖ កាន់ វិច្ឆិកា)

ប្រជា​សហគមន៍​បុរី​កីឡា ប្រមាណ​៥០​នាក់ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បន់ស្រន់​នៅ​ព្រះអង្គ​ដង្កើ​មុខ​ព្រះបរមរាជវាំង សុំឲ្យ​មាន​យុត្តិធម៌ ខណៈ​ដែល​ពួកគាត់​អស់​ជំនឿ​លើ​ការអនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន​ផាន​អ៊ី​មិច​។​
តំណាង​ប្រជា​សហគមន៍​បុរី​កីឡា លោក ពេជ្រ សំភួន មានប្រសាសន៍ថា ការ​ទៅ​បន់ស្រន់ និង​ដាក់​បណ្តាសា​នៅ​មុខ​ព្រះអង្គ​ដង្កើ គឺ​សុំ​ឲ្យ​ព្រះអង្គរក​យុត្តិធម៌​ដល់​ប្រជា​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ដីធ្លី​។ លោក​បន្តថា  ក្រុមហ៊ុន​ផាន​អ៊ី​មិច បាន​រំលោភ​លើ​កិច្ចសន្យា ហើយ​រដ្ឋាភិបាល និង​តុលាកា​រហាក់​មិន​អើពើ​ជាមួយនឹង​ការដង្ហោយហៅ​សុំ​ការដោះស្រាយ​ពួក​គាត់​ឡើយ ដូច្នេះ​មានតែ​ពឹង​លើ ការប្តឹង​ព្រះអង្គ​ដង​កើ ឲ្យ​រក​យុត្តិធម៌​ជូន​ពួកគាត់​ប៉ុណ្ណោះ​ «​អ៊ឹចឹង​ប្រជាជន​ខ្ញុំ​ដាក់​ពាក្យបន្តឹង ទៅ​តុលាការ​ជាង​ពីរ​ឆ្នាំ អត់​មាន​ដំណោះស្រាយ​។ ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ថ្នាក់ជាតិ​គ្រប់​កន្លែង​ទាំងអស់ អត់​មាន​ដំណោះស្រាយ នៅ​អ្នកស្រី ស៊ុយ សុផាន កាន់កាប់​ដដែល បើ​អ៊ឹចឹង​ខ្ញុំ​អស់​ជម្រើស មាន​តែ​តុលាការ​ផ្លូវ​ងងឹត បើ​បុគ្គល​ណា​យក​ដី​នោះ ក្បត់​និង​រាស្ត្រ ឃុបឃិត​ចែកគ្នា សូម​ឲ្យ​អ្នក​នោះ​ទទួល​នូវ​សេចក្តី​វិនាស​។ នេះ​មិនមែន​កំហុស​របស់​រាស្ត្រ​ទេ គឺ​យើង​បាន​ធ្វើ​ក្រដាស​ស្នាម​ឯកភាពគ្នា​ហើយ​»​។​

