សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, March 7, 2014

អ្នកវិភាគ​៖កម្ពុជាអាច​ប្រឈម​ជាច្រើននៅពេល​សមាគម​អាស៊ានក្លាយជាសហគមន៍​នៅ​ឆ្នាំ​២០១៥គឺ​ទាំង​ធនធានមនុស្សក្នុង​វិស័យ​ការងារ​​

សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ទាំង១០ប្រទេស

នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេហ៍ ហៅ​កាត់​ថា​អាស៊ាន ដែល​មាន​ប្រទេស​ទាំង​១០​ជា​សមាជិក ក្នុង​នោះ​កម្ពុជា​ផងដែរ នឹង​កាន់​តែ​ខិត​ជិត​ចូលគ្នា ផ្នែក​សេដ្ឋកិច្ច ក្រោម​ឆ័ត​តែមួយ ដែល​មានន័យថា សហគម​ន៍​មួយ វាសនា​តែមួយ​។
នៅពេល​ដែល​សមាគម​អាស៊ាន​ប្រែ​ក្លាយទៅជា សហគមន៍​អាស៊ាន នោះ​រដ្ឋ​ជា​សមា ជិក​ទាំងអស់ នឹង​កាន់តែ​បង្កើន​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង ជា មួយ​គ្នា ពេល​នោះ​ហើយ ប្រទេស​ទាំង​១០ នឹង​បើកចំហ​នូវ​លំហូរ​នៃ​ការធ្វើ​ពាណិជ្ជកម្ម លំហូរ​ទំនិញ សេវាកម្ម​ ធនធាន​មនុស្ស ការងារ និង​លំហូរ​នៃ​ឥណទាន ឬ​មូលធន ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ដោយ​សេរី​។ ចំណេ​ក​ប្រជាជន​នៃ​ប្រទេស​ទាំង​១០​របស់​អាស៊ាន ក៏​អាច​​​ធ្វើ​ដំណើរ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ទាំង​១០​នេះ ដោយ​សេរី​ទៅតាម​សមត្ថភាព​របស់​ពួក​គេ​ដោយ​គ្រាន់តែ​មាន​ប័ណ្ណសំគាល់ខ្លួន​។​
កាលពី​ថ្ងៃ​ទី​០៤ ខែ​មីនា ក្នុង​វេទិកា​រាជរដ្ឋាភិបាល​ជាមួយ​វិស័យ​ឯកជន​លើក​ទី​១៧ ក្រោម​ប្រធានបទ "​សហគម​ន៏​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​កាលានុ​វត្ត​ភាព​និង​ការ​ប្រឈម​ចំពោះ​កម្ពុជា​" ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ ដើម្បី​ឲ្យ​កម្ពុជា​អាច​ត្រៀម​ខ្លួន​ចូល​ទៅក្នុង​សហគម​ន៏​សេដ្ឋកិច្ច​អាស៊ាន ​ឆ្នាំ​២០១៥​ខាងមុខនេះ​។

