ភាគីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ធ្វើសន្និសីទក្រោយពេលជួបចរចា(រូបថតដោយតាំង វីដា)
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅថ្ងៃចន្ទនេះ បានឯកភាពគ្នាក្នុងការកែទម្រង់បញ្ជីឈ្មោះបោះឆ្នោត និងច្បាប់ស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់គណបក្ស និងកំណត់យកថ្ងៃចន្ទសប្តាហ៍ក្រោយ ជជែកលើបញ្ហាមួយចំនួនទៀតរួមមានកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោតផងដែរ។
បន្ទាប់ពីកិច្ចពិភាក្សាជាង៤ម៉ោង ភាគីទាំងពីរ លើកឡើងថា មានការឯកភាពគ្នាក្នុងការរៀបចំចុះបញ្ជីឈ្មោះបោះឆ្នោត ការធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប និងការកែបង្កើតច្បាប់ស្តីពីការប្រើប្រាស់ហិរញ្ញវត្ថុសម្រាប់គណបក្សនយោបាយ។
ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការជួបគ្នាម្តងទៀតនៅថ្ងៃចន្ទ ទី១០ខែមិនា ឆ្នាំ២០១៤ម្តងទៀត ដោយនឹងលើកយកបញ្ហាមួយចំនួនមកជជែកគ្នា រួមមានកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត កំណែទម្រង់រចនាសម្ព័ន្ធ ការបង្កើតយន្តការដោះស្រាយវិវាទការបោះឆ្នោត កំណែទម្រង់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងការប្រើប្រាស់តួនាទីត្រឹមត្រូវរបស់មន្ត្រីរាជការ និងកងកម្លាំងជាដើម។
សមាសភាពគណៈកម្មការកែទម្រង់ការ បោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សុន ឆ័យ និងសមាជិករួមមាន លោក យឹម សុវណ្ណ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នីវណ្ណ និងលោក ហូរ វ៉ាន់។
ក្រុមការងាររបស់គណបក្សប្រជាជន កម្ពុជា ដឹកនាំដោយលោក ព្រុំ សុខា ចំណែកបេក្ខភាពគណៈកម្មការរួមមាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុនហុក និងលោកស្រី គ្រួច សំអាន។
សេចក្តីថ្លែងការណ៍បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតនៃក្រុមអង្គការសង្គមស៊ីវិលជាង ៤០ ចុះថ្ងៃទី១ ខែមីនានេះ ឲ្យដឹងថា សង្គមស៊ីវិលជំរុញឲ្យមានកំណែទម្រង់គណៈកម្មការធិការរៀបចំការបោះឆ្នោត ការចុះឈ្មោះបោះឆ្នោត បញ្ជីឈ្មោះ បោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយ យន្តការដោះស្រាយទំនាស់ការបោះឆ្នោត ការលើកស្ទួយស្ត្រី និងយុវជនតំណាងជាប់ឆ្នោតជាដើម ដែលជាផែនការអនុវត្តឲ្យបានច្បាស់លាស់នៅមុនដំណាច់ឆ្នាំ២០១៤៕
No comments:
Post a Comment
yes