​ប្រជា​សហគមន៍​ដែល​មក​ធ្វើការ​បន់ស្រន់​ នៅ​ព្រះអង្គ​ដង្កើ​ម្នាក់ទៀត អ្នកស្រី សំណាង ប្រាប់ថា ពួក​គាត់​គឺជា​ម្ចាស់​ដី​ពិតប្រាកដ ហើយ​សុំ​ឲ្យ​ព្រះអង្គ​ដង្កើ តាម​ផ្តន្ទាទោស​ដល់​អ្នក​ដែល​សមគំនិត​គ្នា បណ្តេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ​។ អ្នកស្រី​បន្ត​ថា ពួកគាត់​មាន​ការឈឺចាប់​យ៉ាងខ្លាំង ដោយសារ​ក្រុមហ៊ុន​រំលោភបំពាន ហើយ​សមត្ថកិច្ច​ប្រើ​ហិង្សា គំរាមកំហែង លើ​ពួក​គាត់ ជាពិសេស​ការប្រើ​ហិង្សា​ទៅលើ​ពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លងទៅនេះ​។​
ទាក់ទង​នឹង​ករណី​នេះ អ្នកនាំពាក្យ​សាលា​រាជធានី លោក ឡុង ឌី​ម៉ង់ មិន​បាន​អត្ថាធិប្បាយ​លើ​ការ​បន់ស្រន់​សុំ​រក​យុត្តិធម៌ ដែល​ជា​រឿង​អរូបី​របស់​ពួកគាត់​ឡើយ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ខាង​សាលា​រាជធានី ក៏​ដូច​ជា​រដ្ឋាភិបាល កំពុងតែ​ស្វែងរក​ដំណោះស្រាយ​ឲ្យបាន​សមស្រប ​ជូន​ពួកគាត់​ឆាប់ៗ​នេះ​ «​ខ្ញុំ​អត់​មាន​មតិ​យោបល់​អ្វី​ទេ ព្រោះ​អី​នេះ​ទាក់ទង​នឹង​រឿង​អបិយ​ជំនឿ យើងខ្ញុំ​ជា​មន្ត្រីរដ្ឋបាល យក​រឿង​អបិយ​ជំនឿ​មក​និយាយ​មិនកើ​ត​ទេ សំខាន់​គឺ​បញ្ហា​ជាក់ស្តែង ដែល​យើង​ដោះស្រាយ​ជូន​គាត់ ឯកឧត្តម​អភិបាល លោក​បាន​ទៅពិនិត្យ​ទៅ​ស្ថានភាព​ជាក់ស្តែង​របស់​គាត់ ឃើញ​ពី​ស្ថានភាព និង​ការរស់នៅ​បណ្តោះអាសន្ន​របស់​គាត់​ហ្នឹង គ្មាន​ប្រកប​អនាម័យ បរិស្ថាន​ត្រឹមត្រូវ បានជា​រៀបចំ​ឲ្យមាន ជា​គំនិត​ផ្តួចផ្តើមឡើង បង្កើត​ជា​ជម្រក​បណ្តោះអាសន្ន ជូន​គាត់​សិន ឲ្យមាន​ផា​សុកភាព​ត្រឹមត្រូវ​»​។​
ពាក់ព័ន្ធ​នឹង​ករណី​នេះ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក សៀ ភារម្យ មាន​លើកឡើងថា លោក​មាន​ការសោកស្តាយ​ចំពោះ​រដ្ឋាភិបាល ដែល​បាន​បណ្តោយ​ឲ្យ​ពួក​គាត់​រស់នៅ​ដោយ​គ្មាន​អនាម័យ និង​មិន​មាន​ការដោះស្រាយ​សមស្រប​ណាមួយ​ដែល​អាច​ទទួលយកបាន​។ លោក​បន្តថា រដ្ឋាភិបាល​គួរតែ​បង្កើន​ការដោះស្រាយ​ជូន​ពួកគាត់​ឲ្យបាន​ឆាប់រហ័ស ដើម្បី​ការចោទប្រកាន់ថា​លើ​រដ្ឋាភិបាល​មាន​ភាពពុករលួយ និង​ប្រកាន់​បក្សពួក​ «​យើង​មាន​ការសោកស្តាយ​ដែរ មិនគួរណា រដ្ឋាភិបាល​យើង ដែលជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ លោក​នៅ​ពន្យា​ពេល​យូរ ហើយ​មិន​ព្រម​ដោះស្រាយ ឲ្យ​គាត់​ឲ្យ​បាន​ឆាប់​ចប់ ដោយសារ​ឥឡូវនេះ បន្ទាប់​ពី​ការបណ្តេញ​ចេញ​មក គាត់​រស់នៅ​ពី​ឆ្នាំ​ហើយ នៅ​លើ​គំនរ​សំរាម ក្រោម​តង់​នេះ​គឺ​ជីវិត​គាត់​វេទនា​សែន​មហា​វេទនា​។ ដូច្នេះ​ហើយ​ដោយសារតែ​គាត់ ពិបាក​នឹង​ទ្រាំ​នេះហើយ ដែល​គាត់​ខំប្រឹង​បញ្ចេញ​សំឡេង បន្លឺសំឡេង​ដើម្បីឲ្យ រដ្ឋាភិបាល​នេះ​ជំរុញ​ឲ្យ​កាន់តែ​លឿន​ថែម​ទៀត ដើម្បី​បញ្ចប់​បញ្ហា​ហ្នឹង កុំឲ្យ​ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ជា​ទុក្ខវេទនា​របស់​ប្រមុខ​រដ្ឋាភិបាល​។ ហើយ​បើ​ប្រមុខ​រដ្ឋាភិបាល​អត់​ចេះ​វេទនា អត់​ចេះ​ទុក្ខសោក សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន នេះ​ជា​រឿង​មួយ​ដែល​យើង ក្នុងនាម​ជា​អង្គការ សង្គម​ស៊ីវិល​មួយ យើង​មាន​ការសោកស្តាយ​»​។
​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ប្រជា​សហគមន៍​បុរី​កីឡា​ជាង​៣០០​គ្រួសារ ត្រូវបាន​ក្រុមហ៊ុន​ផាន​អ៊ី​មិច របស់​លោកស្រី ស៊ុយ សុផាន បណ្តេញ​ចេញ​ទាំង​បង្ខំ ឲ្យទៅ​នៅ​ជាយក្រុង ដោយ​ផ្តល់​សំណង​តិចតួច​។ ក្នុងនោះ​នៅ​សល់​ជាង​១០០​គ្រួសារ​ទៀត មិន​ព្រម​ចាកចេញ ហើយ​បន្ត​តវ៉ា​រហូត​សព្វថ្ងៃនេះ ហើយ​កាល​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ក៏​មាន​ការប៉ះទង្គិច​ជាថ្មីទៀត រវាង​ប្រជា​សហគមន៍ និង​សន្តិសុខ​ខណ្ឌដូនពេញ បណ្តាលឲ្យ​មនុស្ស​៩នាក់​រងរបួស ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៧​ខែ​ផង​ដែរ ខណៈ​ដែល​ពួកគាត់​ទាមទារ​កាន់កាប់​អាគារ​ទី​៩ ដែល​កំពុង​សាងសង់​៕

No comments:

Post a Comment

yes