VOD
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ស្វាគមន៍នឹងការប្រកាសជំហររង់ចាំថ្ងៃចរចារបស់គណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយ ដោយនឹងលើកសំណើនេះ ពិភាក្សាក្នុងបក្ស ដើម្បីចាត់តាំងតំណាង និងកំណត់ថ្ងៃចរចា នៅពេលឆាប់ៗនេះ។
ការលើកឡើងនេះ គឺឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី១៤ ខែកុម្ភៈនេះ ដែលប្រកាសថា ខ្លួនរង់ចាំការកំណត់ថ្ងៃជំនួបជាថ្មី ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីជជែកពីកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ការផ្លាស់ប្តូរសមាសភាព គជប និងការកំណត់ថ្ងៃការបោះឆ្នោតឡើងវិញមុនអាណត្តិ។
ប្រធានក្រុមការងារបច្ចេកទេសចរចារបស់គណបក្សប្រជាជនកម្ពុជា (CPP) លោក ព្រុំ សុខា មានប្រសាសន៍ថា គណបក្សនេះ តែងតែបើកចំហ ចំពោះកិច្ចចរចា បង្កើតយន្តការ ដើម្បីកែទម្រង់ការបោះឆ្នោត ដែលជាកិច្ចព្រមព្រៀងគ្នារវាងគណបក្សទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូលថ្ងៃទី១៦ ខែកញ្ញា។ ប៉ុន្តែ ចំពោះការទាមទារបោះឆ្នោតឡើងវិញមុនអាណត្តិនោះ គឺជារឿងពិបាក និងស្មុគស្មាញមួយ ដែលទាមទារការជួបជជែកគ្នា និងឯកភាពរួម «ជាសញ្ញាណមួយល្អ ដែលគាត់ថា មកជជែកគ្នារឿងបង្កើតយន្តការកែទម្រង់ការបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ បើសិនជាគ្រាន់តែនិយាយ ប៉ុន្តែគ្មានឆន្ទៈ ហើយគ្រាន់តែចូលមកដាក់បញ្ហា លក្ខខណ្ឌ បុរេលក្ខខណ្ឌ លក្ខខណ្ឌទុកជាមុន ទាល់តែមានការបោះឆ្នោតមុនអាណត្តិ គឺទៅមិនរួចទេ។»
លោក ព្រុំ សុខា ឲ្យដឹងថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្រោងនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីប្រមូលផ្តុំអនុសាសន៍របស់គណបក្សនយោបាយ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នៅត្រីមាសទី១ ឆ្នាំ២០១៤នេះ បន្ទាប់ពីបានលើកពេលម្តងកាលពីចុងឆ្នាំ២០១៣ ដោយសាររង់ចាំការជួបប្រជុំជាមួយគណបក្សសង្គ្រោះជាតិ។ លោកបន្តថា កំណែទម្រង់ការបោះឆ្នោត ជាកិច្ចដំណើរការកំណែទម្រង់ដ៏ស្មុគស្មាញ ទាមទារពេលវេលា ហើយមិនអាចអូសបន្លាយពេលវេលាបានទៀតនោះឡើយ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ អះអាងថា គណបក្សនេះ បានត្រៀមខ្លួនរួចជាស្រេច ចំពោះកិច្ចចរចានេះ ដោយរង់ចាំតែការឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ «យើងបានត្រៀមហើយ យើងដាក់កំណត់ថ្ងៃ ថ្ងៃណាក៏បានដែរ យើងបានប្រាប់ទៅមុនហើយ ខ្ញុំចង់រង់ចាំមើលសិន អត់ទាន់ធ្វើអត្ថាធិប្បាយជួសគណបក្សប្រជាជនទេ គ្រាន់តែថា សេចក្តីថ្លែងការណ៍បានដាក់ចេញទៅហើយ។»
លោក ហង្ស ពុទ្ធា នាយកប្រត្តិបត្តិអង្គការនិចហ្វិច និងជាអ្នកតាមដានបញ្ហានយោបាយ យល់ថា នេះជាសញ្ញាណវិជ្ជមានមួយ ថ្វីបើមានជំហររឹងរៀងៗខ្លួន គណបក្សទាំងពីរនៅតែមានចំណុចខ្សោយក្នុងការអនុវត្តតួនាទីរបស់ខ្លួន។ តែលោកថា ចំពោះរបៀបវារៈ ដែលទាមទារការបោះឆ្នោតមុនអាណត្តិ អាចជាចំណុចដែលនាំឲ្យការចរចាមានឧបសគ្គ «ការបោះឆ្នោតមុនអាណត្តិ ដូចជាមិនមានទាន់មានសញ្ញាណឯកភាពគ្នានៅឡើយ ការដាក់ចេញនូវចំណុចនេះ ដល់គណបក្សប្រជាជនកម្ពុជា ខ្ញុំគិតថា អាចជាចំណុចមួយ ដែលនឹងធ្វើឲ្យមានការជាប់គាំងតទៅទៀតដែរ។»
ក្រុមការងារបច្ចេកទេសគណបក្សនយោបាយទាំងពីរ បានជួបចរចាបិទទ្វារពីរលើក កាលពីខែកញ្ញា និងដើមខែវិច្ឆិកា នៅមន្ទីររដ្ឋសភា ប៉ុន្តែ មិនបានទទួលលទ្ធផលផ្លែផ្កាអ្វីទ្បើយ ដោយសារគណបក្សប្រជាជនកម្ពុជា បដិសេធការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណៈកម្មការឯករាជ្យមួយស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ក្រោយមក គម្រោងជួបគ្នាជាថ្មីនៅថ្ងៃទី៤ ខែមករា បានលុបចោល បន្ទាប់ហេតុការណ៍ប៉ះទង្គិចគ្នារវាងសមត្ថកិច្ច និងកម្មកររោងចក្រនៅថ្ងៃទី២ និងទី៣ ខែមករា ក្នុងគ្រាដែលកម្មករ ធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុង១ខែ៕
No comments:
Post a Comment
yes