សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, March 3, 2014

ជន​រងគ្រោះ​ក្នុង​ការ​បាញ់​បង្ក្រាប​នៅស្ទឹង​មាន​ជ័យរៀន​រស់​ក្នុង​ជីវិត​ថ្មី​ជា​ជន​ពិការ

ហឿន ចាន់កំពុង​ខំប្រឹង​​​ទប់​ខ្លួនចុះ​ពី​លើ​គ្រែ​ឡើង​រទេះ​រុញ​
កាល​ពី​ម្សិល​មិញ​​​។ រូបថត ផា លីណា
ដេក​នៅ​លើ​គ្រែ​ថង់​ទឹក​នោម​ចង​ជាប់​ប្រដាប់​ភេទ​ជានិច្ច ដើម្បី​បត់​ជើង រីឯ​ជើង​ទាំង​ពីរ​សណ្តូក​ត្រង់​ពុំ​អាច​ធ្វើ​ចលនា​អ្វី​បាន​ក្រៅ​ពី​យក​ដៃ​ទាញ​ឲ្យ​កម្រើក​យុវជន ហឿន ចាន់ បាន​រង​របួស​ធ្ងន់​នៅ​ក្នុង​ការ​ប្រើ​កាំភ្លើង​គ្រាប់​ពិត ក្នុង​ការ​បាញ់​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ​រោងចក្រ SL នៅ​គល់​ស្ពាន ស្ទឹង​មាន​ជ័យ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​ចំ​ចង្កេះ​ខាង​ឆ្វេង​ហើយ​ប៉ះពាល់​ដល់​ខួរ​ឆ្អឹង​ខ្នង​ធ្វើ​ឲ្យ​យុវជន​រូប​នេះ​ត្រូវ​ពិការ​មួយ​កំណាត់​ខ្លួន​ចុះ​ក្រោម។ នៅ​ពេល​នេះ​យុវជន​រូប​នេះ​បាន​និង​កំពុង​ចាប់​ផ្តើម​រៀន​ពី​ការ​រស់​នៅ​ក្នុង​ជីវិត​ថ្មី​ជា​ជន​ពិការ​បន្ទាប់​ពី​ត្រឡប់​មក​ពី​សម្រាក​ព្យាបាល​នៅ​ប្រទេស វៀតណាម ក្រោយ​ពេល​ដែល​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ជំងឺ​របស់​គាត់​ពុំ​អាច​ព្យាបាល​បាន​នោះ។
ស្ថិត​ក្នុង​វ័យ ២៧ឆ្នាំ ហឿន ចាន់ ជា​និស្សិត​ឆ្នាំ ទី៤ នៃ​សាកល​វិទ្យាល័យ ធនធាន​មនុស្ស និង​បាន​ឆ្លៀត​ពេល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ផ្នែក​ទីផ្សារ មុន​នឹង​ធ្លាក់​ខ្លួន​ពិការ គាត់​ស្ទើរ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ចំពោះ​វាសនា​របស់​ខ្លួន​ដែល​បាន​ក្លាយ​ជា​ជន​ពិការ ដោយ​គ្រាន់​តែ​ចៃដន្យ បាន​ឈរ​មើល​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​កម្មករ។

លោក ហឿន ចាន់ បាន​និយាយ​ឲ្យ​ដឹង​ថា៖ «ក្រោយ​ពី​គ្រូ​ពេទ្យ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាប់​ថា ខ្ញុំ​ត្រូវ​ពិការ​មួយ​ជីវិត​ខ្ញុំ​អស់​សង្ឃឹម ប៉ុន្តែ​ខ្ញុំ​មាន​សង្ឃឹម​ឡើង​វិញ​នៅ​ពេល​ដែល​មាន​គេ​ថា នៅ​ប្រទេស វៀតណាម ជំងឺ​ខ្ញុំ​អាច​ព្យាបាល​ជា មួយ​រយ​ភាគរយ ប៉ុន្តែ​សេចក្តី​សង្ឃឹម​ខ្ញុំ​ត្រូវ​បាន​រលាយ​សូន្យ​នៅ​ពេល​ខ្ញុំ ទៅ​ដល់​ពេទ្យ​ពីព្រោះ​គេ​បាន​ប្រាប់​ថា គេ​មិន​អាច​ព្យាបាល​ជើង​ខ្ញុំ​ឲ្យ​ដើរ​បាន​ដូច​មុន​នោះ​ទេ ដូច្នេះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​នៅ​ពេល​នេះ​គឺ​រៀន​រស់​ក្នុង​ជីវិត​ថ្មី​ជា​ជន​ពិការ គឺ​ខ្ញុំ​ប្រើ​ដៃ​របស់​ខ្ញុំ​ជំនួស​ជើង»។