លោកនាយក​រដ្ឋមន្ត្រី បន្តថា សកម្មភាព​កម្ពុជា​ឆ្ពោះ​ទៅ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ប្រៀប​ដូច​ជា​សកម្មភាព​ប្រណាំង​ទូក ដែល​ចាំបាច់​ត្រូវ​អុំ​ឲ្យបាន​ស្រុះគ្នា ហើយ​រាជរដ្ឋាភិបាល​ដែលជា​អ្នក​កាច់ចង្កូត​តម្រង់​ទិស​ឲ្យ​ត្រង់​នៅ​ក​ន្សៃ ក៏​ត្រូវការ​ចាំបាច់​នូវ​ការ​ចង្អុរបង្ហាញ​ទិស​រប​ស់​វិស័យ​ឯកជន​ដែល​ជា​អ្នក​អុំ​នៅ​ផ្នែក​ខាង​មុខ​ដែរ​។​
​តើ​នៅពេល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥ ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​ផល​ចំណេញ​និង​ផល​លំបាក​យ៉ាងណាខ្លះ លើ​វិស័យ​ការងារ​នោះ​ហើយ កម្ពុជា មាន​ធនធានមនុស្ស អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​ប្លុក​អាស៊ាន​បាន​កម្រិត​ណា​?
​លោក កែម ឡី អ្នកស្រាវជ្រាវ​បញ្ហា​សង្គម យល់ឃើញថា ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ដោយ​មាន​ការបើកចំហ​រ​ទីផ្សារការងារ​សេរី​នៅ​ឆ្នាំ​២០១៥​ខាងមុខ ប្រជាជន​កម្ពុជា អាច​ទទួលបាន​ផលចំណេញ​តិចជាងគេ ហើយ​វា​អាច​មាន​រយៈពេល​យូរ ដែល​កម្ពុជា​អាច​តោង​យក​ផលចំណេញ​នោះ​បាន​។ លោក កែម ឡី បន្តថា ផលចំណេញ​ភាគច្រើន​គឺ​បាន​ទៅលើ​អ្នក​ដែល​មាន​ប្រាក់ និង​មាន​ចំណេះដឹង ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាំង​ក្នុងស្រុក និង​បរទេស តាមរយៈ​ការវិនិយោគ និង​បើក​ក្រុមហ៊ុន​ជា​ដើម ដោយឡែក​សម្រាប់​វិស័យ​ការងារ​មួយចំនួន ជា​ពិសេស​យុវជន នឹង​អាច​បាត់បង់​នូវ​ឱកាស​ការងារ​ច្រើន ខណៈ​ដែល​កម្ពុជា​ពុំ​ទាន់​បាន​អនុវត្ត​ច្បាប់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មាន​ប្រសិទ្ធភាព​ «ធម្មតា​អ្នក​ដែល​ដាក់​វិនិយោគទុន ​តែងតែ​ចាប់​យក​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ដើម្បី​ធ្វើ​ជា​ដៃគូ ​អ៊ីចឹង​កាលណា​ចាប់​យក​ក្រុមហ៊ុន​នៅក្នុង​ស្រុក​ជា​ដៃគូរ ក្រុមហ៊ុន​នៅ​ក្នុងស្រុក​ហ្នឹង​ចាប់ផ្តើម​ផ្លាស់ប្តូរ​បទពិសោធន៍ ចាប់ផ្តើម​ទទួល​អ្វី​ដែល​គេ​មាន​ដើម្បី​យក​មក​ផលិត​នៅក្នុង​ស្រុក ប៉ុន្តែ​គ្រាន់តែ​ថា​វា​មាន​ភាគ​តិច​អ្នក​ដែល​មាន​លទ្ធភាព​អញ្ចឹង​»។​
អ្នកវិភាគ​បញ្ហា​សង្គម​រូបនេះ លើកឡើងថា ក្នុង​កាលៈទេសៈ​នេះ ប្រជាជន​កម្ពុជា​នៅ​មាន​កម្រិត​ជីវភាព​ក្រីក្រ​ខ្ពស់ អ្នក​រស់នៅ​តាម​ជនបទ​បរិយាកាស​គាំទ្រ​មិនសូវមាន គឺ​ចាំបាច់​ទាមទារ​ឲ្យ​រដ្ឋាភិបាល ត្រូវ​យកចិត្តទុកដាក់​ហើយ​គាំទ្រ​ពេញលេញ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​និង​អ្នករកស៊ី​តូចតាច ដើម្បី​ឲ្យ​ពួកគាត់​អាច​មាន​លទ្ធផល​ងើបឡើង នៅពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០១៥ ខាងមុខនេះ​។​
​ជាមួយគ្នានេះដែរ លោក យ៉ា ណាវុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម​កម្ពុជា ដែល​ធ្វើការ​ទាក់ទង​នឹង​កម្មករ​ចំណាកស្រុក លើកឡើងថា ការធ្វើ​សមាហរ​ណ​កម្ម​​អាស៊ាន​​នាពេល​ខាងមុខ​នេះ អាច​ជួយ​ពលរដ្ឋ​កម្ពុជា ឲ្យមាន​ឱកាស​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ណាមួយ​ក៏បាន ក្នុងចំណោម​ប្រទេស​ទាំង​១០​នោះ និង​អាច​រៀនសូត្រ ព្រមទាំង​អាច​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ជាមួយគ្នា​បាន ប៉ុន្តែ​អ្វី​ជា​ឧបសគ្គ​នោះ គឺ​កម្រិត​នៃ​ការយល់ដឹង និង​ជំនាញ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​មាន​កម្រិត​ «​គេ​អាច​មក​រក​ការងារ​ធ្វើ នៅក្នុង​ប្រទេស​យើង បើសិនជា​យើង​មិន​ព្យាយាម​ពង្រឹង​ធនធានមនុស្ស​របស់​យើង ឲ្យបាន​ល្អ ជាពិសេស​ពលករ​របស់​យើង ឲ្យ​ជា​ពលករ​ដែល​មាន​ជំនាញ​។ កាលណា​យើង​បញ្ជូន​ពលករ​ដែល​អត់​ជំនាញ ប្រាក់ខែ​ក៏​វា​ទាប​ដែរ អញ្ចឹង​កាលណា​ពលករ​យើង​ចេញ​ច្រើន យើង​អាច​ប្រឈម​មុខ​បញ្ហា​ដែរ ខ្វះ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស ដោយសារ​ប្រទេស​យើង​ជា​ប្រទេស​កសិកម្ម ហើយ​បើ​ប្រជាពលរដ្ឋ​យើង នាំគ្នា​ធ្វើ​ចំណាកស្រុក​ច្រើន​យ៉ាងហ្នឹង អញ្ចឹង​យើង​អាច​បាត់បង់​ផលិតកម្ម​របស់​យើង​ហើយ នៅពេល​ខាងមុខ​»​។​
​សមាគម​អាស៊ាន​ត្រូវបាន​បង្កើតឡើង នៅ​ឆ្នាំ​១៩៦៧​ដែល​ក្នុងនោះ​មាន​ប្រទេស​ជា​សមាជិក​ដូចជា ប្រទេស ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន​សិង្ហបូរី ប្រុយ​ណេ ម៉ាឡេស៊ី វៀតណាម ឡាវ កម្ពុជា​និង​ភូមា​។ បច្ចុប្បន្ន​ប្រទេស​ដៃគូ​អាស៊ាន មាន ជប៉ុន ចិន អាមេរិក ឥណ្ឌា អូស្ត្រាលី និង​អង្គការ​សហប្រជាជាតិ​។ ប្រជាជន​អាស៊ាន​មាន​ប្រមាណ ៦១០​លាន​នាក់​។ ក្នុង​ចំណោម​បណ្តា​ប្រទេស​ទាំង​ដប់​នៅ​អាស៊ាន គឺ​មាន​ប្រទេស​សិង្ហ​បុរី ប្រ៊ុយណេ និង​ម៉ាឡេស៊ី​ជាដើម​គឺ​ជា​ប្រទេស​ដែល​មាន​ធនធាន​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ ដោយ​ពួកគេ​អាច​រក​ចំណូល​បាន​ពី​ជាង​មួយ​ម៉ឺន​ដុល្លារ​ទៅ​ប្រាំ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ​ចំណែក​ប្រជាជន​កម្ពុជា​អាច​រក​ចំណូល​បាន​តែ​ប្រមាណ​មួយ​ពាន់​ដុល្លារ​ នៅ​ឆ្នាំ​២០១៣​នេះ​។​    ​
​អតីត​ប្រធាន​អង្គការ​យុវជន​ឈាន​មុខ​ដែល​បច្ចុប្បន្ន​ជា​នាយក​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល វិភាគ​ថា​យុវជន​កម្ពុជា​នឹង​មិន​មាន​សមត្ថភាព​ប្រកួតប្រជែង​នឹង​យុវជន​នៃ​ប្រទេស​ចំនួន​៨​ក្នុងចំណោម​ដប់​ប្រទេស​នៅ​អាស៊ាន​បាន​ទេ​ខណៈ​ដែល​ការអប់រំ​នៅ​កម្ពុជា​នៅមានកម្រិត​ «​គុណភាព​នៃ​ការអប់រំ​នៅ​ប្រទេស​កម្ពុជា​ យើង​នៅមានកម្រិត​ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ ក្នុង​តំបន់​អាស៊ាន​យើង​នៅ​ទាប​ជាង​គេ​នៅឡើយ លើកលែង​តែ​ប្រទេស​ភូមា ឬ​ក៏​ប្រទេស​ឡាវ​ដែល​យើង​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​ក៏​ប៉ុន្តែ ​ប្រទេស​ដទៃ​ទៀត​គឺ​យើង​នៅ​ចាញ់​គេ​ឆ្ងាយ​ណាស់ ដូច​ថៃ​ដូច​សាំង​ហ្គា​ពួ ដូច​វៀតណាម​។​ល​។ ​គឺ​យើង​នៅ​ខ្សោយ​ដូច្នេះ​បញ្ហា​អំពើពុករលួយ​នៅ​ពេល​ប្រឡង​ និង​ជា​ទូទៅ​ក្នុង​វិស័យ​អប់រំ​នេះ វា​បាន​ប៉ះពាល់​រួចទៅហើយ​ហើយ ​បើ​យើង​គិត​ទៅដល់​ការប្រៀបធៀប​ប្រកួតប្រជែង​នៅ​អាស៊ាន​ទៀត​នោះ​ យើង​នឹង​ចាញ់​ប្រៀប​គេ​ហើយ នេះ​ជា​បញ្ហា​កង្វល់​មួយ​សម្រាប់​យើង​នៅពេល​ដែល​យើង​ចូល​ធ្វើ​ជា​សមាហរណកម្ម​អាស៊ាន​»។​
​តែ​ទោះ​យ៉ាងណា អ្នកតាមដាន​បញ្ហា​សង្គម បាន​លើក​ថា កម្ពុជា​អាច​ទទួលបាន​ផលចំណេញ​តិចជាង​ផល​ខាត ហើយ​វា​អាច​ប្រើ​ពេល​យូរ​ក្នុងកា​រតោង​យក​ផលចំណេញ ខណៈ​ដែល​ការចូល​សមាហរណកម្ម​អាស៊ាន​នេះ ទំនិញ​មួយចំនួន​ត្រូវ​រួច​ពន្ធ ដែល​អាច​នាំ​ឲ្យ​រដ្ឋ​បាត់បង់​ថវិកាជាតិ​ខ្លះ ។​មាន​លំហូរ​ចូល​នៃ​ប្រជាជន​ក្នុង​បណ្តា​ប្រទេស​អាស៊ាន មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា បើសិន​កម្ពុជា​ខ្លួនឯង​មិន​ពង្រឹង​ធន​ធន​មនុស្ស​របស់​ខ្លួន ឲ្យមាន​ជំនាញ​ច្បាស់លាស់​ទេនោះ រួម​ទាំង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​៕

No comments:

Post a Comment

yes