អង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness ចាត់ថា្នក់កម្ពុជា លេខ៩ ក្នុងចំណោម ៣៥ប្រទេស លើពិភពលោក ដែលមានករណីឃាតកម្មលើសកម្មជនការពារសិទ្ធិបរិស្ថាន និងដីធ្លីច្រើនជាងគេ។
របាយការណ៍សិក្សារបស់ Global Witness ចេញផ្សាយថ្ងៃទី១៥ ខែមេសា ឲ្យដឹងថា មនុស្សប្រមាណជាង ៩០០នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសចំនួន៣៥ លើពិភពលោក ក្នុងចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ដោយសារពួកគេ បានចូលរួមសកម្មភាពការពារបរិស្ថាន និងដីធ្លី ហើយតួលេខនេះ បានកើនឡើង៣ដង គឺពី ៥១នាក់ ក្នុងឆ្នាំ២០០២ ដល់ ១៤៧នាក់ក្នុងឆ្នាំ២០១២។
ក្នុងរបាយការណ៍នេះ ប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់លេខ ៩ ក្នុងចំណោម ៣៥ប្រទេស ដែលមានសកម្មជនការពារបរិស្ថាន និងដីធ្លី រងការសម្លាប់ច្រើន ដោយគិតចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៣ មានចំនួនសរុប ១៣នាក់។ របាយការណ៍ដដែល លើកឡើងថា កាលពីឆ្នាំ២០១២ ក្មេងស្រីអាយុ ១៤ឆ្នាំ ឈ្មោះ ហេង ចន្ថា រស់នៅក្នុងខេត្តក្រចេះ ត្រូវបានអាជ្ញាធរបាញ់ស្លាប់ ក្នុងគ្រារងការបណ្តេញចេញពីដីធ្លីទាំងបង្ខំ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់ចាប់បានជនដៃដល់យកទៅផ្តន្ទាទោសនៅឡើយ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល លោក ជាម យៀប មានសុទិដ្ឋិនិយមចំពោះរបាយការណ៍នេះ ដោយអះអាងថា រដ្ឋាភិបាលកម្ពុជា គឺមិនបានព្រងើយកន្តើយចំពោះករណីទាំងនេះឡើយ។ លោកថា អាជ្ញាធរ បានកំពុងស៊ើបអង្កេតលើបញ្ហាទាំងនេះ និងដោះស្រាយបណ្តើរៗហើយ។ តែទោះយ៉ាងណា លោក ជំរុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាអង្គការសិទ្ធិមនុស្ស ជៀសវាងការដាក់បន្ទុកលើរដ្ឋាភិបាលខុសពីការពិត។
មន្ត្រីស៊ើបអង្កេត និងជាសកម្មជនសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ចាន់ សុវ៉េត យល់ថា របាយការណ៍នេះ បង្ហាញពីការព្រួយបារម្ភរបស់អ្នកការពារសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងនិទណ្ឌភាព ដែលមិនត្រូវបានបញ្ចប់ ហើយនាំឲ្យកម្ពុជា ឈានទៅរករបបផ្តាច់ការ។ លោក ទទូចឲ្យរដ្ឋាភិបាល គប្បីពិចារណាលើរបាយការណ៍រិះគន់នេះ ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត យល់ថា បញ្ហាគំរាមកំហែងលើសកម្មជនសិទ្ធិដីធ្លី និងបរិស្ថាន ក៏ដូចជាសិទ្ធិការងារនៅកម្ពុជាភាគច្រើន រងការគំរាមកំហែង និងបណ្តឹងពីអាជ្ញាធរ ដែលនាំឲ្យការអនុវត្តសកម្មភាពការពារសិទ្ធិរបស់ខ្លួន មិនបានពេញលេញ។
ស្ថាប័នអន្តរជាតិផ្នែកការពារបរិស្ថានធនធានធម្មជាតិ និងការពារសិទ្ធិមនុស្ស Global witness ក៏បានរកឃើញដែរថា កត្តាសំខាន់ៗដែលបង្កជម្លោះ ហើយឈានដល់ការសម្លាប់សកម្មជនការពារបរិស្ថាន និងដីធ្លី រួមមាន ការរឹបអូសយកដីខុសច្បាប់ ការបែងចែកដីដោយអយុត្តិធម៌ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ការដកហូតដីសម្រាប់បម្រើវិស័យឧស្សាហកម្ម និងរុករករ៉ែជាដើម៕
No comments:
Post a Comment
yes