ចាន់ បាន​ចាប់​ផ្តើម​រស់​នៅ​ជីវិត​ថ្មី​ដោយ​បន្ត​ការ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ពលកម្ម កៀនឃ្លាំង ដើម្បី​រៀន​ប្រើ​ដៃ​របស់​ខ្លួន​ជំនួស​ឲ្យ​ជើង​ទាំង​ពីរ​ដែល​បាន​បាត់​ដោយ​សារ​ពុំ​អាច​ធ្វើ​ចលនា​បាន​អស់​រយៈ​ពេល ៦ថ្ងៃ មក​ហើយ​គឺ​គាត់​ត្រូវ​ចាប់​ផ្តើម​ប្រើ​ដៃ​ទ្រ​ទម្ងន់​ខ្លួន​របស់​គាត់​ដោយ​អូស​មួយ​កំណាត់​ខ្លួន​ឈោង​ឡើង​លើ​រទេះ​ចាប់​ពី​ម៉ោង ៨ ព្រឹក​ដល់​ម៉ោង ១០ ហើយ​សកម្មភាព​នេះ​បាន​ចាប់​ផ្តើម​ទៀត​នៅ​ពេល​រសៀល​គឺ​ចាប់​ពី​ម៉ោង ២ រសៀល​ដល់​ម៉ោង ៤ រសៀល។
និយាយ​ទាំង​ទឹក​មុខ​ស្រពោន​ថា៖ «ដំបូង​ខ្ញុំ​មិន​ចង់​រស់​ឡើយ​គឺ ខ្ញុំ​ចង់​តែ​សម្លាប់​ខ្លួន​ពីព្រោះ​តូច​ចិត្ត​ថា ម្តាយ​ធ្លាប់​មើល​ថែ​តាំង​ពី​តូច ហើយ​សង្ឃឹម​ថា នៅ​ពេល​រៀន​ចប់​អាច​ជួយ​ផ្គត់​ផ្គង់​គ្រួសារ​បាន ដើម្បី​ឲ្យ​ម៉ែ​ធូរ​ស្រាល​បន្តិច​និង​ជួយ​ប្អូន​ឲ្យ​ចូល​រៀន​ថ្នាក់​មហា​វិទ្យាល័យ​បន្ត ប៉ុន្តែ​អ្វីៗ​ត្រូវ​បាន​រលាយ​អស់ ហើយ​ម្តាយ​បែរ​ជា​នៅ​មើល​ថែ​ដូច​កាល​នៅ​ពី​តូច​ដដែល»។
បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រុស្ស៊ី អស់​រយៈ​ពេល ១៣ថ្ងៃ ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់ ហឿន ចាន់ សម្រេច​លួច​យក​យុវជន​រូប​នេះ​ចេញ​ទៅ​ព្យាបាល​នៅ​ប្រទេស វៀតណាម ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​ទីនោះ​អស់​រយៈ​ពេល ១០ ថ្ងៃ ក៏​បាន​ត្រឡប់​មក​ស្នាក់​នៅ​ផ្ទះ​វិញ ហើយ​ដោយ​សារ​តែ​ពុំ​អាច​ទ្រាំទ្រ​នូវ​ការ​ឈឺ​ចាប់​បាន​ក៏​សម្រេច​ចិត្ត​មក ភ្នំពេញ បន្ត​ទៀត​ដើម្បី​រៀន​ប្រើ​ដៃ​របស់​ខ្លួន។
ចាន់ បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​នៅ​ផ្ទះ​គ្មាន​ថ្នាំ​លេប​ពេល​ធ្វើ​ទុក្ខ​ម្តងៗ​គឺ​ក្តៅ​ពេញ​ខ្លួន​ដូច​គេ​ដុត ហើយ​ឈាម​ក៏​បាញ់​ចេញ​តាម​កន្លែង​ដែល​របួស។ ដោយ​ឃើញ​ខ្ញុំ​លំបាក​ទ្រាំ​ពុំ​បាន​ម្តាយ​ខ្ញុំ​បាន​ទាក់​ទង​ទៅ​កាន់​អង្គការ លីកាដូ ដើម្បី​យក​ខ្ញុំ​មក​ព្យាបាល​នៅ​ទី​នេះ»។
