តំណាងបណ្ដាញអង្គការមិនមែនរដ្ឋាភិបាល ជួបជុំគ្នាធ្វើពិធីបួងសួងនៅព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង សុំអោយវត្ថុសក្ដិសិទ្ធិបន្ទន់ចិត្តអាជ្ញាធរពាក់ព័ន្ធ អោយដោះលែងមនុស្ស ២៣នាក់ ដែលជាប់ឃុំនៅពន្ធនាគារក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤
តំណាងបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចំនួនជិត ២០០ស្ថាប័ន បណ្ដាញយុវជន និងពលរដ្ឋសរុបប្រមាណ ១០០នាក់ និងព្រះសង្ឃ ២៣អង្គ ជួបជុំគ្នាធ្វើពិធីបួងសួងនៅព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង សុំអោយវត្ថុសក្ដិសិទ្ធិបន្ទន់ចិត្តអាជ្ញាធរពាក់ព័ន្ធ អោយដោះលែងមនុស្ស ២៣នាក់ ដែលជាប់ឃុំនៅពន្ធនាគារក្នុងខេត្តកំពង់ចាម។
នាយិកាអង្គការសីលកា អ្នកស្រី ធីតា ឃិះ បានថ្លែងនៅក្នុងពេលប្រារព្ធពិធីនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ថា តាមរយៈការបួងសួងនេះរំពឹងថា តុលាការនឹងពិចារណាផ្ដល់យុត្តិធម៌ដល់មនុស្សទាំង ២៣នាក់ ដែលត្រូវកងកម្លាំងរដ្ឋាភិបាលចាប់ខ្លួន នៅក្នុងការបង្ក្រាបបាតុកម្មរបស់កម្មករ កាលពីថ្ងៃទី២ និងទី៣ ខែមករា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៤ និងនៅផ្លូវវ៉េងស្រេង។ ក្នុងពិធីនេះពុំឃើញមានការដាក់ពង្រាយក្រុមកងកម្លាំង ដែលស្លៀកឯកសណ្ឋានណាមួយឡើយ គឺមានតែក្រុមសន្តិសុខខណ្ឌដូនពេញ ប្រហែល ១០នាក់។
ក្រុមបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលជិត ២០០ស្ថាប័ននេះ កាលពីពេលថ្មីៗនេះបានដង្ហែញត្តិទៅដាក់នៅតាមស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិមួយចំនួនទៀត ដោយស្នើសុំអន្តរាគមន៍អោយដោះលែងមនុស្សទាំង ២៣នាក់នោះដែរ៕

No comments:
Post a Comment
yes