សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 3, 2014

មេធាវី​លោក​វ៉នពៅទៅ​ជួប​កូន​ក្ដីដើម្បី​ប្រាប់​ពី​ដំណើរ​ការ​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ថ្ងៃ​ទី​១១​កុម្ភៈ

សកម្មជនសិទ្ធិមនុស្ស ប្រធានសហជីព និងមិត្តភក្តិ ដែលមានបំណងចូលសួរសុខទុក្ខលោក វ៉ន ពៅ នៅពន្ធនាគារត្រពាំងផ្លុង។
សកម្មជនសិទ្ធិមនុស្ស ប្រធានសហជីព និងមិត្តភក្តិ ដែលមាន
បំណងចូលសួរសុខទុក្ខលោក វ៉ន ពៅ នៅពន្ធនាគារត្រពាំងផ្លុង

នៅថ្ងៃចន្ទ​ទី​៣​កុម្ភៈ​នេះ មេធាវីរបស់​​លោក​វ៉ន ពៅ បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ ម៣ ត្រពាំង​​ផ្លុង ក្នុង​​ខេត្ត​​កំពង់​ចាម ដើម្បី​​ជួប​​ជាមួយ​​លោក វ៉ន ពៅ និង​​អ្នក​​ជាប់​​ឃុំ​​២២​​នាក់​​ផ្សេង​ទៀត។ ស្ថានភាព​​លោក​​វ៉ន ពៅ ស្ថិត​​នៅ​​ក្នុង​​សភាព​​យ៉ាប់​យឺន​​នៅ​ឡើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​​សម្រាក​នៅ​ក្នុង​ប៉ុស្តិ៍​សុខភាព របស់​ពន្ធនាគារ ម៣។ នេះ​បើ​តាម​មន្ដ្រី​សិទ្ធិ​មនុស្ស​អង្គការ​​លីកាដូ។ ប្រភព​​ដដែល​ បានបញ្ជាក់ថា ដំណើរ​ទៅ​ជួប​លោក​វ៉នពៅ​នេះ គឺ​ដើម្បី​ប្រាប់​ពី​ដំណើរការ​សវនាការ​​សាលា​ឧទ្ធរណ៍ នៅថ្ងៃទី១១កុម្ភៈខាងមុខនេះ និង​ពន្យល់​ពី​នីតិវិធី​ច្បាប់​​។

ក្រុមមេធាវីរបស់អង្គការលីកាដូចំនួន៣នាក់ នៅថ្ងៃ​ចន្ទទី​៣​កុម្ភៈ​នេះ បាន​ជួបជាមួយលោក វ៉ន ពៅ ប្រធាន​សមាគមប្រជាធិបតេយ្យ​ឯករាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​ពន្ធនាគារម៣ ត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។ ក្រៅ​ពី​លោក​វ៉ន ពៅ ក្រុម​មេធាវី ក៏​បាន​ជួប​ផង​ដែរ អ្នក​ជាប់​ឃុំ​ចំនួន​​៧​នាក់ ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​ទាំង​២២​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយការ​ប៉ះ​ទង្គិច​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ។

មន្ត្រីអង្គការលីកាដូ លោក អំ សំអាត បានបញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ អំពី​ស្ថានភាព​សុខភាព​របស់​លោក​វ៉ន ពៅ ថា នៅ​មាន​សភាព​យ៉ាប់​យឺន​នៅ​ឡើយ ហើយ​ចាំ​បាច់​ត្រូវ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់។ លោក​វ៉ន ពៅ ដែលមាន​ជំងឺ​ប្រចាំ​កាយ​ជាប់​ខ្លួន​ផង​នោះ ត្រូវ​បាន​មន្ដ្រី​ពន្ធនាគារ អនុញ្ញាត​ឲ្យ​សម្រាក​នៅ​ក្នុង​ប៉ុស្តិ៍​សុខភាព របស់​ពន្ធនាគារ ម​៣។


ក្រៅ​ពី​ដើម្បី​តាម​ដាន​ស្ថានភាព​របស់​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​ហើយ ដំណើរទៅជួបលោកវ៉ន ពៅ នា​ថ្ងៃ​ចន្ទ​នេះ គឺដើម្បីប្រាប់ពីដំណើរការសវនាការនៅថ្ងៃទី១១កុម្ភៈខាងមុខនេះ និងពន្យល់ពីនិតិវិធីច្បាប់​ផ្សេង​ៗ។ នេះ​បើ​តាម​មន្ដ្រី​អង្គការ​លីកាដូ​ដដែល។

សូម​ជម្រាប​ជូន​ថា ក្រុម​មេធាវី​របស់​លោក​វ៉ន ពៅ បាន​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍ ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​វ៉ន ពៅ ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។ តុលាការ​ឧទ្ធរណ៍​នឹង​បើក​សវនា​ការ​ នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​ខាង​មុខ ដើម្បី​សម្រេច​ថា​ តើ គួរ​អនុញ្ញាត​ឲ្យ​លោក​វ៉ន ពៅ នៅ​ក្រៅ​ឃុំ​ឬ​ក៏​ទេ។ មេធាវី​របស់​អង្គការ​លីកាដូ​ដែល​វិទ្យុ​បារាំង​បាន​សាក​សួរ មិន​អាច​បង្ហាញ​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន ជុំ​វិញ​ដំណើរ​ការ​សវនាការ​នៅ​ថ្ងៃ​ទី​១១​កុម្ភៈ​ខាង​មុខ​នេះ​ទេ ដោយ​បាន​លើក​ឡើង​ថា វា​ជា​នីតិវិធី​របស់​តុលាការ៕

No comments:

Post a Comment

yes