បើ​ទោះ​ជា​រៀន​ប្រើ​ដៃ​ដើម្បី​រុញ​រទេះ​ឲ្យ​ទៅ​មុខ​ជំនួស​ជើង​ក៏​ដោយ​ក៏​យុវជន​រូប​នោះ​ពុំ​អាច​អង្គុយ​ត្រង់​បាន​យូរ​ដូច​មនុស្ស​ធម្មតា​បាន​ដែរ​ដោយ​សារ​តែ​រូប​គេ​ដំបៅ​គូទ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ការ​សិក្សា​ដំបូង​របស់​គាត់​គឺ​តែង​តែ​ធ្វើ​ឲ្យ​រូប​គាត់​ធ្លាក់​ពី​លើ​រទេះ​ជា​ញឹក​ញាប់​ដោយ​សារ​តែ​ខ្លួន​ពុំ​ទាន់​ប្រើ​ដៃ​ស្ទាត់​ជំនាញ​នៅ​ឡើយ។ យុវជន​រូប​នោះ​ក៏​ពុំ​ដឹង​ដែរ​ថា នៅ​ពេល​ដែល​ខ្លួន​បត់​ជើង​តូច​ឬ​បត់​ជើង​ធំ​ទេ។
ចាន់ និយាយ​ថា៖ «សព្វ​ថ្ងៃ​នេះ​ខ្ញុំ​រស់​ពិបាក​ជាង​ស្លាប់ ខ្ញុំ​មិន​ដឹង​ទេ​ថា​ខ្ញុំ​បត់​ជើង​តូច​ធំ​គឺ​ខ្ញុំ​ច្របាច់​ពោះ​របស់​ខ្ញុំ​បើ​ពេល​ណា​រឹង​គឺ​ខ្ញុំ​ត្រូវ​ទៅ​បង្គន់​យក​ដៃ​ខ្វះ​យក​លាមក​ចេញ។ ក្តី​ប្រាថ្នា​តែ​មួយ​គត់​ដែល​ខ្ញុំ​ចង់​បាន​នៅ​ពេល​នេះ គឺ​អាច​បត់​ដៃ​ជើង​ដូច​គេ​ឯង​ធម្មតា»។
យុវជន ហឿន ចាន់ បាន​ត្រូវ​គ្រាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​សមត្ថកិច្ច និង​កម្មករ​រោងចក្រ SL កាល​ពី​ថ្ងៃ ទី១២ ខែ វិច្ឆិកា នៅ​ក្បែរ​វត្ត ស្ទឹង​មាន​ជ័យ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ក៏​មាន​ស្ត្រី​អ្នក​លក់​បាយ​ម្នាក់​បាន​ត្រូវ​គ្រាប់​ស្លាប់ និង​មាន​មនុស្ស​ជាច្រើន​នាក់​ទៀត​រង​របួស។ បើ​ទោះ​បី​ជា​កំពុង​សម្រាក​ព្យាបាល​ជំងឺ​និង​រៀន​ប្រើ​ដៃ​របស់​ខ្លួន​ជំនួស​ជើង​ក៏​ដោយ ក៏​យុវជន​រូប​នោះ​នៅ​ចង់​វិល​ត្រឡប់​ចូល​សាលា​របស់​ខ្លួន​វិញ​ដើម្បី​បញ្ចប់​ការ​សិក្សា​ដែល​នៅ​សល់ ១ ឆមាស​ទៀត ដើម្បី​បញ្ចប់​បរិញ្ញាបត្រ។
ចាន់ បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​បន្ត​ការ​សិក្សា​របស់​ខ្ញុំ ហើយ​នៅ​ពេល​បញ្ចប់​ខ្ញុំ​នឹង​រក​លុយ​រៀន​ផ្នែក​ច្បាប់​វិញ ពីព្រោះ​ខ្ញុំ​ចង់​ដឹង​ថា ករណី​ដូច​ខ្ញុំ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​ជា​អ្នក​បាញ់​មក​លើ​ខ្ញុំ​ឲ្យ​រង​របួស​រហូត​ពិការ​បែ​ជា​គ្មាន​នរណា​ទទួល​ខុស​ត្រូវ តើ​ច្បាប់​គេ​កំណត់​ឲ្យ​ធ្វើ​បែប​នេះ​ឬ?»។
ជា​កសិករ​នៅ​ខេត្ត ព្រៃវែង ពុំ​មាន​លុយ​ជាប់​ខ្លួន​ច្រើន​នោះ​ទេ អ្នក​ស្រី ហួន ឃន អាយុ ៥២ ឆ្នាំ ដែល​ជា​ម្តាយ​របស់ ចាន់ បាន​ទៅ​ចង​ការ​ប្រាក់​គេ យក​ប្លង់​ដី​ទៅ​ដាក់​ដើម្បី​បាន​ប្រាក់ ៤០០០ ដុល្លារ​ដោយ​សង្ឃឹម​ថា អាច​ធ្វើ​ឲ្យ​ជើង​ទាំង​គូ​របស់​កូន​អ្នក​ស្រី​អាច​ដើរ​បាន​ដូច​ធម្មតា​វិញ ប៉ុន្តែ​ក្តី​សង្ឃឹម​ត្រូវ​រលាយ​សូន្យ​ដោយ​លុយ​ចំនួន ៤០០០ ដុល្លារ​នោះ​បាន​ត្រឹម​តែ​អាច​វះ​និង​លាង​សម្អាត​រំសេវ​នៅ​ឆ្អឹង​ខ្នង ចាន់ តែ​ប៉ុណ្ណោះ។
