មន្ដ្រីគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ប្រតិកម្មចំពោះអាជ្ញាធរក្រុងសៀមរាប ដែលឲ្យគណបក្សប្រឆាំងមួយនេះ រុះរើស្លាកគណបក្សពីរកន្លែង ក្រោមហេតុផល ប៉ះពាល់សណ្ដាប់ធ្នាប់ ក្រុងទេសចរណ៍។
អាជ្ញាធរ ក្រុងសៀមរាប កាលពីថ្ងៃទី១១ ខែមេសា ស្នើឲ្យគណបក្សប្រឆាំង ដកស្លាកគណបក្សចំនួនពីរ ស្ថិតនៅចុងស្ពានព្រះរាជដំណាក់ ក្នុងសង្កាត់ស្លក្រាម និងក្បែររង្វង់មូលផ្សារចាស់ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដើម្បីរៀបចំសណ្ដាប់សាធារណៈ ក្នុងពិធីចូលឆ្នាំថ្មី។
ប្រធានក្រុមការងារ ខេត្តសៀមរាប និងជាបេក្ខជនជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ មានប្រសាសន៍ថា ស្លាកគណបក្សសង្គ្រោះជាតិ ដែលដាក់នៅតាមទីសាធារណៈ អាជ្ញាធរខេត្ដនេះ តែងរកហេតុផល ប៉ះពាល់សណ្ដាប់ធ្នាប់ និងសោភ័ណ្ឌភាពក្រុង ប៉ុន្ដែសម្រាប់ស្លាកគណបក្សកាន់អំណាច ដាក់បង្ហាញគ្រប់ទីកន្លែង ហើយអាជ្ញាធរមិនហ៊ានប៉ះពាល់ឡើយ។ លោកស្រីបន្ថែមថា នេះជាការរើសអើងនយោបាយ។
លោកស្រីប្រកាន់ជំហរថា លោកស្រីនឹងមិនរុះរើស្លាកតាមលិខិតជូនដំណឹង របស់អាជ្ញាធរក្រុងនេះទេ «ខ្ញុំនឹងមិនធ្វើការរុះរើទេ ដរាបណាផ្លាករបស់គណបក្សប្រជាជន នៅលើទីសាធារណៈដូចគ្នា បើចង់ឲ្យខ្ញុំរុះរើ ទាល់តែឲ្យខ្ញុំយកទៅដាក់ទន្ទឹមគ្នាជាមួយគណបក្សប្រជាជន កន្លែងណាដែលគណបក្សប្រជាជន លើកបាន ខ្ញុំក៏មានសិទ្ធិលើកបានដែរ ចង់ឲ្យខ្ញុំដក ត្រូវតែមានការឯកភាពគ្នាទាំងអស់ ត្រូវដកទាំងអស់តែម្តងទៅ ហើយបើដាក់វិញ គឺដាក់ទាំងអស់ដែរ។ បើហ៊ានតែដាក់គឺដាក់ទាំងអស់ ពីព្រោះច្បាប់បោះឆ្នោតគណបក្ស ម៉េចហៅថាគណបក្ស? គណបក្សមានសិទ្ធិលើកផ្លាករបស់គណបក្សខ្លួន នៅលើដីធ្លីសាធារណៈទាំងអស់គ្នា ប្រសិនជាអ្នកណាលើកបាន គណបក្សផ្សេងទៀត ក៏លើកបាន»។
VOD មិនអាចទាក់ទងអភិបាលក្រុងសៀមរាប លោក ទេព ប៊ុនឆាយ ដើម្បីសុំការបំភ្លឺជុំវិញករណីនេះ បាននៅឡើយទេ។ ក៏ប៉ុន្ដែលិខិតជូនដំណឹងចុះថ្ងៃទី១១ខែមេសា ឆ្នាំ២០១៤ ដែលចុះហត្ថលេខា ដោយអភិបាលក្រុងសៀមរាប លោក ទេព ប៊ុនឆាយ បង្ហាញថា ស្លាកគណបក្សទាំងពីរកន្លែងនេះ បានប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈក្នុងការរៀបចំព្រឹត្ដិការណ៍អង្គរសង្ក្រាន អបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី និងដើម្បីលើកតម្កើងវប្បធម៌ប្រពៃពីខ្មែរឲ្យកាន់តែល្បីល្បាញ។ លិខិតដដែលបញ្ជាក់ថា ស្លាកគណបក្សផ្សេងទៀតដែលប៉ះពាល់ដែរនោះ អាជ្ញាធរក្រុង បានរុះរើរួចរាល់ហើយ។
នាយកប្រតិបត្ដិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា អាជ្ញាធរនៅតាមមូលដ្ឋាន ជាសមាជិកគណបក្សប្រជាជនកម្ពុជា ហើយភាគច្រើនតែងមានភាពលម្អៀងផ្នែកនយោបាយ ទៅលើគណបក្សកាន់អំណាច ដែលផ្ទុយពីគោលការណ៍ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាល។ លោកជំរុញឲ្យក្រសួងមហាផ្ទៃ ចេញគោលការណ៍ឲ្យបានច្បាស់លាស់ ដើម្បីឲ្យគណបក្សនយោបាយមានសិទ្ធិស្មើគ្នា ក្នុងការដាក់ស្លាកគណបក្សនីមួយៗ នៅតាមទីសាធារណៈ «គេត្រូវធ្វើគោលនយោបាយមួយឲ្យច្បាស់លាស់ ត្រូវធ្វើគោលការណ៍មួយឲ្យ ច្បាស់លាស់ ហើយយើងត្រូវបា្រប់ថាកន្លែងណាទីធ្លាសាធារណៈ ដែលគណបក្សទាំងអស់ត្រូវដាក់ នៅកន្លែង នោះទាំងអស់គ្នា មិនមែនថា គណបក្សមួយដាក់បាន គណបក្សមួយដាក់មិនបាន ហើយប្រាប់ពីទំហំ ទំហំ ដាក់ផ្លាកហ្នឹងក្តី ឬក៏ការបិទផ្សាយ ព័ត៌មានពីគណបក្សនយោបាយ គឺយកគោលការណ៍សមធម៌ សមាមាត្រ ក៏បាន យកគោលការណ៍ស្មើភាពគ្នាក៏បាន ហើយគេរៀបចំទីធ្លាសាធារណៈហ្នឹង មិនមែនឲ្យគណ បក្សមួយ លើក ផ្លាកនោះធំប៉ុនណាណី នៅតាមដងផ្លូវ រួចគណបក្សផ្សេងទៀតមិនអាចធ្វើអ្វីបាន យកលេសថា នេះរឿង ឯកជន យកលុយ គេអត់មានធ្វើអ៊ីចឹងទេ»។
បើតាមមន្ដ្រីគណបក្សប្រឆាំង ឲ្យដឹងថា នៅតាមដងផ្លូវសាធារណៈ លើបង្គោលភ្លើងរបស់រដ្ឋ និងនៅលើបង្គោលផ្ទាំងប៉ាណូធំៗ ដែលសម្រាប់រកចំណូលថវិកាជាតិ ត្រូវបានដាក់តាំងស្លាកគណបក្សប្រជាជនកម្ពុជា ស្ទើរពេញក្រុងសៀមរាប។ ប៉ុន្ដែសម្រាប់ស្លាកគណបក្សសង្គ្រោះជាតិខ្នាតតូចៗ នៅកន្លែងសាធារណៈ មួយចំនួន អាជ្ញាធរតែងលើកហេតុផលប៉ះពាល់សណ្ដាប់សាធារណៈ៕
No comments:
Post a Comment
yes