សាស្ត្រាចារ្យម្នាក់នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ត្រូវបានថ្នាក់ដឹកនាំសាលាបញ្ឈប់
ពីការងារដោយការលើកហេតុផលថា ពាក់ព័ន្ធក្នុងរឿងនយោបាយ
និងរិះគន់រាជរដ្ឋាភិបាល។
សាស្ត្រាចារ្យបង្រៀនផ្នែករដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទ
នីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក ប៊ុន សេង ប្រាប់ VOD
ថាសាលាបានលុបឈ្មោះលោកចេញ ពីកាលវិភាគសិក្សា
មកពីលោកទាក់ទងនិងនយោបាយ និងរិះគន់រាជរដ្ឋាភិបាល។
លោកបន្តថា នៅពេលកន្លងមកគាត់ធ្លាប់បានចូលរួមកិច្ចពិភាក្សាជាមួយនិង សាកលវិទ្យាល័យខេមរៈ អំពីប្រធានបទ “ភាពជាប់គាំងនយោបាយនៅកម្ពុជា” និងបង្ហោះនៅតាម បណ្តាលទំនាក់ទំនង សង្គមហ្វេសប៊ុកជាដើម។
ប៉ុន្តែលោកថា លោកមិនមែនជាសមាជិកគណបក្សនយោបាយ
ឬជាសកម្មជនរបស់គណបក្សមួយណាទេ
គាត់គ្រាន់តែធ្វើអ្វីតាមវិជ្ជាជីវៈរបស់គាត់តែប៉ុណ្ណោះ «ខ្ញុំមិនមែនជាសមាជិក
គណបក្សនយោបាយណាមួយទេ ចង់និយាយអញ្ជេះ មិនមែនជាគណបក្សប្រឆាំង
ដែលជាសកម្មជនឬក៏ជាសមាជិកអីទេ។ ខ្ញុំគិតថា នឹងប្តឹងទៅតាមឋានានុក្រមរដ្ឋបាល»។
ព្រឹទ្ធបុរសនៃមហាវិទ្យាល័យនីតិសាស្ត្រ អ្នកស្រី សុខ យ៉ាន
មានប្រសាសន៍ថា គាត់ពុំមែនជាមន្ត្រី ក្របខ័ណ្ឌរបស់សាលាទេ
ដូច្នេះអាស្រ័យទៅលើសាលាមានថ្នាក់អោយគាត់បង្រៀន ឬក៏អត់។
សាលាបញ្ឈប់គាត់ ដោយសារតែសាលាពុំមានថ្នាក់សម្រាប់អោយគាត់បង្រៀន
មិនមែនមកពីការរើសអើងនយោបាយនោះទេ «ព្រោះគាត់មិនមែនជា
មន្រ្តីក្របខណ្ឌ របស់សាលាទេ ជាគ្រូវេលាកាល ដល់អ៊ីចឹងសាលាមានថ្នាក់
ក៏ជូនគាត់បង្រៀនទៅ
អត់មានថ្នាក់ក៏អត់បានជូនគាត់ទៅ
វាអត់បានរហូតដល់មួយឆ្នាំដែរ វាអាស្រ័យលើមានថ្នាក់ឬអត់»។
អ្នកវិភាគឯករាជ្យ និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នេះគឺជាសិទ្ធរបស់ថ្នាក់ដឹកនាំសាលា
ក្នុងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់សាលា
ព្រោះសាលារដ្ឋបច្ចុប្បន្នស្ថិតក្រោម ឥទ្ធិពលអ្នកកាន់អំណាច។
លោកបន្តថា
សាស្ត្រាចារ្យអាចជ្រើសរើសសាលាណាដែលផ្តល់សិទ្ធសេរីភាពក្នុង
ការបញ្ចេញមតិ និងការសិក្សារបស់ខ្លួន «យើងត្រូវមើលនិន្នាការសាលា
ធម្មតាសាលារដ្ឋ គាត់បម្រើឲ្យគោលនយោបាយរបស់រដ្ឋ។
កាលណាខុសពីវិន័យ របស់សាលា
ដូចសាលាដែលយើងមិនគោរពវិន័យគេ គេដេញ នោះជារឿងធម្មតាទេ
ព្រោះសាលាមានបទបញ្ជាផ្ទៃក្នុងរបស់គេមួយៗ»។
លោក ប៊ុន សេង បានចុះកិច្ចសន្យាជាមួយសាលា រយៈពេលមួយឆ្នាំត្រូវជា ២
ឆមាស ប៉ុន្តែក្រោយពីបញ្ចាប់ឆមាសទី ១
សាលាមិនបន្តកិច្ចសន្យាឲ្យលោកបង្រៀនបន្តទៀតទេ។
No comments:
Post a Comment
yes