អ្នក​ស្រី ឃន បាន​និយាយ​រៀប​រាប់​ថា៖ «ខ្ញុំ​ទៅ វៀតណាម យ៉ាង​សម្ងាត់​ពុំ​ឲ្យ​អង្គការ​ឬ​ខាង​ណា​ដឹង​ទេ​ពីព្រោះ​ខ្លាច​គេ​លួច​ធ្វើ​បាប​កូន​ខ្ញុំ តែ​ខ្ញុំ​នៅ​តែ​ពុំ​អាច​ស្វែង​រក​ជើង​ទាំង​ពីរ​ឲ្យ​កូន​ប្រុស​ខ្ញុំ​បាន​វិញ។ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​កូន​ខ្ញុំ ខ្ញុំ​ឆ្អែត​ចិត្ត​ណាស់​កូន​ខ្ញុំ​រៀន​ជិត​ចប់​ទៅ​ហើយ លទ្ធផល​ដែល​ទទួល​បាន​គឺ​ជា​ជន​ពិការ គេ​មិន​គួរ​បាញ់​កូន​ខ្ញុំ​សោះ​ពីព្រោះ​កូន​ខ្ញុំ​មិន​មែន​ចូល​រួម​បាតុកម្ម​ទេ»។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូរ បាន​ថ្លែង​ឲ្យ​ដឹង​ថា នៅ​ក្នុង​រឿង​នេះ​ការ​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នោះ​គឺ​ហាក់​ដូច​ជា​មិន​មាន​ទេ​ចំពោះ​ពួក​គាត់​ដោយ​សារ​តែ​សមត្ថកិច្ច ក៏​ដូច​ជា​មន្ត្រី​តុលាការ ពុំ​បាន​ចាប់​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ទេ។
លោក​ថា៖ «ដោយ​សារ​តែ​បញ្ហា​នេះ​ហើយ​បាន​វប្បធម៌​និទណ្ឌភាព​នៅ​តែ​កើត​មាន​ហើយ​អំពើ​ហិង្សា​ចេះ​តែ​បន្ត​កើត​ឡើង ហើយ​ភាព​អយុត្តិធម៌​នៅ​តែ​កើត​ឡើង​ចំពោះ​ជន​រងគ្រោះ»។
នៅ​ក្នុង​ករណី​នេះ​សមត្ថកិច្ច​បាន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ស្លាប់​អ្នក​លក់​បាយ និង​ធ្វើ​ឲ្យ​មនុស្ស​របួស ប៉ុន្តែ​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្វែង​រក​ឃាតក​ពិត ចំពោះ​ករណី​បាញ់​ប្រហារ​នេះ​ដោយ​បាន​ទម្លាក់​កំហុស​ទាំង​អស់​ទៅ​លើ​ជន ទី៣។ ទោះ​យ៉ាង​ណា រហូត​ដល់​ពេល​នេះ គណៈកម្មការ​ស៊ើប​អង្កេត​នោះ​នៅ​មិន​ទាន់​រក​មនុស្ស​ណា​ឲ្យ​មក​ទទួល​បន្ទុក​នេះ​នៅ​ឡើយ។
លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ថា ចំពោះ​ករណី​ហិង្សារ​ដែល​កើត​ឡើង​នៅ​គល់​ស្ពាន ស្ទឹង​មាន​ជ័យ គឺ​គណៈកម្មការ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ទេ។
លោក​ថា៖ «យើង​មិន​បោះបង់​ចោល​នូវ​ការ​ស៊ើប​អង្កេត​នោះ​ទេ​គឺ​យើង​នៅ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដើម្បី​ឲ្យ​ដឹង​ថា តើ​ខាង​ណា​ខុស​ខាង​ណា​ត្រូវ»៕

No comments:

Post a Comment

yes